ខេត្តកំពត-កែប ៖ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់នូវចំណីអាហារដូចជាគ្រឿងកំប៉ុង សរសៃគុយទាវ គ្រឿងងៀត និងជាគ្រឿងសមុទ្រស្រស់ ផងដែរដូចជា មឹកស្រស់ បង្គារស្រស់ ជាដើមដើម្បីយកមកធ្វើតេស្តពិនិត្យ និងស្រាវជ្រាវរកសាធាតុគីមីដែលច្បាប់ហាមឃាត់ហើយត្រូវក្រុមឈ្មួញដាក់នៅក្នុងចំណីអាហារទាំងនោះ ។
កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ មន្ត្រីកាំកុងត្រូលសាខាកំពត-កែបដឹកនាំដោយលោក ពា សារី អនុប្រធានកាំកុងត្រូលសាខាកំពត-កែបបានដឹកនាំក្រុមការងារមន្ត្រីកាំកុងត្រូលដោយមានការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តកំពតផងដែរ បានចុះពិនិត្យគ្រឿងចំណីអាហារដែលដាក់តាំងលក់នៅក្នុងផ្សារសាមគ្គីទីរួមខេត្តកំពត ដើម្បីពិនិត្យនូវទំនិញខូចគុណភាពផង ធ្វើតេស្តគ្រឿងងៀត មឹកស្រស់ បង្គាស្រស់ផង ដើម្បីស្រាវជ្រាវរកសារធាតុគីមី ដែលដាក់ក្នុងចំណីអាហារទាំងនោះជាហេតុធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់នៅពេលទទួលទានម្ហូបអាហារទាំងនោះ ។
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នេះដែរសាខាកាំកុងត្រូលខេត្តកំពត-កែបបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មកែប និងប៉ូលីសផ្សារក្តាមចុះត្រួតពិនិត្យទំនិញ និងធ្វើតេស្តរកសារធាតុគីមីដែលច្បាប់ហាមឃាត់ មឹក បង្គារ បបែល តែពុំឃើញមានសារធាតុគីមីទេ និងដកហូតបានទឹកក្រូចមួយចំនួន មីកញ្ចប់ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ។
ក្នុងការចុះត្រួតពិនិត្យចំណីអាហារទាំងពីរថ្ងៃក្នុងខេត្តទាំងពីរខាងលើមន្ត្រីសាខាកាំកុងត្រូលបានធ្វើតេស្តបន្លែ ផ្លែឈើ សរសៃគុយទាវ មឹក ក្រៀម មឹកស្រស់ បង្គាក្រៀម បង្គាស្រស់ បបែលក្រៀមមូល វែង ហើយក្នុងនោះយើងរកឃើញទំនិញដែលផ្ទុកសារធាតុគីមី(BORAX)នៅក្នុងបបែលងៀតវែងចំនួន9,5 គីឡូក្រាម បានធ្វើកំណត់ហេតុដកហូតដើម្បីយកទៅធ្វើពិធីដុតកំទេចចោលនៅចុងឆ្នាំ ។
ជាមួយនឹងការដកហូតទំនិញជាចំណីអាហារមានផ្ទុកសារធាតុគីមីដែលច្បាប់បានហាមឃាត់នេះផងដែរ លោកពា សារី មន្ត្រីសាខាកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់បងប្អូនអាជីវករដែលលក់គ្រឿងចំណីអាហារដែលផ្ទុកសារធាតុគីមីទាំងអស់ឲ្យឈប់ទទួលពីឈ្មួញនាំចូលដោយខ្វះការត្រួតពិនិត្យហើយយកមកដាក់តាំងលក់ជូនបងប្អូនអ្នកប្រើប្រាស់បន្តទៅទៀតដោយលោកបានបញ្ជាក់ថា បើនៅមានជាលើកទី២ លោកនឹងធ្វើសំណុំបែបបទបញ្ជូនទៅតុលាការដើម្បីអនុវត្តទៅតាមច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ