ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយមើល…! តើ​ជាផ្ទះ​បណ្តែតទឹកឬមួយ​សុទ្ធ​តែ​បែត្រី?

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សាធារណ​មតិ​មួយ​ចំនួនបាន​លើក​ឡើង​ថា ផ្ទះ​បណ្តែត​ទឹក​នៅ​ចំណុច​ចុង​កោះ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​មាន​រាប់រយ​ខ្នងលើ​ផ្ទៃ​ទឹកពេញ​ខាប់​ដដែល​ ធ្វើ​ឲ្យ​មានការ​រិះគន់​ដល់​អាជ្ញាធរ​ថា វិធានការ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​កន្លង​មក​ មិន​មាន​ប្រសិទ្ធភាព ។…

ខេត្តកំពង់ឆ្នាំង ៖ សាធារណ​មតិ​មួយ​ចំនួនបាន​លើក​ឡើង​ថា ផ្ទះ​បណ្តែត​ទឹក​នៅ​ចំណុច​ចុង​កោះ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​តែ​មាន​រាប់រយ​ខ្នងលើ​ផ្ទៃ​ទឹកពេញ​ខាប់​ដដែល​ ធ្វើ​ឲ្យ​មានការ​រិះគន់​ដល់​អាជ្ញាធរ​ថា វិធានការ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​កន្លង​មក​ មិន​មាន​ប្រសិទ្ធភាព ។

ប្រការ​ដែលគេ​ហ៊ាន​និយាយ​បែប​នេះ​ដោយសារ​តាម​ការ​ពិនិត្យ​ស្ថានភាព​នៅ​ចំណុច​ចុង​កោះ ស្ថិត​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង មាន​ផ្ទះទឹក​រាប់រយ​ខ្នង​កំពុង​បន្ត​រស់នៅ​និង​បន្ទោបង់​ចូល​ផ្ទៃ​ទឹក​នៅឡើយ ។ ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា នៅ​សល់​តែ​បែ​ត្រី​ទេ និង​គ្មាន​ការ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ​ឡើយ ។

មានការ​លើក​ឡើង​ទៀត​ថា ផ្ទះ​បណ្តែត​ទឹក រាប់រយ​ខ្នង​ដែល​កំពុង​បន្ត​រស់នៅ​យ៉ាង​អ​នា​ធិប​តេ​យ្យ​ពេញ​
ផ្ទៃ​ទឹកទន្លេ​នៅ​ចំណុច​ចុង​កោះ មិនមែន​សុទ្ធតែ​បែ​ត្រី​នោះ​ទេ តែ​ជា​ផ្ទះ​ស្នាក់​នៅ​ផង ដែរ ដែល​បង្ហាញ​ថា
បំ​លាស់​​ទី​ផ្ទះ​បណ្ដែត​ទឹក​មិន​ទាន់​ឈាន​ដល់​ការ​លុប​បំបាត់​បាន​ទាំងស្រុង​នៅឡើយ​ទេ ។ ដូច​រូបថត​ដែល​ឃើញ​នេះ​គឺសុទ្ធសឹងតែ​ផ្ទះទឹក​ដែល​ថត​បាន​កាលពី​ថ្ងៃអាទិត្យ​ទី​៧ ខែមេសា​កន្លង​ទៅ ពិតជា​មាន​ច្រើន​ស្អេក​ស្កះពិតមែន ប៉ុន្តែ​មួយ​ចំនួន​ទៀត​ក៏​ឃើញ​មាន​ឡើង​មក​នៅ​លើគោក​ខ្លះ​ហើយ​ដែរ ។

ជុំវិញ​បញ្ហា​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាល​រង​ខេត្ត មាន​ប្រសាសន៍​ថា មិន​មានផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ទឹក​នោះ​ទេ ឯ​ផ្ទះ​ដែល​យើង​ឃើញ​នោះ​សុទ្ធ​សឹង​ជា​បែ​ច​ញ្ជឹ​ម​ត្រី​ទាំងអស់ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​សមត្ថកិច្ច ដែល​មាន​តួនាទី​ស្រាវជ្រាវ​និង​ពិនិត្យ​ស្ថានភាព​ផ្ទះទឹក​នៅ​តំបន់​នោះ ។ លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ថា បែ​ត្រី​នៅ​ភូមិ​ចុង​កោះ​ដែល​យើង​ឃើញ​នោះ​មាន​ជាង​៤៨០ ហើយ​មិនមែន​ជា​ផ្ទះ​បណ្ដែត​ទឹក​ទេ ។

ជា​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត​ដែល​បាន​ប្រជុំ​ឯកភាព​គ្នា គឺ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ​នឹង​តម្រូវ​ឲ្យ​ពួក​គាត់​រុះ​ជញ្ជាំង​ចេញ​ទាំងអស់ រួម​ទាំង​បង្គន់អនាម័យ​ក៏​ត្រូវ​រើ​ចេញ​ដែរ ។ ជាមួយ​គ្នា​នេះអាជ្ញាធរ​ខេត្ត​បាន​កំណត់​ក្រោយ​ចូល​ឆ្នាំ​ថ្មី​រយៈពេល​ពី​២​ទៅ​៣​ខែ ត្រូវ​តែ​រុះរើ​ចេញ​ឲ្យ​អស់ បើ​មិនដូច្នោះ​ទេ​នឹង​មាន​វិធាន​ការ​ជា​មិន​ខាន ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បានរៀបចំ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​ទូ​ទាំងខេត្ត​ឲ្យ​ឡើង​លើគោក ក្នុង​គោលបំណង​សម្អាត​បរិស្ថាន​ក្នុង​ទឹក ដើម្បី​សោភ័ណ​ភាព​និង​ដើម្បី​សម្រួល​ចរាចរណ៍​ផ្លូវទឹក​ផង​ដែរ ។ ស្រុក​ដែល​មាន​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មាន ស្រុក​កំពង់ត្រឡាច ស្រុក​ជល​គិរី ស្រុក​កំពង់​លែង ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌ ។ ក្រោយ​ការ​រៀបចំ ឃើញ​ផ្ទះទឹក​មួយ​ចំនួន​ធំ​បាន​ឡើងគោក​ហើយ នៅ​សល់​មួយ​ចំនួន​ទៀត​បាន​លេស​មាន​បែ​ត្រី​ពីក្រោម ក៏​បន្ត​រស់នៅ​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ