ក្រសួងសុខាភិបាលព្រមានគណនីហ្វេសប៊ុកចំនួនពីរបញ្ឈប់ជាបន្ទាន់នូវការផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាថ្មីៗនេះបានចេញសេចក្តីជូនដំណឹងមួយ ហាមឃាត់គណនីហ្វេសប៊ុកចំនួនពីរ ដែលមានឈ្មោះ Na Na OnlineShop និង NaNa Brand Nrn បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាបន្ទាន់ ព្រោះគណនីខាងលើកំពុងផ្សព្វផ្សាយលក់នូវផលិតផលគ្រឿងសម្អាងដែលគ្មានច្បាប់អនុញ្ញាតិពីក្រសួងសុខាភិបាលឡើយ ។
«ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីឈ្មោះ Na Na OnlineShop និង NaNa Brand Nrn ដែលនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខាងលើនេះ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន» ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ។
សូមបញ្ជាក់ថា ការព្រមានរបស់ក្រសួងសុខាភិបាលធ្វើឡើងបន្ទាប់ពីស្ថាប័នជំនាញបានតាមដាន និងការពិនិត្យលើបណ្តាញសង្គមហ្វេសប៊ុក រៀងរាល់ថ្ងៃនេះថាមានគណនីចំនួនពីរគឺ៖ ១)- Na Na OnlineShop និងទី ២)- NaNa Brand Nrn កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនមុខ «ដែលគ្មានចុះប្រវេទន៍ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល» ឡើយ ហើយផលិតផលគ្រឿងសម្អាងទាំងអស់នោះគឺមានដូចជា៖ ១)- ឡេលាបស្បែកស NRN, ២)- White Rose Spa, ៣)- Gluta Snow Body Lotion, ៤)- ឡេបំបាត់មុន Anti-Acne NRN, និង ៥) Scrub Coffee NRN ។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានព្រមានដល់ម្ចាស់គណនីទាំង២ខាងលើថា «ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងខាងលើនេះជាបន្តទៀត ព្រមទាំងប្រមូលផលិតផលទាំងនេះមកវិញដើម្បីកំទេចចោល» ។
ជាមួយគ្នានោះផងដែរ ក្រសួងក៏បានសំណូមពរដល់មហាជនថា «ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ផលិតផលគ្រឿងសម្អាងខាងលើនេះ ត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់» ។
ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ បើសិនជាប្រទះឃើញជនណាកំពុងលក់ ចែកចាយផលិតផលគ្រឿងសម្អាងខាងលើ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ 011 574-787/ 012 983-334 ៕ ដោយសហការ




ចែករំលែកព័តមាននេះ