គ្រាន់តែសង្ស័យ… តាមរកប្រពន្ធដល់បន្ទប់ជួលផ្អើលក្នុងសង្កាត់អូរបែកក្អម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធមួយគូដែលរស់នៅមិនសូវចុះសម្រុងនឹងគ្នាបានកើតមានជម្លោះបង្កជាហិង្សាដាក់គ្នាផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ចចុះមកអន្តរាគមន៍ បន្ទាប់មកពីប្រពន្ធបានទូរស័ព្ទហៅប្តីទៅចូលរួមក្នុងកម្មវិធីបុណ្យភូមិនៅផ្ទះរបស់មិត្តភក្តិ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួលលេខ២០ ផ្លូវលំ ជាប់នឹងរបងផ្ទះចៅសម្បត្តិ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ឲ្យដឹងថា ប្តីប្រពន្ធមួយគូខាងលើបានរៀបការសាងគ្រួសារអស់រយៈពេល៤ឆ្នាំមកហើយ ដោយរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ថែមទាំងបង្កើតកូនស្រីអាយុ២ឆ្នាំម្នាក់ផងដែរ។ ក្នុងអំឡុងពេល១ឆ្នាំចុងក្រោយ ប្តីប្រពន្ធមួយគូខាងលើបែរជាកើតមានរឿងរកាំរកូស និងឈ្លោះប្រកែកគ្នាមករហូត មិនតែប៉ុណ្ណោះពួកគេទាំងពីរនាក់ថែមទាំងរស់នៅផ្សេងពីគ្នាទៀតផង។

ប្រភពដដែលបន្តថា សព្វថ្ងៃស្ត្រីជាប្រពន្ធរស់នៅផ្ទះជួលជាមួយនឹងម្តាយមីងដោយធ្វើជាកម្មការិនីរោងចក្រ ចំណែកឯបុរសជាប្តីទៅរស់នៅឯផ្ទះឪពុកម្តាយបង្កើតរបស់គេនៅឯចាក់អង្រែ ដោយប្រកបការងារមិនច្បាស់លាស់នោះទេ ដោយឡែកកូនត្រូវបាននារីជាប្រពន្ធយកទៅឲ្យម្តាយនាងមើលថែនៅឯខេត្តព្រៃវែង។ តែពួកគេនៅមិនទាន់បានលែងលះគ្នានៅឡើយទេ ដោយយូរៗបុរសជាប្តីតែងតែមកបន្ទប់ជួលប្រពន្ធ និងនិយាយលួងលោមស្ត្រីជាប្រពន្ធរហូតនាងទន់ចិត្តក៏ត្រូវរ៉ូវគ្នាវិញ តែមិនបានប៉ុន្មានក៏ចាប់ផ្ដើមឈ្លោះប្រកែកគ្នាក៏ត្រលប់ទៅរស់នៅផ្សេងគ្នាវិញទៀត។

ប្រភពដដែលបន្តថា លុះដល់ថ្ងៃកើតហេតុ ស្ត្រីជាប្រពន្ធទៅចួលរួមក្នុងកម្មវិធីបុណ្យភូមិនៅផ្ទះមិត្តភក្តិរបស់នាងដែលនៅក្បែរកន្លែងកើតហេតុខាងលើ ។ ពេលនោះស្ត្រីជាប្រពន្ធក៏ទូរស័ព្ទហៅប្តីឲ្យមកចូលរួមក្នុងកម្មវិធីជាមួយគ្នា ពួកគេទាំងពីរនាក់ក៏ចូលរួមក្នុងកម្មវិធីបុណ្យភូមិខាងលើរួមជាមួយនឹងមិត្តភក្តិរបស់ស្ត្រីជាប្រពន្ធជាច្រើននាក់ទៀត ដោយមានការផឹកស៊ីរាំរែកយ៉ាងសប្បាយផងដែរ។ រហូតផឹកស្រវឹងស្រឿងៗស្រាប់តែបុរសជាប្តីបែរជាបញ្ចេញអាកប្បកិរិយាកោងកាចដាក់គេឯងដែលផឹកស៊ីជាមួយគ្នា ខណៈនោះស្ត្រីជាប្រពន្ធក៏និយាយណែនាំប្តី ប៉ុន្តែបុរសជាប្តីនៅតែមិនស្តាប់។ បន្ទាប់មកស្ត្រីជាប្រពន្ធខឹងក៏ចាកចេញពីកម្មវិធីនោះត្រលប់ទៅបន្ទប់ជួលកើតហេតុខាងលើវិញ ទុកឲ្យបុរសជាប្តីនៅផឹកស៊ីបន្តទៀតតែម្នាក់។

ប្រភពដដែលបន្តទៀតថា លុះដល់វេលាកើតហេតុ បុរសជាប្តីបានកើតចិត្តប្រចណ្ឌខឹងនឹងប្រពន្ធដែលត្រលប់ទៅផ្ទះដោយសង្ស័យថា នាងមានអ្នកថ្មីចោលខ្លួន។ បន្ទាប់មកបុរសជាប្តីក៏ត្រលប់ទៅរកប្រពន្ធដល់បន្ទប់ជួល ស្រាប់តែកើតជាជម្លោះឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក និងប្រវាយប្រតប់គ្នាទៅវិញទៅមក បណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសពកក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍។
ក្រោយពេលកើតហេតុប្តីប្រពន្ធមួយគូខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីធ្វើការសាកសួរនាំ និងសម្របសម្រួលដោះស្រាយគ្នា៕



ចែករំលែកព័តមាននេះ