តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា គ្រូបង្វឹកក្រុម Manchester United លោក Ole Gunnar Solskjaer បានទទួលស្គាល់ថា កីឡាករជើងខ្លាំងប្រចាំក្លិប Barcelona ជនជាតិអាហ្សង់ទីន Lionel Messi គឺជាការគម្រាមកំហែងដល់ក្រុមរបស់លោកដោយនិយាយថា៖«គេអាចនឹងពិបាកយកឈ្នះ តែមិនមែនមិនអាចយកឈ្នះបានទេ»។
នៅមុនពេលការប្រកួតដណ្តើមពាន Champions League រវាង Barcelona និង Manchester United លោក Ole បានប្រាប់ថា ម្ចាស់ពាន Ballon d’Or ចំនួន៥ដង និងក្លិប Barca ទាំងមូលគឺពិតជាមិនមែនរឿងងាយស្រួលសម្រាប់ Man Utd ក្នុងការយកឈ្នះឡើយ ។

លោកប្រាប់សារព័ត៌មាន Marca ថា ៖«Messi គឺជាកីឡាករអស្ចារ្យម្នាក់ ហើយគេអាចជាប់នៅក្នុងប្រវត្តិសាស្ត្រថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករខ្លាំងផ្តាច់គេលើលោក ។ គេនឹងពិបាកឱ្យយើងយកឈ្នះណាស់ តែវាមិនមែនជារឿងមិនអាច១០០%នោះទេ ។ មិនត្រឹមតែប៉ុណ្ណោះ Barcelona នៅមានកីឡាករខ្លាំងៗផ្សេងទៀតដូចជា Suarez, Coutinho និង Vidal ជាដើម ដែលសុទ្ធតែជាកីឡាករល្អៗ» ។
លោកបានបន្តថា ៖«Lionel Messi និង Luis Suarez នឹងធ្វើឱ្យខ្សែការពាររបស់យើងបះសក់មិនខាន ។ កីឡាកររបស់យើង Paul Pogba កំពុងតែរង់ចាំចូលប្រកួតឱ្យលឿនៗ ។ គេពិតជាលេងបានល្អណាស់ ហើយខ្ញុំគឺប្រាកដណាស់នឹងដាក់គេឱ្យលេងបន្តនៅរដូវកាលក្រោយទៀត» ៕
ចែករំលែកព័តមាននេះ