ខេត្តក្រចេះ ៖ ក្រុមសមត្ថកិច្ចខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ មេសា បានបង្ក្រាបបទល្មើសជួញដូរសត្វព្រៃក្នុងនោះ សត្វព្រៃរស់មានដូចជាសត្វឥន្ទ្រីចំនួន២០ក្បាល និងសត្វសំពោច៨ក្បាល ដោយធ្វើការរំដោះចេញពីរថយន្តខណៈឈ្មួញលួចដឹកជញ្ជូន ។ ក្រុមសមត្ថកិច្ចបាននិយាយថា ពពួកសត្វព្រៃដ៏កម្រទាំងនេះ ត្រូវបានឈ្មួញលួចដឹកតាមរថយន្តកាមេរីឆ្លាម១គ្រឿង ទំនងជាដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំដែនវៀតណាម តែត្រូវបានធ្វើការស្រាវជ្រាវស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ។

ទោះជាបែបណា សកម្មភាពបង្ក្រាបឈ្មួញដឹកជញ្ជូន មិនត្រូវបានឃាត់ខ្លួនមនុស្សនោះទេ ដោយសមត្ថកិច្ចអះអាងថា អ្នកបើករថយន្តបានគេចខ្លួនបាត់ ក្រោយការតាមស្ទាក់ចាប់រថយន្តនោះបាន ។ នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោក កែវ ចំណាន បានប្រាប់ឲ្យដឹងថា សត្វព្រៃត្រូវនាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីរង់ចាំចំណាត់ការធ្វើការដោះលែង ចូលក្នុងព្រៃឱ្យមានសុវត្ថិភាពវិញ ។

មានការកត់សម្គាល់ឃើញថា បទល្មើសដឹកជញ្ជូនសត្វព្រៃ គឺនៅតែមានលួចលាក់ក្នុងរូបភាពផ្សេងៗពីក្រុមឈ្មួញដដែល ហើយក្នុងទិសដៅនាំចេញនៅប្រទេសវៀតណាមទៀតផង ។ ប្រភពបាននិយាយថា សត្វព្រៃគ្រប់ប្រភេទសព្វថ្ងៃ កំពុងតែមាននៅទីផ្សារខ្ពស់ តាមព្រំដែនជាប់ប្រទេសវៀតណាម ។ ទន្ទឹមគ្នានេះ ការលួចធ្វើអាជីវកម្មពីឈ្មួញទុច្ចរិតលើជំនួញខុសច្បាប់នេះ ក៏កំពុងតែមានសន្ទុះខ្លាំងដោយពួកគេបានប្រើគ្រប់រូបភាពមធ្យោបាយ ដើម្បីដឹកជញ្ជូន ៕






ចែករំលែកព័តមាននេះ