នេះជាថ្នាំចិនសែបង្កើនចំណង់ផ្លូវភេទ…រឹបអូសបានរាប់ម៉ឺនគ្រាប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៩ មេសា នៅសាលប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោយពីចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរទីតាំងហាងលក់ឱសថបុរាណចិន៣ទីតាំង តាមបណ្តោយវិថីហ្សាល់ដឺហ្គោល ស្ថិតក្នុងសង្កាត់អូរប្ញស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលចុងខែមីនាកន្លងមកនេះ ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះថា ក្នុងប្រតិបត្តិការនេះ ក្រុមប្រតិបត្តិការពិសេសនៃគ.ប.ផ.ក បានត្រួតពិនិត្យ និងឆែកឆេរ ហើយរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទមានជាអាទិ៍ ឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) ឱសថមិនបានចុះបញ្ញីការ គ្មានលិខិតអនុញ្ញាតឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងឱសថច្រើនប្រភេទទៀតដែលច្បាប់ហាមឃាត់ ។

ហាងលក់ឱសថបុរាណចិនដែលសមត្ថកិច្ចចុះបង្ក្រាបមាន៖ ទីតាំងទី១-ផ្ទះលេខ១០៦ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ អៀក ងួន លក់ឱសថបុរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការចំនួន៦០ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប) ៩មុខ៖ Ye Lang then, ថ្នាំលេខ៦៩, Black Gorilla, 2800Mg, Zegara ពណ៌បៃតង និងពណ៌ផ្ទៃមេឃ, Max Man, ថ្នាំគ្រាប់ពណ៌លឿងគ្មានឈ្មោះ, Jinmaoshiwang និង The First Classic excited medicine សរុប២,៥៤៨ប្រអប់ ។

ទីតាំងទី២-ផ្ទះលេខ១០២ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោឱសថបុរាណសញ្ញាទេវតា សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការចំនួន២០៧ប្រភេទ សរុប ៣៣២៧ប្រអប់ ។

ទីតាំងទី៣-ផ្ទះលេខ១០៤ ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោហាងឡេងជី ឱសថបុរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន(សម័យ)គ្មានចុះបញ្ជីការចំនួន១៨៧ប្រភេទ និងឱសថជំនួយផ្លូវភេទ (ថ្នាំសម្រើប)១មុខ ដែលក្រសួងសុខាភិបាលហាមឃាត់សរុប១.៤៦៥ប្រអប់ ។ សរុបទាំង៣ទីតាំង សមត្ថកិច្ចចម្រុះរបស់ គ.ប.ផ.ក រឹបអូសបានឱសថបុរាណចិន(សម័យ) គ្មានចុះបញ្ជីការចំនួន៤៥៤ប្រភេទ សរុប៧.៣២១ប្រអប់ ។

ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ចដោយមានការឯកភាពពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យផ្អាកអាជីវកម្មទាំង៣ទីតាំងជាបណ្តោះអាសន្ន ហើយសមត្ថកិច្ចកំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

















ចែករំលែកព័តមាននេះ