ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​គ្រោង​កែប្រែ​ភ្នំ​គូ​លែង​ឱ្យទៅ​ជា​តំបន់​ធម្មជាតិ​ទាក់ទាញ​ថ្មី

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ សុខា​សៀមរាប លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍…

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ សុខា​សៀមរាប លោក ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មាន​គម្រោង​ជំរុញ​ការ​រៀបចំ​តំបន់​ភ្នំ​គូលែន​ទៅ​ជា «​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​» រួម​ទាំង «​ទេសចរណ៍​ផ្សង​បែប​ផ្សងព្រេង​» ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​នៅ​ខេត្តសៀមរាប​-​អង្គរ ដើម្បី​បំពេញតម្រូវការ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ និង​ដើម្បី​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែល​តែងតែ​ជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​បន្ថែម ។

តំបន់​ភ្នំ​គូលែន នៃ​ខេត្តសៀមរាប​មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​រួច​ទៅ​ហើយ ហើយ​ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​មានការ​រៀបចំ​ទៅ​តាម​ស្ដង់ដា​ជាតិ និង​អន្តរជាតិ​នៅឡើយ ។ នៅ​ទីនោះ​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ​ក្រំ​ថ្ម​បែប​ធម្មជាតិ មាន​ប្រាង្គ​ប្រាសាទ ចម្លាក់​សិលា និង​បុរាណ​ដ្ឋា​ន​ដ៏​ច្រើន មាន​ស្ទឹង​ប្រវត្តិសាស្ត្រ មាន​ពយ​ភ្នំ​ដែល​កើតឡើង​ពី​ធម្មជាតិ ទេសភាព​នៅ​លើ​គិរី​បុព្វ​តា​ក៏​រឹតតែ​ស្រស់​ត្រកាល ថែម​ទាំង​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ និង​ទីប្រជុំជន​សៀមរាប​ប៉ុន្មាន​ឡើយ ។

ហេតុនេះ​ហើយ​បានជា​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង ទេសចរណ៍​ជា​សេនាធិការ​មាន​បំណង​ចង់​ប្រែក្លាយ​តំបន់​ប្រវត្តិ សាស្ត្រ​មួយ​នេះ ទៅ​ជា​ផលិត ផល​ទេសចរណ៍​ថ្មី​មួយទៀត ពិសេស​គឺ​ចង់​រៀបចំ​បន្ថែម​ឱ្យ​មាន​ប្រភេទ​ទេស ចរណ៍​ផ្សេង​ទៀត​ដូច​ជា​ដំណើរ​ទេសចរណ៍​បែប​ផ្សងព្រេង ដូច​នៅ​តំបន់​ភ្នំ​ឱ​រ៉ា​ល់ សហគមន៍​ទេសចរណ៍​អា​រ៉ែ​ង ភ្នំ​បូកគោ​ជាដើម ។

ក្នុង​កិច្ច​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ខាងលើ​នេះ​លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន​ឱ្យ​«​គណៈកម្មការ​អន្តរ ក្រសួង​ដើម្បី​សិក្សា​រៀបចំ ផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​» រួម​គ្នា​អនុវត្ត​ឱ្យ​បាន ក្នុង​នោះ​លោក​បាន​ជំរុញ​ឱ្យ​ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួង​ពាក់ព័ន្ធ រដ្ឋបាល​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ទៀត រួម​គ្នា​ជំរុញ​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ថ្មី​នៅ​លើ​ភ្នំ​គូលែន​នេះ ឱ្យ​បាន​សម្រេច​ជោគជ័យ​ឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ