មុខអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ លោកលឺ ឡាយស្រេង ថ្លែងត្រេកអរថា…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ។ ការវិលចូលប្រទេសកំណើតវិញរបស់លោក លឺ ឡាយស្រេង គឺបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យលោកចូលប្រទេសវិញ ដោយគ្មានការចាប់
ខ្លួន ។ លោក លឺ ឡាយស្រេង បានមកដល់ទឹកដីកំណើតវិញជាលើកដំបូង បន្ទាប់ពីនិរទសខ្លួនទៅនៅសហរដ្ឋអាមេរិក ក្រោយពីមានបណ្តឹងពីមេធាវីសម្តេចតេជោ និងមេធាវីតំណាងគណបក្សហ្វុ៊នស៊ិនប៉ិច
ក្នុងករណីប្រមាថព្រះមហាក្សត្រ និងមាក់ងាយគណបក្សហ្វុ៊នស៊ិនប៉ិច ។

នៅពេលមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា លោកលឺ ឡាយស្រេង បានថ្លែងដោយការត្រេកអរថា «លោកមិននឹកស្មានថាបានវិលត្រឡប់មកស្រុកកំណើតវិញទេ គឺពិតជាសប្បាយជាខ្លាំង ដោយបានមកចូលរួមបុណ្យចូលឆ្នាំថ្មីជាមួយជនរួមជាតិទូទាំងប្រទេស ។ លោកបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តដែលបានចូលមកស្រុកខ្មែរវិញ ដោយបានមកទាន់ចូលឆ្នាំ ។ ចូលឆ្នាំថ្មីនេះ ជូនព្រះពរដល់ហ្លូងម៉ែ ព្រះករុណា ព្រមទាំងសាច់សាលោហិតញាតិវង្សទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ។ សូមជូនពរសម្តេច ដែលបានឲ្យចូលមកវិញ ។ ជូនពរសម្តេចនិងក្រុមគ្រួសារ ឲ្យបានតែជួបសេចក្តីសុខ និងសេចក្តីសប្បាយ» ។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង បានទៅរស់នៅសហរដ្ឋអាមេរិក ក្រោយពីជាប់ចោទពីបទប្រមាថព្រះមហាក្សត្រកម្ពុជា ។ កាលពីខែតុលា ឆ្នាំ២០១៧ លោក លឺ ឡាយស្រេង និងលោកស្រី គី លំអង អតីតមន្ត្រីហ្វុ៊នស៊ិនប៉ិច បានសន្ទនាគ្នាតាមទូរស័ព្ទ ដោយលើកឡើងថា ប្រសិនបើព្រះមហាក្សត្រទ្រង់មិនអាចអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនេះបានទេ ទ្រង់គួរដាក់រាជ្យវិញទៅ ។ ការសន្ទនាជាង៤នាទីនោះ លោក លឺ ឡាយស្រេង ក៏បានរិះគន់សម្ដេចក្រុមព្រះ ប្រធានគណបក្សហ្វុ៊នស៊ិនប៉ិចថា ជាអ្នកនយោបាយដែលអង្គុយចាំទទួលយកតែផលដោយមិនចេះអៀន ខ្មាស និងធ្វើឲ្យបាត់ព្រះកិត្តិនាមព្រះរាជវង្សានុវង្ស
ប៉ុន្តែក្រោយពីបែកធ្លាយសារសន្ទនានេះ ក៏មានការដាក់ពាក្យបណ្តឹងពីក្រុមមេធាវីសម្តេចតេជោ និងគណបក្សហ្វុ៊នស៊ិនប៉ិច ។ ក្រោយមក ទាំងលោកព្រឹទ្ធាចារ្យ និងលោកស្រី គី លំអង ក៏បានសុំទោសជាសាធារណៈដែរ ។ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោក លឺ ឡាយស្រេង ចូលស្រុកវិញបាន
ដោយមិនចាំបាច់ធ្វើជាលិខិតស្នើសុំអ្វីនោះទេ ។ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ តាមរយៈការឡាយ
វីដេអូប្រហែល៦នាទី លោក លឺ ឡាយស្រេង បានស្នើសុំសម្តេចតេជោត្រឡប់មកស្រុកកំណើតវិញ ។
តាមរយៈវីដេអូនោះដែរ លោកបានរៀបរាប់ពីទុក្ខលំបាកនៅស្រុកគេដែលរស់នៅដោយគ្មានសាច់ញាតិ រស់នៅផ្ទះជួលក្នុង១ខែ២០០ដុល្លារ ។ ជាពិសេស លោកនិយាយថា ចុងបញ្ចប់នៃជីវិតរបស់លោក គឺចង់ស្លាប់នៅលើទឹកដីកំណើតខ្លួនឯង ៕

ចែករំលែកព័តមាននេះ