រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកាមរីមួយគ្រឿងដឹកប្រពន្ធ និងកូនទៅឡើងផ្ទះមិត្តភក្ដិ ស្រាប់តែរថយន្តឆ្លងចរន្តឆេះតាមផ្លូវត្រូវបានគេជួយពន្លត់ទាន់ភ្លាមៗផងដែរបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ដែលស្ថិតនៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តដែលឆ្លងចរន្តឆាបឆេះតាមផ្លូវម៉ាកកាមរី សេរីចាស់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2B- 4613 បើកក្នុងទិសដៅពីត្បូងទៅជើង ។ តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់រថយន្តបាននិយាយថា មុនពេលកើតហេតុរូបគាត់ប្រពន្ធ និងកូនប្រុសម្នាក់សរុបទាំងអស់៣នាក់បានជិះរថយន្តខាងលើគោលបំណងទៅឡើងផ្ទះមិត្តភក្តិនៅសង្កាត់ត្រពាំងក្រសាំង ខណៈពេលបើកមកដល់ចំណុចកើតហេតុបានវង្វេងផ្លូវបានជិះហួសផ្លូវបត់បានជាង២០០ម៉ែត្រ ស្រាប់តែរថយន្តបានឆ្លងចរន្តឆាបឆេះតែម្តង ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលឆាបឆេះភ្លាមៗរថយន្តរបស់គាត់ត្រូវបានអ្នកបើកបររថយន្តហ្គារ៉ាសសាំងតេឡាដែលចតឈប់នៅតាមផ្លូវបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយពន្លត់ទាន់ពេលផងដែរ មិនបណ្ដាលឲ្យឆេះទាំងស្រុងនោះឡើយ ចំណែកក្រុមគ្រួសាររបស់គាត់ក៏មិនមានបញ្ហានោះដែរបានចុះពីលើរថយន្តទាន់ពេលវេលាផងដែរ ។
ក្រោយពេលកើតហេតុរថយន្តរងគ្រោះខាងលើត្រូវបានម្ចាស់ហៅរថយន្តអូសយកទៅការាស់ ដើម្បីធ្វើការជួសជុលផងដែរ ។ បើតាមសម្តីរបស់ម្ចាស់រថយន្តបានបង្ហើបឲ្យដឹងថា គាត់ គឺជាងជួសជុលរថយន្ត ហើយរថយន្តរបស់គាត់កែច្នៃចាក់ហ្គាសផងដែរ ខណៈពេលកំពុងតែបើកបររថយន្តឆ្លងចរន្តភ្លើង ទើបបណ្តាលឲ្យឆាបឆេះបែបនេះ ៕
ចែករំលែកព័តមាននេះ