ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​សមត្ថកិច្ច​ប្រមូល​ក្មេង​ទំនើង​យក​ទៅ​ដុសក្អែល​មុន​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ

7 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​តាម​ស្ទាក់​ចាប់​ក្រុម​ក្មេង​ទំនើង​បាន​ជាង​១០​នាក់​ជាមួយនឹង​ម៉ូតូ​ជាង​១០​គ្រឿង​ដែល​ជិះ​ម៉ូតូ​បំពាក់​បំពង់​ស៊ី​ម៉ាំង​កែ​ឆ្នៃ​បំពង​សំឡេង​លាន់​កក្រើក បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​បាត់ដំបង​យក​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ដុសក្អែល​ឲ្យ​ជ្រះ​ចង្រៃ មុន​ពេល​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ។

លោក​ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដែល​ទ​ទូល​បទបញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត​ឲ្យ​បំពេញការងារ​នេះ​បាន​និយាយ​ថា ដោយសារ​តែ​មួយ​រយៈ​កន្លង​ទៅ​នេះ ក្រុម​ក្មេង​ទំនើង​ហាក់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ជាមួយនឹង​ការ​ជិះ​ម៉ូតូ​បំពង​សំឡេង​លាន់​កក្រើក​ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​តាម​ក្របួច​ក្រុម​ក្មេង​ទំនើង​នេះ​យក​មក​អប់រំ ។

លោកនាយ​ការិយាល័យ​រូប​នេះ​បាន​ប្រាប់​ថា រយៈពេល​២​ថ្ងៃមុន​នេះ​កម្លាំង​របស់​លោក​បាន​តាម​ស្ទាក់​ចាប់​ក្រុម​ជិះ​ម៉ូតូ​បំពង​សំឡេង​នេះ​បាន​ចំនួន​១៦​នាក់ ដកហូត​ម៉ូតូ​ដែល​បាន​កែ​ច្នៃ​ស៊ី​ម៉ាំង​បំពង​សំឡេង​បាន​ចំនួន​១៦​គ្រឿង ហើយ​នៅ​ថ្ងៃ​ទី​០៨ មេ​សា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ និង​ដោះ​ចេញ​នូវ​ឧបករណ៍​កែ​ច្នៃ​ដែល​បំពាក់​លើ​ម៉ូតូ និង​ធ្វើការ​អប់រំ​ដល់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​មុន​ពេល​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ភាគច្រើន​បំពាក់​ស៊ី​ម៉ាំង​កែ​ច្នៃ​បំពង​សំឡេង​លាន់​កងរំពង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេល​ជិះ​ចូល​ទីប្រជុំជន​នៅ​ក្នុង​ក្រុង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ។ ប៉ុន្តែ​យ៉ាងណា​ក្រោយ​ពី​ធ្វើការ​អប់រំ​លោកស្នងការ​បាន​បញ្ជា​ឲ្យ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ដោះ​ស៊ី​ម៉ាំង​បំពង​សំឡេង​ចេញពី​ម៉ូតូ​រួច​ប្រគល់​ឲ្យ​ពួក​គេ តែ​បាន​ព្រមាន​ដល់​ពួក​គេ​ឲ្យ​ប​ញ្ឍ​ប់​សកម្មភាព​ទំនើង​បែប​នេះ​ជៀសវាង​កុំ​ឲ្យ​មានការ​ប្រឈម​នឹង​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​នៅ​ថ្ងៃក្រោយ ៕