អំពាវនាវឱ្យប្រុងប្រយ័ត្នចំណីថ្ងៃចូលឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ មានអ្នកពុលចំណី អាហារចំនួន២៤៦នាក់ និងបណ្តាលឲ្យស្លាប់ចំនួន២នាក់ ។ ចំពោះការពុលចំណីអាហារនេះ ក្រសួងសុខាភិ បាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាពពុលចំណី អាហារ និងពុលស្រា ដែលអាចកើតមានក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ។
ក្រសួងសុខាភិបាល ជាថ្មីម្ដងទៀតបានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការបង្ការជំងឺ និងបញ្ហាសុខភាពក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិ ពោលគឺថ្ងៃទី១៤ ទី១៥ និង១៦ ខែមេសា ខាងមុខនេះ ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា កន្លងមក ក្រសួងធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនទាំងអស់ ក្នុងការបង្ការករណីពុលអាហារ និងករណីពុលស្រាជាច្រើនលើកហើយ ក៏ប៉ុន្តែក្រសួងសុខាភិបាលបានសង្កេតឃើញថា មានករណីពុលអាហារ និងករណីពុលស្រា នៅតែបន្តកើតឡើងនៅតាមសហគមន៍នៃបណ្តាខេត្តមួយចំនួន ។
ជាក់ស្ដែង នៅក្នុងអំឡុងឆ្នាំ២០១៨កន្លងមកនេះ មានករណីពុលចំណីអាហារសរុបចំនួន១៩លើក មានអ្នកពុលសរុបចំនួន៨៥២នាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ និងពុលស្រាចំនួន៥លើក ដោយមានអ្នកពុលស្រា២០៦នាក់ ក្នុងនោះស្លាប់១២នាក់ ។
ជាងនេះទៅទៀត នៅក្នុងអំឡុងឆ្នាំ២០១៩ ត្រឹមខែមីនា មានករណីពុលចំណីអាហារសរុបចំនួន៦លើក ដោយមានអ្នកពុលសរុបចំនួន២៤៦នាក់ ក្នុងនោះស្លាប់២នាក់» ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានធ្វើការក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហា សុខភាព ដែលអាចកើតមានក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលស្របគ្នាជាមួយនឹង
អាកាសធាតុនៅកម្ពុជាមានការកើនកម្ដៅខ្លាំង ។
ជាពិសេស ការបរិភោគចំណីអាហារនិងភេសជ្ជៈការរៀបចំអាហារ និងការទុកដាក់មិនត្រឹមត្រូវដើម្បីចៀសផុតពីបញ្ហាឈឺពោះរាករូស ដែលបណ្តាលមកពីការបរិភោគចំណីអាហារមិនមានអនាម័យ អាហារជូរផ្អូម ឬពុលស្រា បណ្តាលមកពីការទិញស្រាមកពីផ្សារតែជាស្រាបានផលិតឬបានបិតដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវជាដើម ។
លោករដ្ឋមន្ត្រីបន្តថា បន្ថែមលើនេះ ក្រសួងសូមលើកទឹកចិត្តគ្រប់គ្នាឲ្យចូលរួមអនុវត្តវិធានការប្រុងប្រយ័ត្ន រួមទាំងការការពារផ្ទាល់និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីចៀសផុតពីបញ្ហាទាំងនេះ ជាពិសេសលើការពុលចំណីអាហារដូចជា ការប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច អាហារត្រូវគ្របជានិច្ច ដើម្បីជៀសវាងរុយរោម ពិនិត្យចំណីអាហារដែលអាចនឹងជូរផ្អូម…។
លោករដ្ឋមន្ត្រីបានលើកឡើងថា បើមានបញ្ហានៃការពុលអាហារ ឬមានរោគសញ្ញានៃការពុលស្រាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ពិបាកដកដង្ហើម សូមស្វែង រកការពិនិត្យនិងព្យាបាលជាបន្ទាន់នៅមណ្ឌលសុខភាព ឬទៅមន្ទីរពេទ្យដែលនៅជិត ផ្ទះរបស់លោកអ្នក ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលសូមណែនាំចំពោះមនុស្សពេញវ័យទាំងអស់ សូមកុំពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ឬក្នុងពេលបញ្ជាគ្រឿងម៉ាស៊ីន ។ សូមបើកបរដោយមានការប្រុងប្រយ័ត្ន ពាក់ខ្សែក្រវាត់ជាប់ជានិច្ចក្នុងពេលបើកបរ កុំបើកបរលឿនពេក និងប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាបញ្ចៀសឲ្យបាននូវគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវសាធារណៈដោយសារតែការធ្វេសប្រហែស បើកបរលឿន
ពេក និងមិនគោរពច្បាប់បើកបរជាដើម ។
ក្រសួងក៏លើកទឹកចិត្តឲ្យសាធារណជនទូទៅអនុវត្តតាមដំបូន្មាន ដើម្បីការពារអ្នកនិងក្រុមគ្រួសារអ្នក និងសូមជូនពរលោកអ្នកទាំងអស់មានសុខភាពល្អ សប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕

ចែករំលែកព័តមាននេះ