ខេត្តស្វាយរៀង ៖ រង្វង់មូលរូបគោត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណបុកបាក់ប្រេះដាច់ត្រឹម.ក បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្រុងស្វាយរៀង ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវបានបង្ហាញការសោក ស្តាយ ដែលមិនគួរអ្នកបើករថយន្តមកបុកបណ្តាលឲ្យខូចខាតបែបនេះសោះ ដែលអ្នកខ្លះនិយាយទាំងហួសចិត្តថា សូម្បីរូបសំណាកតាំងក្នុងរង្វង់មូលក៏មិនលើកលែងឱ្យដែរ ។
បើតាមលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌ មានខាងលើលោកបានចុះទៅពិនិត្យកន្លែងកើតហេតុ ឃើញថារូបចម្លាក់ គោដែលបែរមុខរកទិសទាំង៤ ត្រូវបានរងការខូចខាតរូបគោមួយ ដែលបែរមុខទៅទិសខាងលិច គឺបាក់ប្រេះដាច់ត្រឹម.ក ។ លោកបានបន្តទៀតថា ករណីនេះអាចកើតឡើងនៅពេលទៀបភ្លឺថ្ងៃទី៣ មេសា ។
លោក ណុប ចំរើន បានបន្តទៀតថា នៅចម្ងាយពីកន្លែងកើតហេតុប្រហែល៥០ម៉ែត្រ មានរោងប្រជាការពារនៅយាមប្រចាំការរហូតដល់ម៉ោង១១ទៅ១២យប់ ក្រុមគេមិនទាន់សម្រាកទេ ។ លោកបានឲ្យដឹងទៀតថា នៅរសៀលនេះអាជ្ញាធរក្រុងកំពុងតែរកជាងមកជួសជុលហើយ តែពិបាកបន្តិចព្រោះជាងសំណង់មិនចេះធ្វើទេ មានតែជាងចម្លាក់ទើបអាចធ្វើបាន ។
លោកបញ្ជាក់ទៀតថា ចំពោះរថយន្តបង្កឱ្យបាក់ប្រេះរូបចម្លាក់គោនេះសមត្ថកិច្ចយើងកំពុងតាមស្រាវជ្រាវរកដើម្បីឲ្យមកទទួលខុសត្រូវនិងដោះស្រាយជាមួយខាងអាជ្ញាធរ ។ បុករួចរត់បាត់ប៉ុណ្ណេះហើយ ទៅរកឯណាឃើញទៅម្ចាស់ថ្លៃ ។ សង្ស័យស្វែងរកចាប់ខ្យល់ ព្រោះបុកពេលយប់ ហើយរត់បាត់ស្រមោលទៀត ទៅរកឋានណាទៅហ្ន៎ ?
ចែករំលែកព័តមាននេះ