ខេត្តកំពង់ឆ្នាំង ៖ រថយន្ដយីឌុបមួយគ្រឿងបានក្រឡាប់ធ្លាក់ចេញពីផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ១០០ និង១០១ ស្ថិតក្នុងភូមិប្រាំបីឆោម ឃុំពង្រស្រុករលាប្អៀរ ។ ខណៈដែលរថយន្តនោះដឹកក្បឿងធ្ងន់ពេក បណ្តាលអោយផ្ទុះកង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ។
សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តខាងលើម៉ាកហ៊ីណូ ពាក់ស្លាកលេខ ភ្នំពេញ 3D- 8186 ។ ប្រភពដដែលបានបន្តថា មុនពេលកើតហេតុរថយន្តខាងលើបានដឹកក្បឿងថៃពីព្រំប្រទល់ប្រទេសថៃក្នុងគោលបំណងយកទៅរាជធានីភ្នំពេញ ប៉ុន្តែដោយសារដឹកធ្ងន់ពេក បណ្ដាលឱ្យផ្ទុះកង់មុខ ហើយក្រឡាប់ធ្លាក់ចូលស្នាមភ្លោះតែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបរ និងព្រូរថយន្តរងរបួសស្រាល ចំណែកក្បឿងបានខូចខាតមួយចំនួនធំ ដោយនៅកន្លែងកើតហេតុម្ចាស់រថយន្តបានយករថយន្តផ្សេងទៀតមកសាងក្បឿង ដើម្បីបន្តទៅមុខ និងបានរករថយន្តស្ទូចមកស្ទូចរថយន្ត ដើម្បីយកទៅជួសជុលដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចនគរបាលឡើយ ។
យ៉ាងនេះក្តីលោកសំ សុខា អធិការនគរបាលរងស្រុករលារប្អៀរបានអោយដឹងថា នៅពេលសមត្ថកិច្ចមកដល់ដោយមិនមានខូចខាតទ្រព្យសម្បត្ដិសាធារណៈក៏បានណែនាំដល់ម្ចាស់រថយន្តមិនត្រូវដឹកលើសទម្ងន់ និងសូមពិនិត្យសំបកកង់យានយន្តឲ្យបានច្បាស់ មុននឹងចេញដំណើរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបានឲ្យដឹងថា បណ្ដាលមកពីការធ្វេសប្រហែសរបស់ម្ចាស់រថយន្ដដែលសំបកកង់អន់ពេក នៅតែហ៊ានដឹកធ្ងន់ ៕
ចែករំលែកព័តមាននេះ