ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​វប្បកម្ម​ប្រកាស​លុប​គម្រោង​ប្រកួត​មួយ​តែ​នឹង​បន្តការងារ​ក្រៅ​ស្រុក​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​មានការ​បញ្ជូន​កីឡាករ​ផ្នែក​កាយ​វប្បកម្ម​ឱ្យ​ចេញ​ប្រកួត​ក្រៅ​ស្រុក​នា​ពេល​ចុង​ក្រោយ ក៏​កីឡាករ​ភាគ ច្រើន​នៅ​តែ​អះអាង​ថា អាជីព​មួយ​នេះ​មិន​មាន ការ​ជួយ​ជ្រោមជ្រែង​នោះ​ទេ ប៉ុន្តែ​អ្នកមាន​ឆន្ទៈ នៅ​ចង់​ប្រកួត​មាន​ចំនួន​ច្រើន និង​ចាត់​ទុក​ប្រាក់​រង្វាន់​ដែល​ទាមទារ​មិន​បាន​នោះ…

រាជធានី​ភ្នំពេញ ៖ ថ្វី​ដ្បិតតែ​មានការ​បញ្ជូន​កីឡាករ​ផ្នែក​កាយ​វប្បកម្ម​ឱ្យ​ចេញ​ប្រកួត​ក្រៅ​ស្រុក​នា​ពេល​ចុង​ក្រោយ ក៏​កីឡាករ​ភាគ ច្រើន​នៅ​តែ​អះអាង​ថា អាជីព​មួយ​នេះ​មិន​មាន ការ​ជួយ​ជ្រោមជ្រែង​នោះ​ទេ ប៉ុន្តែ​អ្នកមាន​ឆន្ទៈ នៅ​ចង់​ប្រកួត​មាន​ចំនួន​ច្រើន និង​ចាត់​ទុក​ប្រាក់​រង្វាន់​ដែល​ទាមទារ​មិន​បាន​នោះ លែង​ជា​បញ្ហា​ទៀត​ហើយ​ទោះបី​មាន​កីឡាករ​មួយ​ចំនួន​ប្រកាស​ថា​មិន​ចង់​ប្រកួត​ក៏​ដោយ​។

លោក សុខ មង្គល​រស្មី ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំ​ហាត់ប្រាណ​បាន​អះអាង​ថា នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ សហព័ន្ធ​ត្រូវ​ដល់កំណត់​រៀបចំ​ការ​ប្រកួត​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​សហព័ន្ធ​សម្រេចចិត្ត​មិន​រៀបចំ​នោះ​ទេ ដោយសារ​ហេតុផល​រៀបចំ​មិនទាន់ និង​ម្យ៉ាង​គឺ​ខ្វះ​ការ​ជ្រោ​ម​ម​ជ្រែង​ផ្នែក​ហិរញ្ញវត្ថុ ។ ប៉ុន្តែ​សម្រាប់​ការ​បញ្ជូន​កីឡាករ​ឱ្យ​ចេញ​ប្រកួត​នៅ​កូរ៉េ​ក្នុង​ខែតុលា និង​ប្រទេស​ផ្សេង គឺ​សហ​ព័ន្ធ​នឹង​នៅ​តែ​បញ្ជូន​ទៅ ដោយ​លោក​ប្រកាស​ថា សហព័ន្ធ​រាល់ថ្ងៃ​មាន​កីឡាករ​សរុប​ជាង​១០០​នាក់ ហើយ​បើ​អ្នក​នេះ​មិន​ទៅ ក៏​មិន​ខ្វះ​អ្នក​នោះ​ទៅ ដែល​មាន​ន័យ​ថា មិន​អត់​អ្នក​ចេញ​តំណាង​ជាតិ​ទៅ​ប្រកួត​នោះ​ឡើយ​។

ការ​ប្រកួត​នៅ​ក្រៅប្រទេស​ដែល​តម្រូវ​ឱ្យ​ជ្រើស​កីឡាករ​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត​ម្ដង​ៗ គឺជា​រឿង​លំបាក ជា​ពិសេស​បើ​ការ​ប្រកួត​ទាំង​នោះ​តម្រូវ​ឱ្យ​កំណត់​អាយុ​កីឡាករ​ក្មេង​ៗ​ជាដើម​។

លោក​ថា មក​ទល់​សព្វថ្ងៃ​បណ្ដា​ប្រទេស​ដែល​បាន​បើក​ប្រកួត​បង្អួត​សាច់ដុំ មិន​មានការ​កំណត់​អាយុ​នោះ​ទេ ដោយ​គេ​កំណត់​ត្រឹមតែ​គីឡូ​ប៉ុណ្ណោះ ដោយសារ​តែ​គេ​ក៏​បានដឹង​ថា កីឡា​ប្រភេទ​នេះ​មិន​ងាយ​សំបូរ​ក្មេង​ៗ​មក​ហាត់់​តម្រូវ​តាម​ការ​ប្រកួត​នោះ​ទេ ។ យ៉ាងណាមិញ លោក​ថា នៅ​បណ្ដា​ស្រុក​គេ គឺ​សំបូរ កីឡា​ករ​ក្នុង​វិស័យ​នេះ​ជាង​កម្ពុជា ដោយសារ​តែ​គេ​មាន​ទីផ្សារ​ឱ្យ​កីឡាករ​ដែល​មាន​សាច់ដុំ​ត្រូវ​តាម​ការ​ប្រកួត​មាន​ទីផ្សារ​មាន​ប្រាក់​ចំណូល ដែល​ខុស​ពី​កម្ពុជា​កីឡាករ​បាន​លុយ​តែ​ពេល​ប្រកួត​ឈ្នះ តែបើ​អត់​ការ​ប្រកួត​គឺ​ត្រូវ​ធ្វើការ​ផ្ទាល់ខ្លួន ។

លោក​បញ្ជាក់​ស្ថានភាព​ចុង​ក្រោយ នៅ​តែ​មិន​មាន​អ្នក​ណា​ផ្ដល់​ការ​ជ្រោម​ជ្រែង​ឱ្យ​ពេ​ង​ទំហឹង​នោះ​ទេ ទើប​វិស័យ​មួយ​នេះ មិន​ទទួល​បានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​អាច​និយាយ​បាន​មិនសូវ​មាន​អ្នក​ចង់​ក្លាយជា​កីឡាករ​អាជីព​ក្រោយ​ការ​ហ្វឹក ហាត់​មួយ​រយៈ ។ លោក​ថា កីឡា​មួយ​នេះ ប្រសិនបើ​មានការ​ជ្រោមជ្រែង​ច្បាស់លាស់ ដូច​ជា​មាន​កញ្ចប់​ប្រាក់ខែ មានការ​ផ្ដល់​ឱ្យ​ហ្វឹកហាត់​មិន​គិតថ្លៃ មានការ​ផ្គត់ផ្គង់​ឧបករណ៍ និង​មានការ​ផ្ដល់​កញ្ចប់​ឱ្យ​អ្នកមាន​ជំនាញ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ខាងក្រៅ​បាន​ច្រើន គឺ​មិន​ខ្វះ​អ្នក​ចង់​ហាត់​យក​អាជីព​នោះ​ទេ ប៉ុន្តែ​មក​ពី​ក្នុង​ពេល​ខ្លះ​គឺ​កីឡាករ​ត្រូវ​រក​ស្ពុ​ន​ស័​រ​ចេញ​ប្រកួត​ក្រៅ​ស្រុក​ខ្លួនឯង និង​ត្រូវ​ផ្គង់​ផ្គង់​លើ​ការ​ហ្វឹកហាត់​ខ្លួនឯង​ផង ទើប​អ្នកខ្លះ​បាន​ត្រឹមតែ​ហ្វឹកហាត់​លេង​ៗ យក​សាច់​ស្អាត ហើយ​មិន​ហ៊ាន​វិ​វត្ត​ឱ្យ​ក្លាយជា​អ្នក​អាជីព ដែល​មាន​សាច់ដុំ​ធំ​ៗ​នោះ​ឡើយ​។

កីឡាករ សុខ សុ​ភ័ក្ត្រ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​កីឡាករ​ល្អ​ម្នាក់​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មិនធម្មតា ក្រោយ​ពី​មានឱកាស​បាន​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ជើងឯក​បុរស​ដែល​មាន​សាច់ដុំ​ល្អ ក៏​បាន​បញ្ជាក់​ថា ធនធាន​កីឡាករ​ក្មេង​ៗ​ដែល​ចង់​ហាត់​យក​សាច់ដុំ​ឱ្យ​ធំ​ៗ ដើម្បី​អាច​ចូលរួម​ប្រកួត​បាន​ដូច​លោក​ក៏​ជា​រឿង​ពិបាក​ផង​ដែរ ។ លោក​ថា​កីឡាករ​ម្នាក់​ដើម្បី​អាច​ក្លាយជា​ធនធាន​ចូលរួម​ប្រកួត​បាន​លុះត្រាតែ​ហ្វឹកហាត់​ដំឡើង​សាច់ដុំ​ជា​រៀងរាល់ថ្ងៃ ហើយ​ហាត់​ឱ្យ​មាន​សាច់ដុំ​ធំ​ប៉ោង និង​ស្ងួត​មិន​មាន​ខ្លាញ់ ។ ជាក់ស្ដែង ទម្រាំ​ទទួល​បាន​លទ្ធផល​ដូចដែល​មហាជន​បានឃើញ​គឺ​លោក​សុខចិត្ត​អត់បាយ និង​អត់​ដើរ​លេង ហើយ​តមចំណី និង​ប្រើ​ថ្នាំ​បំប៉ន​សាច់ដុំ​យ៉ាង​ម៉ត់ចត់​នោះ​ផង ទម្រាំ​តែ​មាន​សាច់ដុំ​បែប​នេះ​។

លោក​ថា មនុស្ស​ជា​ច្រើន​បាន​សើចចំអក​ថា​លោក​បាត់​រូបរាង​ទាក់ទាញ ហើយ​មិន​ខុស​ពី​កង្កែប ដោយ​សារ​តែ​លោក​ចង់បាន​សាច់ដុំ​ធំ​ណែន​ឱ្យ​ត្រូវ​នឹង​ការ​ប្រកួត​ដែល​បាន​ប្រកាស​ឡើង ។ ត្រង់​ចំណុច​នេះ​ហើយ​​ដែល​មនុស្ស​ប្រុស​ភាគច្រើន​មិន​ចង់បាន​រូបរាង​ដូច​លោក​នេះ​ទេ ជា​ពិសេស​អ្នក​ចង់បាន​មាឌធំ​ស្អាត និង​មើលទៅ​ឃើញ​សង្ហា ។

លោក​បាន​ចំណាយពេល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ទេ ទម្រាំ​ទទួល​បាន​លទ្ធ​ផល​ឱ្យ​មាន​សាច់ដុំ និង​រាង​កាយ​ដូចដែល​បានឃើញ ហើយ​លោក​ក៏​មិន​អាច​បន្ត​អាជីព​មួយ​នេះ​បានជា​រៀង​រហូត​នោះ​ដែរ ដោយ​ការ​តស៊ូ​ទាំងនោះ សុទ្ធតែ​ជា​ថវិកា​ផ្ទាល់ខ្លួន​ទាំងអស់ ទោះ​លោក​យល់​ថា បើ​ទោះជា​បុគ្គល​ម្នាក់​នោះ​ស្រឡាញ់ និង​ចង់​ក្លាយជា​អ្នក​អាជីព​ផ្នែក​កីឡា​លើក​សាច់ដុំ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​បើ​ខ្វះ​លទ្ធភាព និង​ឆន្ទៈ ក៏​មិន​អាច​ទៅ​រួច បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពិតប្រាកដ​ដូច​សព្វថ្ងៃ ។

លោក​ថា រាល់ថ្ងៃ​អ្នកមាន​សាច់ដុំ​ល្អ​ដែល​ត្រូវ​បាន​គេ​ជ្រើស​ចេញ​ប្រកួត គឺ​ទទួលយក​ឱកាស​ចេញ​ប្រកួត​ដោយ​ទឹកចិត្ត ដោយ​ម្នាក់​ៗ​សុខចិត្ត​បោះបង់​ការងារ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​ទាំង​ខាត​ការងារ និង​លុយកាក់​ផ្ទាល់ខ្លួន​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ