ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីព​បើក​តារាង​បាល់​ជួល​ចាប់ផ្ដើម​រត់​ថយក្រោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​មួយ​រយៈ​មុន គេ​កត់​សម្គាល់ថា អាជីព​ធ្វើ​តារាង​បាល់​ជួល​បានក្លាយជា​មុខរបរ​ដែល​អាច​រក​ចំណូល​បានកាក់កប​យ៉ាង​ខ្លាំង ដោយ​ទីធ្លា​តូច​ធំ ជា​ពិសេសនៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គេ​បោះទុន​ធ្វើ​តារាង​បាល់​សម្រាប់​ជួល​យ៉ាង​ព្រោងព្រាតនោះ​ផង ។ តារាង​បាល់​ទាំង​តូច​ទាំង​ធំ​ទាំងនោះ…

រាជធានី​ភ្នំពេញ ៖ កាលពី​មួយ​រយៈ​មុន គេ​កត់​សម្គាល់ថា អាជីព​ធ្វើ​តារាង​បាល់​ជួល​បានក្លាយជា​មុខរបរ​ដែល​អាច​រក​ចំណូល​បានកាក់កប​យ៉ាង​ខ្លាំង ដោយ​ទីធ្លា​តូច​ធំ ជា​ពិសេសនៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​គេ​បោះទុន​ធ្វើ​តារាង​បាល់​សម្រាប់​ជួល​យ៉ាង​ព្រោងព្រាតនោះ​ផង ។ តារាង​បាល់​ទាំង​តូច​ទាំង​ធំ​ទាំងនោះ ត្រួ​វ​គេ​បំពាក់​ភ្លើង​ភ្លឺ​ចិញ្ចាច​អាច​លេង​បាន​ដល់ម៉ោង​១០​យប់​ដោយ​មិន​ភ័យ​ពី​រឿង​សុវត្ថិភាព ឬ​ងងឹត​លេង​មិន​ស្រួល​នោះ​ផង​។

ដី​ទំនេរ​មួយ ចំនួន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​គេ​ឃើញ​ប្រែក្លាយជា​វាលស្មៅ​សិប្បនិមិត្ត ប៉ុន្តែ​ក្រឡេក​មក​មើល បរិយាកាស​ចុង​ក្រោយ​អាជីព​មួយ​នេះ​ចាប់​ផ្ដើម​ប្រែប្រួល ដោយ​តារាង​បាល់​នៅ​តាម​តំបន់​កណ្ដាល​ក្រុង​ភាគច្រើន​ចាប់ផ្ដើម​បិទ ហើយ​អ្នកលេង​ទៀត​សោត​ក៏​មិន​ដល់​កណ្ដាល​យប់​ដូច​មុន​ទៀត​ដែរ ដោយ​ប្ដូរ​ពី​ការ​អួត​ថា កាក់កប់​ខ្លាំង​ណ​ស់ មក​ជា​ថ្ងូរ​បើក​តារាង​បាល់​មិនសូវ​ចំណេញ​ទៅ​វិញ ។ យ៉ាងណាមិញ ការ​បិទ​ចោល​របស់​តារាង​តូច​ៗ ក៏​រុញ​ឱ្យ​តារាង​បាល់​ធំ​ៗ​កើន​ចំនួន​តម្រូវការ​បញ្ច្រាសទិស​គ្នា​វិញ​ដែរ ដោយ​គ្រាន់​លែង​សូវ​ឃើញ​តារាង​បាល់​ផុសផុល​ដូច​មុន​។

រំលឹក​ទៅ​កាន់​អតីតកាល​កាលពីរ​ឆ្នាំ​មុន បន្តិច ដី​ទំនេរ​ស្ទើរ​មិន​សល់​នោះ​ទេ តាម​រយៈ សន្ទុះ​ចង់​លេង​បាល់ទាត់ ឬ​លេង​បាល់ទះ​ពី​ក្រុម​យុវវ័យ រួម​មាន​ទាំង​មនុស្ស​វ័យ​កណ្ដាល​ផង​បាន​ប្រមូលផ្ដុំ​គ្នា​រៃ​លុយ​លេង​បាល់​នៅ​ក្នុង​តារាង​សិប្បនិមិត្ត​ដែល​មាន​ផាសុកភាព​ក្នុង​រូបភាព​គគ្រឹកគគ្រេង ។ ចាប់ពី​ម៉ោង​៣​រសៀល​តទៅ​គេ​ឃើញ​អ្នក​និយម​លេង​បាល់​ច្រើន​ឡើង​ជួបជុំ​គ្នា​នៅ​តាម​តារាង​បាល់ ដោយ​អ្នកខ្លះ​មាន ស្លៀកពាក់​ជា​ឯកសណ្ឋាន​ក្រុម​ណាមួយ​ផង ដើម្បី​ចូល​លេង​ក្នុង​តារាង ខណៈ​ដែល​ក្រៅពី​បង្ហាញ​ពី​ការ​រីក​ចម្រើន​ក៏​មាន​បញ្ហា​អវិជ្ជមាន ខ្លះ​ៗ​កើតឡើង​ផង​ដែរ​សម្រាប់​ក្មេង​ៗ​ដែល​ញៀន​ញ៉ាម​នឹង​ការ​លេង​កីឡា​មួយ​នេះ​នៅ​ក្នុង​តារាង​ដែល​បាន​បង្កើត​ឡើង ។

អ្នក​ទាំងនោះ​ច្រើន​បែងចែក​ជា​ក្រុម​ម្ខាង​ម្នាក់ ដោយ​មានការ​សន្មត​គ្នា​ថា បើ​ក្រុម​ណា​ចាញ់​គឺ​ចែក​គ្នា​ចេញ​ថ្លៃ​តារាង ឬ​មានការ​ប្រកួត​ភ្នាល់​ដាក់​លុយ​តែ​ម្ដង ដោយ​ក្រុម​កំណត់​ចំនួន​តាម​គ្រាប់​បាល់ ឬ​ស្ថានភាព​ចាញ់​ឈ្នះ​អាស្រ័យ​ទៅ​លើ​ការ​ព្រមព្រៀង​។ យ៉ាងណា​ក៏​ដោយ​ពួក​គេ​មិន​លេង​ភ្នាល់​គ្នា​ក្នុង​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ គឺ​គ្រាន់តែ​ដើម្បី​បង្កើន​ការ​ប្រឹងប្រែង និង​ដើម្បី​ឱ្យ​អ្នក​ឈ្នះ​មាន​ទឹកចិត្ត​លេង​ដោយសារ​តែ​មិន​អស់​ថ្លៃ​តារាង និង​អាច​ទទួល​បាន​ថវិកា​ខ្លះ​ៗ​ត្រឡប់​ទៅ​វិញ​ប៉ុណ្ណោះ ។

យុវវ័យ​ទាំងនោះ​បាន​អះអាង​ថា ដោយ​សារ​តែ​កំណើន​តារាង​បាល់​ហើយ​តារាង​ទាំងនោះ​ក៏​មាន​ទីតាំង អំណោយផល​ផង ទើប​ចេះ​តែ​បំផុស​ឱ្យ​ពួក​គេ​មានគំនិត​ចង់​ប្រកួត​បាល់ទាត់ ក្នុង​បំណង​ហាត់ប្រាណ ដើម្បី​សុខភាព​ផង និង​ដើម្បី​បាន​ជួបជុំ​គ្នា​សប្បាយ​ៗ​ផង​។ ម្នាក់​ៗ​សុទ្ធតែ​យល់​ឃើញ​ថា កីឡា​នាំ​មក​នូវ​សុខភាព តែ​ថា​ហេតុផល​ដែល​យុវ​វ័យ​ភាគច្រើន​ផ្ដោត​លើ​ការ​ជុំ​គ្នា​លេង​បាល់​គឺ​ដោយសារ​តែ​កំណើន​តារាង​បាល់​លេចឡើង ព្រោងព្រាត​ស្ទើរតែ​គ្រប់កន្លែង​ដែល​ធ្វើ​ឱ្យ​អ្នក​ទំនេរ​ពី​ការងារ និង​ពី​ការ​សិក្សា​ចង់​ជួបជុំ​គ្នា​លេង​បាល់​នោះ​ឯង ។

ផ្អែក​តាម​ការ​បញ្ជាក់ តម្លៃ​តារាង​ត្រូវ​គេ​គិត​ជា​ម៉ោង​ដោយ​មួយ​ម៉ោង​ពី​១០​ដុល្លារ​ទៅ​១៨​ដុល្លារ​សម្រាប់​តារាង​តូច និង​ពី​២០​ដុល្លារ​ទៅ​៥០​ដុល្លារ​ក៏​មាន​សម្រាប់​តារាង​ធំ​ដែល​អាច​លេង​បាន​គ្នា​១១​នាក់​ម្ខាង​ៗ ។ តារាង​តម្លៃ​នេះ មានការ​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​ទីតាំង និង​អំឡុង​ពេល​មាន​មនុស្ស​ទៅ​លេង​ច្រើន ប៉ុន្តែ​តារាង​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ក៏​ត្រូវ​បាន​គេ​និយម​ទៅ​លេង​ភាគច្រើន​ផង​ដែរ បើ​ទោះជា​ទីតាំង​ស្ថិត​នៅ​កន្លុក​កន្លៀត​បន្តិច​ក្ដី​។

លោក​សីហា ម្ចាស់​តារាង​បាល់​នៅ​ខណ្ឌសែន​សុខ ជិត​សាកលវិទ្យាល័យ​IU បាន​អះអាង​ថា ក្រោយ​បើក​ដំណើរការ​តារាង​បាល់​ប្រមាណ​ជាង​១​ឆ្នាំ​លោក​កត់​សម្គាល់ថា ចំនួន​អ្នក​មក​លេង​បាល់​មាន​កំណើន​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​នៅ​ពេល​មិន​មាន​រំខាន​ដោយ​ភ្លៀង ។ លោក​ថា ដើម្បី​អាច​បើក​អាជីវកម្ម​នេះ​បាន​លុះត្រាតែ​មាន​ដើម​ច្រើន​គួរសម ហើយ​ត្រូវ​មាន​ទីតាំង​ច្បាស់លាស់​ក្នុង​ការ​រកស៊ី​ទៅ​ទៀត ដោយសារ​តែ​មុខរបរ​នេះ​បើ​កុងត្រា​រក​ដី​ជួល​មិន​បាន​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​ទេ គឺ​នឹង​ចំណេញ​មិន​ច្រើន ។

គ្រាន់តែ​ដំឡើង​តារាង និង​រៀបចំ​ស្មៅ​សិប្បនិមិត្ត លោក​ថា​ចំណាយ​មិន​ក្រោម​២​ម៉ឺន​ដុល្លារ​ទៅ​ហើយ ក្នុង​ពេល​ដែល​ការ​កែកុន​តារាង​ឱ្យ​មាន​កន្លែង​ចត​រថយន្ត​ឱ្យ​មាន​សំណាញ់​ការពារ​បាល់ និង​ដំឡើង​ភ្លើង​ឱ្យ​ភ្លឺ​នៅ​ពេល​យប់ គឺ​សុទ្ធតែ​ជា​ការ​ចំណាយ​ខ្ពស់​ដែល​ម្ចាស់​តារាង​បាល់​នីមួយ​ៗ​ទទួលខុស​ត្រូវ ។ លោក​ថា មុខរបរ​មួយ​នេះ​បើ​អាច​ទៅ​រួច​គឺ​ត្រូវ​ចូល​គ្នា ហើយ​ត្រូវ​តែ​រក​ដៃគូ​ដែល​មានចំណូលចិត្ត​លើ​មុខរបរ​បើក​តារាង​បាល់​ដូច​គ្នា​ទើប​អាច​ទៅ​រួច ។

ជា​ធម្មតា​លោក​ថា ដើមទុន​រង្វង់​ត្រឹមតែ​ជាង​១​ម៉ឺន​ដុល្លារ​គឺជា​អាច​បង្កើត​មុខ របរ​តារាង​បាល់​មួយ​បាន​ហើយ ប៉ុន្តែ​បើ​ចង់ឱ្យ ទីតាំង​ដែល​ខ្លួន​បើក​នោះ​ទទួល​បាន​ចំណូល​ខ្ពស់គឺ​លុះត្រាតែ​មាន​តារាង​តូច​ៗ​ចាប់ពី​៣​ឡើង​ទៅ ហើយ​ប្រើ​ដើមទុន​រង្វង់​ជា​៣​ម៉ឺន​ដុល្លារ​គឺ​ល្អ​តែ​ម្ដង ។ ជា​បទ​ពិសោធន៍​លោក​ថា អាច​ជួល​តារាង​ឱ្យ​គេ​លេង​គិត​ជា​ម៉ោង​ដោយ​ថ្ងៃ​ធម្មតា​ជួល​បាន​មួយ​ម៉ោង​ពី​១០​ទៅ​១២​ដុល្លារ និង​ថ្ងៃ​សៅរ៍​-​អាទិត្យ​បាន​មួយ​ម៉ោង​១៥​ដុល្លារ ឬ​១៨​ដុល្លារ​។ ដោយឡែក សម្រាប់​តារាង​ធំ​លោក​ថា​មិនសូវ មាន​គេ​ជួល​លេង​ទេ ដោយសារ​តែ​វា​មាន​តម្លៃ​ថ្លៃ និង​តម្រូវ​ឱ្យ​បិទ​តារាង​តូច​ៗ​ដល់​ទៅ​៣​បញ្ចូល​គ្នា តែបើ​ជួល​បាន​ក៏​បាន​តម្លៃ​ចាប់ពី​១​ម៉ោង​៣០​ដុល្លារ​ឡើង​ទៅ​ដែរ ។

លោក​ថា អ្នក​ចង់​ជួលតារាង​ធំ គឺ​លុះត្រាតែ​ទាក់ទង​មុន តែ​ភាព​ជាក់ស្ដែង​លោក​ជួល​ដាច់​តែ​តារាង​តូច​ប៉ុណ្ណោះ គឺ​តារាង​ធំ​លុះត្រាតែ​ចំ​ថ្ងៃ​ធ្វើការ​ដែល​មិនសូវ​មាន​អ្នក​ចង់​ជួល​លេង​ទើប​អាច​ជួល​បាន​។ ត្រឡប់​មក​កាន់​បច្ចុប្បន្ន​វិញ អ្នក​ដែល​ធ្លាប់​លើកតម្កើង​អាជីព​បើក​តារាង​បាល់​ទាំងនេះ បែរជា​អះអាង​ថា រក​លុយ​មិនសូវ​បាន​នោះ​ទេ ដោយសារ​តែ​អ្នកលេង​បាល់​ចាប់ផ្ដើម​បែកខ្ញែក ហើយ​ងាក​ទៅ​ប្រមូលផ្ដុំ​គ្នា​ហាត់​ប្រាណ​យក​រាង ឬ​បោះបង់​កីឡា​តែ​ម្ដង ។ ម្ចាស់​តារាង​បាល់​មួយ​ចំនួន​បាន​អះអាង​ថា ខ្លួន​សម្រេចចិត្ត​បិទ
ចោល ដោយសារ​ទី​១​ចំណូល​ធ្លាក់​ចុះ ទី​២​ការ ដំឡើង​ថ្លៃ និង​ការ​ឈប់​បន្ត​ជួល​ដី​ឱ្យ​គឺជា​បញ្ហា​ចោទ ។

បើ​ទោះជា​ខំ​បង្កើត​ជា​រោង កាហ្វេ​ដើម្បី​ទាក់ទាញ​នៅ​តាម​តារាង​បាល់ នីមួយ​ៗ​ផង ក៏​ម្ចាស់​តារាង​បាល់​ទាំងនោះ​ប្រកាស ថា ស្ថានភាព​បើក​តារាង​បាល់​មិន​ដូច​មុន ។ អ្នក​បើក​តារាង​បាល់​ជា​ច្រើន​និយាយ​ថា ស្ថានភាព​រក​ចំណូល​ធ្លាក់​ចុះ​អាច​ជា​បញ្ហា​ចោទ​ដែល​ធ្វើ​ឱ្យ​យុវវ័យ​ទាំងនោះ​លែង​សូវ​ប្រមូលផ្ដុំ​គ្នា​ជួល​លេង​​​បាល់​ដូច​មុន ប៉ុន្តែ​ហេតុផល​ដែល​គេ​ឃើញ​ច្បាស់ គឺ​អ្នកលេង​ទាំងនោះ​ភាគច្រើន​ទៅ​ផ្ដុំ​គ្នា​លេង​ក្នុង​ទីលាន​ដែល​អស់​លុយ​តិច​ឬ មិន​អស់​លុយ​តែ​ម្ដង ។

អ្នក​សម្រេចចិត្ត​បិទ សុទ្ធតែ​លើក​ឡើង​ថា ដី​ជួល​តារាង​បាល់​ភាគ ច្រើន​ម្ចាស់​ដី​យក​ធ្វើ​ជា​ខុន​ដូ ឬ​សង់ផ្ទះ​លក់ ឬ​ជួល​អស់ហើយ ទើប​គ្មាន​ដី​ធំ​ល្អ​ជួល​បន្ត ហើយ​ស្របគ្នា​ដែល​ការ​ចង់​លេង​របស់​យុវ​វ័យ​ក៏​មិនសូវ​មាន​ផុសផុល​ផង និង​រក​ចំណូល បាន​មិន​ចំណេញ​ច្រើន​ផង ទើប​អ្នក​បិទ​ភាគច្រើន​លែង​បើក​វិញ ។ ប៉ុន្តែ​ម្នាក់​ៗ​សុទ្ធ​តែ​លើក​ឡើង​ថា សម្រាប់​តារាង​បាល់​ធំ​ៗ​ចំ​កន្លែង​ល្អ​គឺ​នៅ​តែ​សប្បាយ​កើប​លុយ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ