ខេត្តព្រៃវែង ៖ ផ្ទះឈើមួយខ្នងទំហំ៦ម៉ែត្រគុណនឹង១៤ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង នៅក្នុងរយៈពេលតែ២០នាទីប៉ុណ្ណោះ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុករត់ចែកជើងគ្នារកទឹកមកពន្លត់ ព្រោះខ្លាចភ្លើងឆេះរាលដាលដល់ផ្ទះរបស់ខ្លួន។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២ មេសា នៅចំណុចភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ម្ចាស់ផ្ទះកើតហេតុខាងលើឈ្មោះ តឹក ចាន់ ភេទស្រី អាយុ៧២ឆ្នាំ មុខរបរជាគ្រូចូលរូប ។
បើតាមសម្តីរបស់ស្ត្រីឈ្មោះ អុី សុធី អាយុ៤៩ឆ្នាំ ដែលត្រូវជាកូនស្រីរបស់លោកយាយម្ចាស់ផ្ទះបានអោយកោះសន្តិភាពដឹងថា ម្តាយរបស់គាត់គឺជាគ្រូចូលរូប ហើយមានរៀបអាសនៈធំមួយនៅលើផ្ទះ ប៉ុន្តែដោយសារតែម្តាយមានវ័យចាស់ណាស់ទៅហើយ និងថ្មីៗនេះម្តាយរបស់គាត់ឈឺច្រើនទៀត ទើបគាត់ជាកូនបានយកម្តាយទៅនៅជាមួយ គឺនៅផ្ទះទល់មុខគ្នា ដើម្បីងាយស្រួលមើលថែម្តាយ ដោយទុកផ្ទះនោះចោល។
តាមប្រភពដដែលនេះបានបន្តថា នៅថ្ងៃកើតហេតុ កូនៗនៅភ្នំពេញបាននាំគ្នាមកស្រុកជួបជុំបងប្អូន និងសែនឆេងម៉េង ហើយនៅវេលាម៉ោង១០ព្រឹក ក្រោយពីសែនផ្នូរដូនតារួចហើយ កូនៗក៏នាំគ្នាឡើងទៅអុជទៀនធូបបន់ស្រន់នៅអាសនៈគ្រូរបស់ម្តាយ ដោយសុំអោយគ្រូជួយម្តាយអោយជាពីជម្ងឺ លុះពេលបន់រួចក៏នាំគ្នាចុះមកផឹកស៊ីជួបជុំបងប្អូននៅក្រោមដើមស្វាយខាងមុខផ្ទះ ដោយមិនបានពន្លត់ភ្លើងទៀននៅមុខអាសនៈគ្រូនោះទេ ។
តាមប្រភពដដែលបានបន្តទៀតថា រហូតដល់ម៉ោងជិត២រសៀលថ្ងៃដដែល ស្រាប់តែឃើញភ្លើងឆេះចេញពីខាងក្នុងផ្ទះ ធ្វើអោយមានការផ្អើលឆោឡោ ខ្លះរត់រកទឹក ខ្លះទូរសព្ទ័ហៅប៉ូលីស ហើយប្រមាណជា១៥នាទីប៉ុណ្ណោះ រថយន្តពន្លត់អគ្គិភ័យក៏មកដល់ ប៉ុន្តែយឺតពេលទៅហើយ ព្រោះអណ្តាតភ្លើងបានឆេះផ្ទះអស់ទាំងស្រុងទៅហើយ រថយន្តពន្លត់អគ្គិភ័យបានត្រឹមបាញ់ទឹកពន្លត់ទប់ស្កាត់មិនអោយភ្លើងឆេះរាលដាលដល់ផ្ទះអ្នកជិតតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ