ចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាដល់ក្រុមគ្រួសារសពលោកនាយប៉ុស្តិ៍
- បាត់ដំបង
ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១៩ នេះ ស្នងការនគរបាលខេត្តបាត់ដំបង បានចាត់តាំងតំណាងប្រគល់ថវិកាសមាគមិត្តនគរបាលជូនក្រុមគ្រួសារសពសមាជិក សមាគមមិត្តនគរបាលជាតិកម្ពុជាដែលទទួលមរណៈ ។

ដោយអនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាតំណាង ក្នុងការប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាជូនដល់ក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ថៃ ចាន់ថន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្តុកប្រវឹក នៃអធិការដ្ឋាននគរបាលស្រុករុក្ខគីរី ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលលោកបានទទួល
មរណភាពកាលពីវេលាម៉ោង៧និង៤០នាទីយប់ព្រឹកថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៩ ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ និងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីក្នុងលំនៅដ្ឋាននៃសព ស្ថិតនៅភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិសាត់ ។

ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន៦លានរៀល(ប្រាំមួយលានរៀល) និងថវិការបស់កងកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុករុក្ខគីរីចំនួន៦១ម៉ឺនរៀល (ហុកសិបមួយម៉ឺនរៀល) អង្ករចំនួន៥០គីឡូក្រាម និងទឹកក្រូចផងត្រូវបានប្រគល់ជូនក្រុមគ្រួសារសពដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ។

លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានបុគ្គលិក និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំពោះក្រុមគ្រួសារសព។

ជាមួយនេះដែរ ក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការលំបាករបស់ក្រុមគ្រួសារមន្ត្រីនគរបាលជាតិកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពជា ព្រមទាំង លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិក និងជាអគ្គលេខាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា៕
ចែករំលែកព័តមាននេះ