ខេត្តកោះកុង ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ តុលា ២០១៣ សមត្ថកិច្ច៣ស្ថាប័ន ក្នុងនោះមានមន្ត្រីរដ្ឋបាលព្រៃឈើ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេដ) ចំនួន២២នាក់ ប្រដាប់ដោយអាវុធបានចុះប្រតិបត្តិការបង្ក្រាបទូកដឹកឈើគ្រញូងចំនួន១ទូក ដែលកំពុងដឹកឈើគ្រញូងចូលតាមដៃសមុទ្រសំដៅទៅបន្ទាយទាហានមួយកន្លែងដែលគេល្បីថា «ជារូងខ្លាស្តុកឈើគ្រញូង» ស្ថិតត្រង់ចំណុច «កោះយ៉» ក្នុងភូមិប៉ាក់ខ្នង ឃុំប៉ាក់ខ្នង ស្រុកមណ្ឌលសីមា ។
ប្រភពពីខេត្តកោះកុងរាយការណ៍ថា បន្ទាប់ពីសមត្ថកិច្ចទាំង៣ខាងលើ បានប្រើអូប័រជញ្ជូនកម្លាំងជាច្រើនដងយកទៅលាក់ទុកក្នុងព្រៃកោងកាងអមសងខាងដៃសមុទ្រក្បែរបន្ទាយកោះយ៉ អស់ជាច្រើនម៉ោងរួចមកហើយ ស្រាប់តែនៅវេលាម៉ោង១១និង៣០នាទី ទើបទូកដឹកឈើគ្រញូងចូលមកដល់ដូចផែនការដែលសមត្ថកិច្ចបានគ្រោងទុក ហើយធ្វើការឡោមព័ទ្ធ រួចក្របួចយកតែម្តង ។ ខណៈពេលដែលសមត្ថកិច្ចព័ទ្ធជាប់កម្មករទូកបានលោតទឹកហែលគេចខ្លួនចូលព្រៃកោងកាងអស់ ព្រមជាមួយគ្នានោះដែរ កម្លាំងទាហានជើងទឹកដែលប្រចាំការនៅលើកោះយ៉ បានបាញ់ប្រហារមកលើសមត្ថកិច្ចចំនួន៧គ្រាប់ ដោយអាវុធ AK ធ្វើឱ្យមានការរំជើបរំជួលដល់ទាហានទាំងខ្មែរ និងថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទីនោះមានទីតាំងនៅក្បែរព្រំដែនចាំយាមដែលសមត្ថកិច្ចទាំង២ប្រទេស ប្រចាំការជាអចិន្ត្រៃយ៍នៅទីនោះ ។
ប្រភពដដែលបញ្ជាក់ទៀតថា ទោះបីជាការបាញ់ប្រហារមកលើសមត្ថកិច្ចទាំង៣យ៉ាងណាក្តី ប៉ុន្តែសមត្ថកិច្ចមិនបានបាញ់តបតទៅលើក្រុមទាហានយាមឈើគ្រញូងទាំងនោះវិញទេ ហើយបានរិះរកមធ្យោបាយអូសទូកឈើគ្រញូងមកស្នាក់ការរបស់ខ្លួន គឺស្នាក់ការរបស់អង្គការវ៉ាយអេដ ដែលស្ថិតនៅក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្នង ស្រុកមណ្ឌលសីមា អស់រយៈពេល៩ម៉ោង ទើបមកដល់។ នៅវេលាព្រឹកថ្ងៃទី១១ តុលា ២០១៣ សមត្ថកិច្ចចម្រុះទាំង៣បានរើឈើគ្រញូងចេញពីទូកឃើញមានឈើគ្រញូងចំនួន១.៩៦៥ដុំ ស្មើនឹង១២.១៥៩គីឡូក្រាម ស្មើនឹងជាង១០ម៉ែត្រគូប ហើយពេលនេះវត្ថុតាងកំពុងរក្សាទុកនៅក្នុងស្នាក់ការអង្គការវ៉ាយអេដ កោះប៉ោ។
ប្រភពមន្ត្រីក្នុងខេត្តជាច្រើនបានសម្តែងការសាទរចំពោះយុទ្ធនាការបង្ក្រាបរបស់សមត្ថកិច្ចទាំង៣ខាងលើនេះខ្លាំងណាស់ ព្រោះទីតាំងស្តុកឈើគ្រញូងមួយនេះបង្រៀបដូចជារូងខ្លា ហើយរយៈពេលកន្លងមកគ្មានសមត្ថកិច្ចណាហ៊ាននៅក្បែរ ៕
ចែករំលែកព័តមាននេះ