ចតទុកចោលសុខៗស្រាប់តែផ្សែងហុយទ្រលោមរាលដាលដល់ផ្ទះ២ខ្នងទៀត
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រថយន្តប្រភេទទេសចរណ៍ម៉ាកសាំយ៉ុងមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះរងការខូចខាតទាំងស្រុង និងឆេះរាលដាលដល់លំនៅឋានចំនួន២ខ្នងរងការខូចខាតប្រមាណ២០ភាគរយ។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នៅក្នុងដីឡូតិ៍មួយកន្លែង តាមណ្តោយផ្លូវលេខ១០១៩ ក្រុម២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តដែលត្រូវភ្លើងឆេះម៉ាកសាំយ៉ុង ពណ៌ស្លាទុំ មានម្ចាស់ឈ្មោះ វួន សុផល ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរលក់រថយន្ត ។

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តចតទុកចោលនៅក្នុងដីឡូតិ៍មួយកន្លែង ស្រាប់តែមានផ្សែងហុយទ្រលោមបង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លើងបានឆេះរាលដាលដល់លំនៅឋានចំនួន២ខ្នងដែលនៅក្បែរនោះ បណ្តាលអោយផ្ទះចំនួន២ខ្នងរងការខូចខាតប្រមាណ២០ភាគរយ។

ក្នុងករណីខាងលើ រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងបានចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។ទាក់ទិននឹងការកើតមានអគ្គីភ័យខាងលើនេះ ត្រូវបាននគរបាលអោយដឹងថា មូលហេតុបណ្តាលមកពីរថយន្តឆ្លងចរន្ត ៕
ចែករំលែកព័តមាននេះ