ខេត្តរតនគិរី ៖ អាជីវករវេរលុយមួយកន្លែងត្រូវបានជនមិនស្គាល់អត្តសញ្ញាណបន្លំយកលុយ និងសម្ភារៈអស់សរុបជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោយពីពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទើបដឹងរឿង ហេតុការណ៍បន្លំចូលលួចលុយកន្លែងវីងអស់នោះបានកើតឡើងកាលពីម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះស្ថិតភូមិតាអងតាតេ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ យុទ្ធ សុវណ្ណារី ភេទស្រី អាយុ៣៨ឆ្នាំ ឆ្នាំ មុខរបរលក់គ្រឿងទេសគ្រប់មុខ និងវេរលុយវីង រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា ក្នុងករណីបន្លំយកលុយកន្លែងវេរលុយនោះបានបាត់បង់លុយខ្មែរ និងលុយដុល្លារអស់ប្រហែល8.000ដុល្លារ កាតគ្រីរថយន្ត កាតគ្រីម៉ូតូ កាតទូរស័ព្ទ អត្តសញ្ញាណប័ណ្ណផងនោះសរុបជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ព្រមទាំងអត្តសញ្ញាណប័ណ្ណ២សន្លឹកប្ដី និងប្រពន្ធផងដែរ ។
បើតាមម្ចាស់ផ្ទះរៀបរាប់ប្រាប់ថា ជនសង្ស័យធ្វើសកម្មភាពលួចបានរយៈពេលអស់ជាង3ម៉ោងក្រោយ ទើបគាត់ជាម្ចាស់បានដឹងរឿងបាត់លុយអស់ច្រើនយ៉ាងនេះ ហើយនៅខាងឆ្វេងផ្ទះគាត់ក៏មានហាងលក់កាហ្វេ និងខាងស្ដាំផ្ទះផ្ទះគាត់ក៏មានហាងលក់កាហ្វេ រីឯចំណុចសំខាន់នោះទំនងក្រុមជនសង្ស័យមានគ្នាជាច្រើននាក់អង្គុយផឹកកាហ្វេ រង់ចាំឃ្លាំមើលឱកាសល្អដែលប្ដីគាត់មិននៅផ្ទះចូលបន្លំលួចលុយតែម្ដង ។ ហើយនៅថ្ងៃកើតហេតុនោះ មានមនុស្សមិនស្គាល់មុខចំនួន5ទៅ6នាក់មកចូលធ្វើទិញអីវ៉ាន់ផងដែរ។
តាមសមត្ថកិច្ចឱ្យដឹងទៀតថា ក្រោយពីកើតហេតុ ម្ចាស់ផ្ទះឆែកឆេរតាមកាមេរ៉ាសុវត្ថិភាពបានមើលឃើញភិនភាគជនសង្ស័យជាមនុស្សប្រុសម្នាក់បានដើរចូលទៅបន្ទប់វេរលុយ ដោយពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោខ្លីស្មើជង្គង់ ពាក់មួកពណ៌ខ្មៅ ហើយក្រោយពីធ្វើសកម្មភាពរួចក៏នាំគ្នាគេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពេលមានហេតុការណ៍ខាងលើកើតឡើង កម្លាំងជំនាញខេត្តសហការកម្លាំងអធិការស្រុកកូនមុំ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ក៏កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ