ប្រទេសចិន ៖ ភ្នាក់ងារសារព័ត៌មាន South China Morning Post បានឲ្យដឹងថាស្ត្រីជនជាតិចិនកាន់តែច្រើនចង់ទិញផ្ទះខណៈដែលនៅលីវដោយមិនចាំបាច់រំពឹងចាំជំនួយហិរញ្ញវត្ថុពីការរៀបអាពាហ៍ពិពាហ៍។
យោងតាមគេហទំព័រ Ke.com បានឲ្យដឹងថាក្នុងចំណោមការលក់អចលនទ្រព្យប្រមាណ៦៧,៧២៤យូនីតលើគេហទំព័ររបស់ពួកគេក្នុងឆ្នាំ ២០១៨ មាន ៤៩.៩%ជាការទិញអចលនទ្រព្យដោយស្ត្រី។ ក្នុងឆ្នាំ ២០១៤ ចំនួននេះស្មើតែ ៣០% ប៉ុណ្ណោះ។
លោក Liu Ce ដែលជាប្រធានផ្នែកស្រាវជ្រាវនៅ Kaisa Group បានឲ្យដឹងថា រូបរាងផ្ទះដែលរួមមានការច្នៃម៉ូដក្នុងផ្ទះ និងក្រៅផ្ទះគឺជាកត្តាសំខាន់សម្រាប់អតិថិជនជាស្ត្រី ខណៈដែលកត្តាផ្សេងៗដូចជាទីតាំង និងតម្លៃគ្រាន់តែជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។ដោយដឹងពីនិន្នាការនេះ ក្រុមហ៊ុនអចលន ទ្រព្យបានផ្តោតសំខាន់លើការធ្វើបទបង្ហាញផ្ទះដែលរួមមានការច្នៃម៉ូដក្នុងផ្ទះជាដើម។
លោកស្រី Guo Yi ដែលជាប្រធានផ្នែកវិភាគនៅភ្នាក់ងារអចលនទ្រព្យ Heshou បានឲ្យដឹងថា “អាណាព្យាបាលក្នុងប្រទេសចិនចូលចិត្តទិញផ្ទះសម្រាប់កូនៗរបស់ពួកគេតាំងពីកូនៗនៅជាទារកសម្រាប់ការវិនិយោគ និងសម្រាប់ជាអំណោយទៅកូនៗ”។
លោកស្រីបានបន្ថែមថា អាណាព្យាបាលជាច្រើនក៏គិតថាការមានផ្ទះខ្លួនឯងអាចផ្តល់ភាពងាយស្រួលដល់កូនៗក្នុងការស្វែងរកដៃគូជីវិតផងដែរ។
ការស្ទង់មតិរបស់ Ke.com បានបង្ហាឲ្យដឹងថា ៧៤.២%នៃស្ត្រីដែលចូលរួមការសិក្សាបាននិយាយថាពួកគេបានទិញផ្ទះដោយមិនទទួលបានជំនួយពីអាណាព្យាបាលរបស់ខ្លួន ខណៈដែលមាន៤៥.២% បានទិញដោយទទួលបានជំនួយពីអាណាព្យាបាល និង ២៩%ទៀតអាចទិញអចលនទ្រព្យដឹងពឹងផ្អែកលើសមត្ថភាពខ្លួនទាំងស្រុង ។
ចែករំលែកព័តមាននេះ