ខេត្តសៀមរាប ៖ ជនជាតិជប៉ុននៅកម្ពុជា ទាំងក្នុងជំនួញ, កីឡា និងវិស័យផ្សេងៗទៀតបានប្រកាសអំពាវនាវដល់ជនរួមជាតិរបស់ខ្លួនបរិច្ចាគថវិកាដើម្បីជួយដល់គ្រួសារអ្នកបើកតាក់ស៊ី ដែលរងគ្រោះដោយសារត្រូវជនជាតិជប៉ុន២នាក់សម្លាប់កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅជិតកន្លែង
ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប ។

ជនរងគ្រោះដែលត្រូវឃាតករសម្លាប់ឈ្មោះហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកបើកតាក់ស៊ី រស់នៅភូមិបិងដូនប៉ា សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ។

នេះជាករណីឃាតកម្មដ៏កម្រដែលកើតមាននៅក្នុងទឹកដីខេត្តសៀមរាប ហើយក៏មិននឹកស្មានថាជាទង្វើរបស់ប្រជាពលរដ្ឋជនជាតិជប៉ុនសោះ ដូច្នេះទាំងអ្នកជំនួញ, ក្រុមកីឡាករ និងវិស័យផ្សេងៗ ព្រមទាំងស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏នឹកស្មានមិនដល់ថ្នាក់ហ្នឹងដែរ ។

សូមបញ្ជាក់ថា សម្រាប់ជនជាតិជប៉ុននៅកម្ពុជា នេះជារឿងដ៏អាម៉ាសបំផុត ដែលមានមិត្តរួមជាតិរបស់ខ្លួនប្រព្រឹត្តអំពើព្រៃផ្សៃយ៉ាងដូច្នេះមកលើលោក ហ៊ឹម ចាន់ ជាអ្នកបើកបររថយន្តឈ្នួលរងគ្រោះ ដែលធ្វើឱ្យភរិយារបស់អ្នកបើកបរតាក់ស៊ីម្នាក់នេះក្លាយជាស្ត្រីមេម៉ាយ ត្រូវទទួលបន្ទុកចិញ្ចឹមកូនកំព្រាប្រុសស្រីចំនួន៤នាក់យ៉ាងដូច្នេះសោះ។

លោក Akihiro Kato ប្រធានក្លិបកីឡាបាល់ទាត់ អង្គរថាយហ្គឺរ បានបន្តសុំទោសមូយលើកជាពីរលើកចំពោះពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជាផងដែរ។ លោកបានប្រកាសផ្តល់ថវិកា១០០០ដុល្លារដល់គ្រួសារជនរងគ្រោះ។ ចំពោះលោកផ្ទាល់ដែលជាថ្នាក់ដឹកនាំបាល់ទាត់ និងក្រុមកីឡាករបាល់ទាត់ជប៉ុននៅកម្ពុជាបានកៀងគរប្រមូលថវិកាយកមកផ្តល់ជូនក្រុមគ្រួសាររងគ្រោះនៃសពលោក ហ៊ឹម ចាន់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះចំនួន៤០៤៥ដុល្លារអាមេរិក ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនសន្តិសុខនៃស្នងការនគរបាលខេត្ត ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរង ទទួលផែនសន្តិសុខនៃស្នងការនគរបាលខេត្ត ក្នុងនាមតំណាងឱ្យក្រុមគ្រួសារសព និងក្នុងនាមរូបលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ក្លិបបាល់ទាត់ អង្គរ ថាយហ្គឺរ សៀមរាប និងសូមជូនពរម្ចាស់ក្លិប ព្រមទាំងសមាជិកទាំងអស់ជួបតែសេចក្តីសុខ និងជោគជ័យជារៀងរហូត។

កាលពីថ្ងៃទី២០ មីនា លោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាក៏បានបង្ហោះសារមួយថា «ចូលរួមរំលែកទុក្ខពីឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា» រូបខ្ញុំពិតជាក្រៀមក្រំ នៅពេលដែលបានឮដំណឹងថា អ្នកបើកបររថយន្តឈ្នួល គឺលោក ហ៊ឹម ចាន់ ដែលត្រូវជនជាតិជប៉ុន២នាក់សម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃសពរបស់លោក ហ៊ឹម ចាន់ ផង ហើយសូមវិញ្ញាណក្ខន្ធលោក ទៅកាន់សុគតិភព» ៕










ចែករំលែកព័តមាននេះ