តើ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​លំដាប់ 4Fអាច​នឹង​មាន​វិវាទ​ដីធ្លី​ដែរឬទេ?


រាជធានី​ភ្នំពេញ ៖ តំណាង​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធ​សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​លំដាប់ 4F លោក​អគ្គនាយក​ក្រុមហ៊ុន OCIC ឧកញ៉ា ពុង ឃាវ​សែ បានឱ្យ​ដឹង​ថាបើ​មិន​មានការ​ជួប​បញ្ហា​វិវាទ​ដីធ្លី​នោះ​ទេ ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​គ្រោង​នឹង​សាង​សង់​នៅ​ក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ នឹង​ចាប់ផ្តើម​សាងសង់​នា​ដើមឆ្នាំ​២០២៤​។

លោក​ឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC បានឱ្យ​ដឹង​ថា យ៉ាង​យូរ​នៅ​ដើមឆ្នាំ​២០២៤ ខាង​មុខ​នេះ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នានា​ទៀត នឹង​ចាប់ផ្តើម​ដំណើរ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ប្រសិនបើ​មិន​មាន​វិវាទ ឬ​បញ្ហា​ដីធ្លី​ពាក់ព័ន្ធ​ក្នុង​បរិវេណ​គម្រោង​ត្រូវ​បាន​ដោះស្រាយ​។

​លោក​ឧកញ៉ា ពុង ឃាវ​សែ បាន​បញ្ជាក់​ថា ៖ «​នៅ​ពេល​បច្ចុប្បន្ន​នេះ តំបន់​ដែល​នឹង​ត្រូវ​បាន​សាងសង់​ព្រ​លាន​យន្តហោះ​នោះ គឺ​កំពុង​បាន​ដំណើរការ​រ៉ាវ​រក​គ្រាប់​មីន និង​គ្រាប់​អាវុធ​យុទ្ធ​ភ័​ណ្ឌ​នានា​ទៀត ដែល​ក្នុង​មួយ​ថ្ងៃ​គឺ​គេ​អាច​រ៉ាវ​រក​គ្រាប់​មីន​បាន​ក្នុង​ទំហំ​ដី​ពី​៥ ទៅ​៦​ហិច​តា ហើយ​ក្នុង​ទំហំ​ដី​ដែល​គ្រោង​សាងសង់​ព្រ​លាន​គឺ​មាន​ប្រមាណ​ជាង​២៦០០​ហិ​កតា គឺ​ត្រូវ​រ៉ាវ​មីន​រយៈពេល​៨​ខែ​ទើប​រួចរាល់​» ។

ឧកញ៉ា ពុង ឃាវ សែ បាន​បន្ត​ថា ដី​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​លំដាប់ 4F នេះ បច្ចុប្បន្ន ប្រមូល​ដី​បាន​ប្រមាណ​ជាង​១,០០០​ហិច​តា​ហើយ ពោល​គឺ​ប្រមូល​បាន​៤០% នៅ​សល់​៦០%​ទៀត កំពុង​រៀបចំ​ដោះស្រាយ​។ សម្រាប់​ការ​សង់​ព្រ​លាន​យន្តហោះ​នៅ​ក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង និង​ស្រុក​បាទី​នោះ កន្លង​មក មាន​ក្រុមហ៊ុន​ធំ​ៗ​បី​នៅ​ក្នុង​ពិភពលោក បាន​ដេញថ្លៃ​សាងសង់ ប៉ុន្តែ​ចុង​ក្រោយ​កម្ពុជា​សម្រេច​អោយ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ប្រទេស​អង់គ្លេស​ជា​អ្នក​ទទួល​សាងសង់​។

សូម​បញ្ជាក់​ថា ព្រ​លាន​យន្តហោះ​ថ្មី​ដែល​គ្រោង​សាងសង់​ចំណុះ​ឱ្យ​រាជធានី​ភ្នំពេញ​នេះ គឺ​បាន​ប្រើប្រាស់​ទុន​វិនិយោគ ១,៥០០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ក្នុង​នោះ ប្រាក់​កម្ចី​ធនាគារ​បរទេស​គឺ​មាន​ចំនួន​១,១០០​លាន​ដុល្លា​អា​មេ​រិ​ក កម្ចី​ពី​ភាគទុន OCIC មាន​ចំនួន​២៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ដើមទុន​ចុះបញ្ជី មាន​១២០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ក្រុមហ៊ុន OCIC មាន​៩០% និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​តំណាង​រាជរដ្ឋាភិបាល​គឺ​មាន​១០%​។

យ៉ាងណា​ក៏​ដោយ ទីតាំង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ស្ថិត​នៅ​ឃុំ​ពុទ្ធ​ស នៅ​ស្រុក​បាទី​ខេត្តតាកែវ ហាក់​មិន​មាន​បញ្ហា​ដែល​នាំ​ដល់​វិវាទ​ដីធ្លី​នោះ​ទេ ព្រោះ​លាតសន្ធឹង​លើ​ដី​ប្រមាណ​ជាង ១០០ ហិ​កតា​ដែល​ជា​ប្រភេទ​ដី​កសិកម្ម ៦​ខែ​គោក ៦​ខែលិច​ទឹក​។ នេះ​បើ​យោង​តាម​មន្ត្រី​ស្រុក​បាទី ។

ក៏​ប៉ុន្តែ​នៅ​មាន​ភាព​មិន​ច្បាស់លាស់​នៅឡើយ​ពាក់ព័ន្ធ​នឹង​ទីតាំង​គម្រោង​ព្រ​លាន​យន្តហោះ​នៅ​ឃុំ​ចំនួន ២ នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវ​បាន​ឲ្យ​ដឹង​ថា​ត្រូវ​បាន​អ្នកមាន​គ្រាក់​ៗ​ទិញ​និង​កាន់កាប់​តាំងពី​ឆ្នាំ ២០១៨ មក​ម្លេះ ដូច្នេះ​ការ​ដោះស្រាយ​យ៉ាងណា​នៅ​មិន​ទាន់​ច្បាស់ការ​នៅឡើយ​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ