រាជធានីភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត ឬមានជម្ងឺប្រចាំកាយបានដេកននៀលលើថ្នល់ស្រែកអោយគេជួយប្រាប់ថា ពិបាកក្នុងខ្លួន និងណែនដើមទ្រូង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលលរដ្ឋ និងសមត្ថកិច្ចចុះមកសួរនាំហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអាហារដ្ឋានភូមិយើង តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងល្បាតក្នុងមូលដ្ឋានមកដល់ចំណុចខាងលើបានប្រទះឃើញបុរសម្នាក់សង្ស័យប្រើប្រាស់ថ្នាំញៀនលើសកម្រិត ឬមានជម្ងឺប្រចាំកាយទេបានដេកននៀលលើថ្នល់ ហើយស្រែកអោយគេជួយផង គេពិបាកក្នុងខ្លួនណាស់ ខណៈពេលក្រឡេកមើលឆ្វេងស្ដាំដូចជា គ្មានអ្នកដេញវ៉ៃទេ ក៏ហៅប្រជាពលរដ្ឋឲ្យជួយលើកជនរងគ្រោះដាក់មកចិញ្ចើមផ្លូវមុខអាហារដ្ឋាន ដើម្បីសួរនាំ ហើយបុរសនោះគិតតែពីយំស្រែកមិនឈប់រួចក៏ប្រញាប់ហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅព្យាបាល ។
សមត្ថកិច្ចបន្តថា ក្រោយមកប្រមាណកន្លះម៉ោងក៏មានបុរស និងស្ត្រី២នាក់ជិះម៉ូតូកង់បីមកដល់បាននាំគ្នាលើកដាក់ម៉ូតូកង់បីដោយបានអះអាងថា ជាក្រុមគ្រួសារអ្នករងគ្រោះ ប៉ុន្តែ សមត្ថកិច្ចសួរនាំពីបុរសដែលដេកននៀលលើថ្នល់ថា មានរឿងអី បែរជាក្រុមគ្រួសារមិនបាននិយាយទេ បានត្រឹមតែសុំទោស និងអរគុណដល់សមត្ថកិច្ចដែលជួយអន្តរាគមន៍ រួចលើកបុរសរូបនោះដាក់លើកង់បីប្រាប់ថា យកទៅមន្ទីរពេទ្យក៏ជិះចេញទៅបាត់ ៕
ចែករំលែកព័តមាននេះ