អ្នក​ដឹក​ជញ្ជូន​ស្នើ ស្ថាប័នរដ្ឋ​ពង្រីក​ការ ទូទាត់​ចំណាយ​តាម បច្ចេកវិទ្យា​ទំនើប


រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​វិស័យ​ទូទាត់​នានា​នៅ​កម្ពុជា​កំពុង​ពង្រីក​ខ្លួន​ជា​បណ្ដើរ​ៗ​ទៅ​តាម​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បាន​ជួយ​ព​ន្លឿ​ន​ការងារ​កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​និង​ធុរជន ក៏​ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​ទូទៅ​វិញ ការ​ទូទាត់​បែប​នេះ​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅឡើយ​ទេ ជា​ពិសេស​ការ​ទូទាត់​ទៅ​កាន់​ស្ថាប័នរដ្ឋ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ។

យោង​តាម លោក ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ទីភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​ទូទាត់​ទំនិញ​ចេញចូល​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅឡើយ​ជាមួយ​ច្រក​ចេញចូល ជា​ពិសេស​នៅ​ច្រក​កំពង់​ផែ​ផ្ទាល់​តែ​ម្ដង ដោយសារ​តែ​ទំនិញ​ចេញចូល​នោះ​គឺ​ប្រទេស​ភាគច្រើន​ត្រូវ​ដឹក​តាម​ផ្លូវទឹក
( កប៉ាល់ ) ហើយ​ការ​ទូទាត់​ទៀត​សោត​នៅ​មិន​ទាន់​ប្រើប្រាស់​តាម​អន​ឡាញ ឬ​បច្ចេកវិទ្យា​ទំនើប​នៅឡើយ មាន​ន័យ​ថា​ការ​ទូទាត់​នៅ​តែ​ប្រើ​ជា​សាច់ប្រាក់ ដដែល ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « រាល់​ការ​ទូទាត់​នានា​ពេល​នេះ គឺ​នៅ​តែ​ប្រើ​ជា​សាច់ប្រាក់​យក​ទៅ​បង់​នៅឡើយ ដោយ​មិន​ទាន់​មាន​បំពាក់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ក្នុង​ការ​ទូទាត់​នោះ​ទេ អ​ញ្ចឹ​ង​ហើយ​ទើប​បង្ក​អោយ​មាន​ភាព​យឺតយ៉ាវ​បន្តិចបន្តួច » ។ លោក ស៊ិ​ន ច​ន្ធី បន្ត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​វា​មាន​ភាព​ប្រសើរ​ជា​មុន​បន្តិច ក៏​ប៉ុន្តែ​បើ​ធៀប​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត ឃើញ​ថា​នៅ​តែ​ក្រោម​គេ ។ ដោយឡែក​សម្រាប់​ស្ថាប័ន​គយ បច្ចុប្បន្ន​នេះ បាន​សហការ​ជាមួយ​ធនាគារ​ក្នុងស្រុក​ពីរ គឺ​អេ​ស៊ី​លី​ដា និង​កា​ណា​ឌី​យ៉ា ដើម្បី​អោយ​អ្នក​ដឹក​ជញ្ជូន​អាច​ទូទាត់​តាម​រយៈ​ធនាគារ​ជា​ដៃគូ​រទាំង​ពីរ ក៏​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ទូលំទូលាយ​សម្រាប់​អ្នក​ដឹក​ជញ្ជូន​នៅឡើយ ។

ប្រភព​ដដែល​មាន បាន​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ទី​២៩​មីនា ខាង​មុខ​នេះ វិស័យ​ឯកជន​ដែល​មាន​វិស័យ​ដឹក​ជញ្ជូន​ដែរ​នោះ នឹង​ជួប​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិភាក្សា​និង​ជម្រាប​ពី​បញ្ហា​ទៅ​កាន់​រដ្ឋាភិបាល​ជួយ​ដោះស្រាយ ហើយ​ពេល​នោះ គឺជា​ឱកាស​របស់​ពួក​យើង ដើម្បី​អោយ​លោក​ជួយ​ដោះស្រាយ ។
លោក ស៊ិ​ន ច​ន្ធី បន្ត​ថា​៖« យើង​បាន​ជួប​ពិភាក្សា​រួច​ហើយ ក្នុង​ការ​រៀបចំ​ឯកសារ និង​បញ្ហា​មួយ​ចំនួន​ត្រៀម​ជួប​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​សង្ឃឹមថា​ប្រមុខ​រាជរដ្ឋាភិបាល​វះកាត់​នូវ​បញ្ហា​ណា​ដែល​ពិបាក​ចេញ ដើម្បី​ជំរុញ​ដល់​ភាព​រីក​ចម្រើន​នៃ​វិស័យ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ដែល​ជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុង​ចរន្ត​សេដ្ឋកិច្ច » ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ពួក​យើង​ចង់បាន​នោះ គឺ​ការ​ធ្វើ​យ៉ាងណា​អោយ​តម្លៃ​ដឹក​ជញ្ជូន​ធ្លាក់​ចុះ​ទាប ហើយ​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ក៏​បាន​កាត់​បន្ថយ​នូវ​ការ​ចំណាយ​មួយ​ចំនួន​ដល់​វិស័យ​ដឹក​ជញ្ជូន​ផង​ដែរ ជាក់ស្ដែង​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​នូវ​ស្ថាប័ន​កាំសាប និង កាំ​ង​កុងត្រូល​ជាដើម នៅ​តាម​ព្រំដែន ហើយ​ការ​លុប​បំបាត់​ស្ថាប័ន​ទាំងនេះ នឹង​ធ្វើការ​ចំណាយ​របស់​ពួក​យើង​កាន់តែ​តិច និង​ប្រើ​ពេល​ខ្លី ។

បើ​តាម​លោក ពៅ ម៉ា​លី​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន បានអោយ​ដឹងផង​ដែរ​ថា ពេល​នេះ ក្រសួង​កំពុង​អនុវត្តន៍​អោយ​មានការ​ទូទាត់​ប្រាក់​មក​ក្រសួង​តាម​រយៈ​ប្រព័ន្ធ QR Code ដើម្បី​កាត់​បន្ថយ​នូវ​ពេលវេលា ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​ក្រសួង​ផ្ទាល់ ហើយ​ជា​ពិសេស​នោះ គឺ​កាត់​បន្ថយ​ការ​ជួប​ផ្ទាល់​រវាង​មន្ត្រី និង​អ្នក​បង់​សេវា ជៀសវាង​ការ​ចំណាយ​ក្រៅផ្លូវការ​នានា ។ នៅ​ជំ​ហ៊ាន​បន្ទាប់​ក្រសួង​នឹង​ត្រូវធ្វើ​កិច្ចការ​នេះ អោយ​បាន​ទូលំទូលាយ​ថែម​ទៀត ដើម្បី​ដើរ​អោយ​ស្រប​ទៅ​តាម​ផែនការ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ស្ថាប័នរដ្ឋ​មួយ​ចំនួន​បាន​បំពាក់​នូវ​ការ​ទូទាត់​តាម​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​មួយ​ចំនួន ដើម្បី​ព​ន្លឿ​ន​ការងារ​របស់​ប្រជាពលរដ្ឋ ក្នុង​ពេល​ដែល​ធនាគារ​មួយ​ចំនួន ក៏​បាន​ពង្រីក​នូវ​បច្ចេកវិទ្យា​របស់​ខ្លួន អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ផង​ដែរ ។ ក្នុង​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា ការ​បំពាក់​នូវ​សេវា​ទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​នេះ​ដែរ ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មនុស្ស​សម័យនេះ​ផង​ដែរ ជា​ពិសេស​យុវវ័យ ដូច​ជា​ការ​ទូទាត់​តាម​QR Code តាម​វី​សា​កាត Master Card , និង​កាត​អេ​ឡិច​ត្រូ​និក​មួយ​ចំនួន​ទៀត​ផង​ដែរ ។ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​កំណត់​ផង​ដែរ​ពី​ការ​ផ្លាស់​ប្តូរ​ប្រើ​សាច់ប្រាក់​សុទ្ធ ងាក​មក​ប្រើ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ដើម្បី​ជំរុញ​ដល់​ដំណើរការ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល អោយ​កាន់តែ​មាន​ភាព​រីក​លូតលាស់ ដូច​បណ្ដា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ