រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមនដឹកនាំដោយលោក ហាយ សិទ្ធី ប្រធានការរិយាល័យផែនការ និងអភិវឌ្ឍន៍ បានដឹកនាំកម្លាំងចម្រុះចុះផ្អាកអាជីវកម្មទីតាំងលក់ស្រាក្រឡុកមួយកន្លែង បន្ទាប់ពីពិនិត្យឃើញថាពុំមានសុំច្បាប់ទម្លាប់ពីស្ថាបន័ពាក់ពន្ធ័អោយបានត្រឹមត្រូវ ។

ការចុះផ្អាកអាជីវកម្មខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅកន្លែងលក់ស្រាក្រឡុក យីហោ SN 56 Cock tail ដែលមានទីតាំងទល់មុខភោជនីយដ្ឋានកំពង់ត្រាំង ក្រុម២ ផ្លូវ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

បើតាមសម្តីអាជ្ញាធរខណ្ឌចំការមនបានអោយដឹងថា មុនមានការចុះផ្អាកអាជីវកម្មខាងលើ គឺអាជ្ញាធរខណ្ឌបានទទួលដំណឹងថា ទីតាំងខាងលើទើបតែមកបើកធ្វើអាជីវកម្មបានរយៈពេល៧ថ្ងៃតែប៉ុណ្ណោះ ដែលម្ចាស់ទីតាំងខាងលើឈ្មោះ យីម ស្រីនិច ភេទស្រី ហើយការបើកអាជីវកម្មលក់ដូរនេះចាប់ផ្តើមពីម៉ោង៥ល្ងាចដល់ម៉ោង៤និង៣០នាទីទៀបភ្លឺ ។

ប្រភពដដែលបានបន្តថា ទីតាំងបើកលក់ស្រាក្រឡុកខាងលើនេះតែងតែមានបញ្ហាក្មេងទំនើងវាយកាប់ចាក់គ្នា បង្កភាពអនាធិបតយ្យសំឡេងរំខានប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយ ណាមួយម្ចាស់ទីតាំងមិនព្រមសហការជាមួយនិងសមត្ថកិច្ចមូលដ្ឋាន ទើបរហូតមកដល់ថ្ងៃនេះ អាជ្ញាធរខណ្ឌចំការមនដែលដឹកដោយលោក ហាយ សិទ្ធី ប្រធានការរិយាល័យផែនការនិងអភិវឌ្ឍន៍បានដឹកនាំកម្លាំងចម្រុះ រួមមានការចូលរួម ពីលោក សូ សំបាន នាយប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ បានចុះពិនិត្យនិងសាកសួរទីតាំងខាងលើ ឃើញថា ពុំមានសុំច្បាប់អនុញ្ញាតពីស្ថាបន័ពាក់ពន្ធ័អោយបានត្រឹមត្រូវនោះទេ ដូច្នៃហើយទើបកម្លាំងអាជ្ញាធរបានធ្វើការផ្អាកអាជីវកម្មខាងលើនេះតែម្តង ៕







ចែករំលែកព័តមាននេះ