រាជធានីភ្នំពេញ ៖ ក្នុងពេលប្រទេសវៀតណាមកំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក និងកំពុងរាលដាលនៅប៉ែកខាងជើងនឹងត្រូវបានហាមឃាត់ទៅបណ្តាប្រទេសមួយចំនួននោះ ទីផ្សារជ្រូករស់នៅកម្ពុជានៅតែមានតម្លៃខ្ពស់ដដែល ដោយក្នុងមួយគីឡូក្រាមនៃជ្រូករស់ អាចលក់បាន ក្នុងតម្លៃរហូតដល់ជាង១ម៉ឺនរៀល ខណៈតម្លៃកាលពីពាក់កណ្តាលឆ្នាំ ២០១៨ មានចន្លោះពី ៦ ០០០ ទៅ ៧០០០ រៀលតែប៉ុណ្ណោះ។ តែយ៉ាងណាក៏ដោយ ទីផ្សារជ្រូករស់នៅក្នុងប្រទេសកម្ពុជាពេលនេះហាក់កំពុងមានហានិភ័យពីការឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកពីប្រទេសវៀតណាម ។
លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាគេដឹងថាជាស្ដេចកសិកម្មមួយរូបនៅកម្ពុជា បានអោយដឹងថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេសកម្ពុជា គឺអាស្រ័យលើការទប់បាន ឬមិនបានពីការឆ្លងជំងឺពីវៀតណាម ។ បើសិនជាទប់បាន តម្លៃជ្រូករស់ ក្នុងស្រុកនឹងនៅតែល្អប្រសើរ តែបើសិនជាទប់មិនបានទេនោះ ហើយបណ្ដោយអោយជ្រូកវៀតណាមចូលមកចរាចរណ៍លើទីផ្សារ វានឹងឆ្លងមកកាន់ជ្រូកខ្មែរ ហើយតម្លៃនឹងធ្លាក់ចុះមិនខានទេ ។ លោកឧកញ៉ាបន្តថា កសិករ និងម្ចាស់កសិដ្ឋាន ដែលកំពុងទទួលផលពីការឡើងថ្លៃ នៃតម្លៃជ្រូក គួរតែហ៊ានចំណាយលើការទិញឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញទ្រុង រឺកសិដ្ឋាន ថែទាំអោយមែន ។ លោកឧកញ៉ា ម៉ុង ឬទ្ធី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «កុំស្ដាយលុយទិញ ឧបករណ៍ ហើយទុកជ្រូកឆ្លងជំងឺងាប់ចោលអត់ប្រយោជន៍ ចឹងហើយចំណាយលុយខ្លះទិញឧបករណ៍ បាញ់ថ្នាំវាប្រសើរជាងទុកអោយជ្រូកឆ្លងជំងឺងាប់ចោលនោះ »។ លោកបន្ថែមថា ជ្រូកក្នុងស្រុកឡើងថ្លៃនៅពេលនេះ ក៏ដោយសារតែកត្តាមួយទៀតផងដែរ គឺត្រីក្នុងឆ្នាំនេះអត់ត្រូវ អញ្ចឹងហើយពលរដ្ឋអត់មានជម្រើសអ្វីសម្រាប់ធ្វើម្ហូបមានតែទិញសាច់ជ្រូកមកធ្វើម្ហូប បើឆ្នាំមុនៗ ត្រីត្រូវច្រើន ពលរដ្ឋនាំគ្នាយកលុយទៅទិញត្រីមកធ្វើប្រហុកនិងទិញត្រូវធំៗមកធ្វើម្ហូប ទើបធ្វើអោយសាច់ជ្រូកឆ្នាំមុនៗ ទាបជាងឆ្នាំនេះ ។
បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអោយដឹងថា យើងបានសុំអោយឈ្មួញបញ្ឈប់នាំចូលជ្រូកពីវៀតណាម ហើយងាកទៅនាំចូលជ្រូកពីថៃមកផ្គត់ផ្គង់វិញ ពីព្រោះនៅប្រទេសថៃ មិនទាន់មានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡើយទេ ដូច្នេះឈ្មួញអាចនាំចូលមកផ្គត់ផ្គង់លើទីផ្សារបាន បើទោះបីជាជ្រូកមកពីប្រទេសថៃរាងថ្លៃជាងមកពីវៀតណាមក៏ដោយ ។ លោកបន្តថា ពេលនេះ អ្នកចិញ្ចឹមជ្រូកគាត់ពេញចិត្តនឹងតម្លៃជ្រូកខ្លាំងណាស់ ព្រោះវាឡើងថ្លៃខ្ពស់ហើយ តែត្រូវរក្សាតម្លៃនេះអោយបានយូរបន្ថែមទៀត ដោយត្រូវការពារមិនអោយជំងឺនេះឆ្លងរាលដាលមកដល់កម្ពុជា ។ លោក បន្តថា « ជំងឺនេះបើសិនជាវាឆ្លងទៅកាន់កសិដ្ឋានណាមួយហើយ វានឹងសម្លាប់ជ្រូកក្នុងកសិដ្ឋាននោះ ទាំងអស់ ហើយជ្រូកដែលងាប់នោះ ក៏មិនត្រូវយកសាច់មកលក់លើទីផ្សារដែរ យកល្អត្រូវតែដុតកម្ទេចចោលនៅក្នុងកសិដ្ឋានទាំងនោះតែម្ដង ដើម្បីកុំអោយឆ្លងរាលដាលដល់ជ្រូកដទៃទៀត » ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍អោយដឹងថា ចាប់តាំងពីប្រទេសវៀតណាម ផ្ទុះជំងឺប៉េស្តអាហ្វ្រិកលើសត្វជ្រូក ពីប៉ុន្មានខែមុន ក្រសួងពាក់ព័ន្ធនានា បានចេញសេចក្តីប្រកាសអោយទប់ស្កាត់ពីការនាំចូលជ្រូកពីប្រទេសវៀតណាម មកផ្គត់ផ្គង់លើទីផ្សារក្នុងប្រទេសកម្ពុជា ហើយអោយឈ្មួញបង្វែការនាំចូលពីប្រទេសថៃមកផ្គត់ផ្គង់វិញ ។ លោកបន្តថា ក្រសួងបានបញ្ជូនមន្ត្រី នៅនាយកដ្ឋានទាំងពីរ គឺនាយកដ្ឋាន សុខភាពសត្វ និង ផលិតកម្មសត្វ ទៅកាន់ព្រំដែន ដើម្បីត្រួតពិនិត្យមើលពីការនាំចូលពីប្រទេសវៀតណាម និងត្រូវធានាថា ជ្រូកដែលនាំចូលពីវៀតណាមជាជ្រូកដែលល្អ មិនមានផ្ទុកជំងឺ តែយ៉ាងណានាយកដ្ឋាននឹងជំរុញអោយឈ្មួញ ងាកទៅនាំចូលពីប្រទេសថៃវិញ ដើម្បីធានាបានថាជ្រូកខ្មែរ នឹងមិនឆ្លងជំងឺនេះ។កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់ជាក់លាក់នូវការនាំចូលជ្រូកពីក្រៅប្រទេសមកកាន់ទីផ្សារកម្ពុជាប្រមាណតែ ១ ២៥០ ក្បាលក្នុងមួយថ្ងៃមកកាន់ទីផ្សារកម្ពុជា។
គួរបញ្ជាក់ថា ទីផ្សារជ្រូករស់កម្ពុជា ទើបតែមានហាងឆេង ក្នុងរយៈពេលប្រមាណកន្លះឆ្នាំមកនេះប៉ុណ្ណោះ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនោះ ។ ក្នុងពេលតម្លៃជ្រូកធ្លាក់ចុះ កសិករ និងម្ចាស់កសិដ្ឋាន បានបិទកសិដ្ឋានចោលបោះបង់ការចិញ្ចឹមជ្រូក ដោយសារតែមិនអាចទប់ទល់នឹងការខាតបង់ តែក្រោយមកវាក៏បានងើបឡើងវិញ តែកសិករនិងម្ចាស់កសិដ្ឋានមួយចំនួន នៅមិនទាន់ហ៊ានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួន ដោយខ្លាចមានបញ្ហាទីផ្សារដូចកាលមុនទៀត ៕
ចែករំលែកព័តមាននេះ