ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានរាយការណ៍ថា ពលរដ្ឋម្នាក់បានដើរជាន់មីន បណ្ដាលឱ្យផ្ទុះដាច់កែងជើងម្ខាង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ មីនា ខណ:ពេលធ្វើដំណើទៅចំការ ស្ថិតនៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ។

ជនរងគ្រោះឈ្មោះជ័យ ច័ន្ទ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅឃុំព្រៃត្រឡាច ស្រុករុក្ខគិរី តែបានទៅស្នាក់នៅបណ្ដោះអាសន្ន នៅផ្ទះសាច់ញាតិដែលស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះបានជាន់មីន នៅពេលគាត់ដើរទៅចំការរបស់ពូ ដែលស្ថិតនៅខាងចុងភូមិ ហើយផ្លូវនេះ គឺគាត់ធ្លាប់ធ្វើដំណើរកន្លងមកទេ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងដែរថា គ្រាប់មីននោះ កប់នៅក្នុងដីដែលសេសសល់កាលពីសម័យសង្គ្រាម ដែលជាប្រភេទគ្រាប់«មីន72.A»។ ជនរងគ្រោះរងរបួសបែកកែងជើងខាងស្ដាំ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលអាចឈានដល់ការវះកាត់ទៀតផង ។

ក្រោយពីក្រុមគ្រូពេទ្យធ្វើការសង្គ្រោះបឋម នៅមណ្ឌលសុខភាពស្រុកសំឡូត ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តហើយ ។
ចែករំលែកព័តមាននេះ