រាជធានីភ្នំពេញ ៖ រថយន្តសេ៊រីទំនើបម៉ាកអូឌី ពណ៌ខ្មៅ សេ៊រី២០១៣ មួួយគ្រឿងបានបើកបុកម៉ូតូកូនទាមួយគ្រឿងកល់ជាប់ក្រោមស្លាកលេខរថយន្ត និងបើករត់អូសជាច្រើនម៉ែត្របណ្ដាលឱ្យបែកផ្កាភ្លើងពេញផ្លួវ ក៏ជ្រុលទៅបុកបាក់បង្គោលភ្លើងមួយដើមទៀតទើបទៅមុខលែងរួចធ្វើឱ្យរថយន្ត និងម៉ូតូដែលកល់ជាប់ក្រោមរថយន្តបែកផ្កាភ្លើងឆាបឆេះសន្ធោសន្ធៅឡើង តែសំណាងល្អគ្មានអ្នកស្លាប់និងរងរបួសធ្ងន់ធ្ងរនោះទេក្នុងឧបទ្ទវហេតុនេះ ។
ការភ្ញាក់ផ្អើលជុំវិញហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ កញ្ញា តាមបណ្ដោយមហាវិថីម៉ៅសេទុង ខាងត្បូងសាលាបឋមសិក្សាសន្ធរម៉ុក ដែលស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ។ អ្នកបើកម៉ូតូម៉ាកកូនទាឈ្មោះញុឹក ថូដារ៉ារិទ្ធ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះលេខ៨១A ផ្លូវលេខ៣៤៤ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ ចំណែកអ្នកបើកបររថយន្តអូឌីបង្កហេតុប៉ូលិសមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះគេចខ្លួនបាត់ សល់តែស្លាកលេខ ប៉ុន្តែពិតណាស់អ្នកជិះរថយន្តទំនើបនេះមិនមែនជនធម្មតាឡើយទំនងមកពីផឹកស្រាស្រវឹងដាបនៅទីណាមួយ ។ មន្ត្រីប៉ូលិសចរាចរខណ្ឌទួលគោកបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តសេ៊រីទំនើបម៉ាកអូឌី ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២AB-១៦៨៨ បើកបរដោយបុរសម្នាក់បានបើកយ៉ាងលឿនតាមផ្លូវលេខ១៩៩ ក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់មុខហាងខារ៉ាអូខេលុចសារី ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ក៏ជ្រុលចង្កូតទៅបុកម៉ូតូកូនទា ពណ៌ខ្មៅមួយគ្រឿងដែលជិះដោយបុរសម្នាក់ចំពីមុខពេញទំហឹង បណ្ដាលឱ្យម្ចាស់ម៉ូតូកូនទាបើុងខ្ទាតចេញផុតពីម៉ូតូបណ្ដាលឱ្យរងរបួសរលាត់ដៃជើង ។
ចំណែកម៉ូតូកល់ជាប់នៅក្រោមពោះរថយន្ត ហើយត្រូវរថយន្តបើកអូសបែកផ្កាភ្លើងពេញផ្លូវមើលទៅដូចជារឿងចិនហុងកុង គឺបើកអូសតាំងពីផ្លូវលេខ១៩៩រហូតបត់ស្ដាំមកផ្លូវម៉ៅសេទុងដល់មុខហាងលក់សំយាប់ផ្ទះ និងទ្វារគ្រប់ប្រភេទ យីហោលី លឹមហួរ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ក៏ជ្រុលចង្កួតទៅបុកបាក់បង្គោលភ្លើងមួយដើមទៀតទើបបណ្ដាលឱ្យរថយន្តត្រូវឆេះដោយអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅនៅលើក្បែរចិញ្ចើមផ្លូវ ហើយត្រូវអ្នកដែលរស់នៅក្បែរៗនោះជួយយកទឹកមកបាញ់ពន្លត់ តែមិនអាចរលត់បានទេ បែរជាអណ្ដាតភ្លើងកាន់តែឆាបឆេះខ្លាំងឡើងៗ ទើបសមត្ថកិច្ចខណ្ឌទួលគោកហៅរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋានរាជធានីភ្នំពេញមួយគ្រឿងមកបាញ់ទឹកពន្លត់ ។ ទម្រាំរថយន្តទឹកមកដល់គេឃើញរថយន្តនេះចង់ក្លាយជាខ្មោចទៅហើយ ។ ពុំមានឯកសារណានៅសេសសល់អាចបញ្ជាក់ពីម្ចាស់រថយន្តបង្កហេតុទេ ព្រោះគ្រឿងក្នុងឆេះអស់ ។ ប៉ុន្តែនៅសល់ស្លាកលេខអាចចំណាំបានគឺ ២AB-១៦៨៨ ដែលអាចរកម្ចាស់វាឃើញឱ្យមកដោះស្រាយ និងទទួលទោសតាមច្បាប់ ។
ក្រោយពេលភ្លើងត្រូវបានពន្លត់ប៉ូលិស និងកងរាជអាវុធហត្ថខណ្ឌទួលគោកបានពិនិត្យមើលក្នុងរថយន្តព្រោះខ្លាចមានអ្នកស្លាប់ដោយសារអណ្ដាតភ្លើង តែពេលពិនិត្យមិនឃើញមានអ្នកស្លាប់ ឬរបួសនៅក្នុងរថយន្តទេ ។ អ្នករស់នៅក្បែរៗនោះបាននិយាយថា នៅពេលពួកគាត់កំពុងតែដេកលង់លក់នៅក្នុងផ្ទះ ស្រាប់តែលាន់ឮសំឡេងដូចរន្ទះ ពេលនោះពួកគាត់បានបើកទ្វារផ្ទះចេញមកមើលស្រាប់តែឃើញបុរសម្នាក់បើកទ្វាររថយន្តចេញមកក្រៅហើយឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ស្រមោលទៅ នៅសល់តែរថយន្តនឹងម៉ូតូកូនទាមួយគ្រឿងដែលនៅជាប់ក្រោមរថយន្តត្រូវបានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវពួកគាត់ជួយបាញ់ទឹកពន្លត់និងហៅសមត្ថកិច្ចមកជួយអន្តរាគមន៍ ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបានស្ទួចខ្មោចរថយន្ត និងម៉ូតូយកទៅទុកនៅការិយាល័យចរាចរណ៍ជើងគោកសម្រាប់ធ្វើការដោះស្រាយដែលតាមផ្លូវច្បាប់មិនអាចគេចផុតពីចូលពន្ធនាគារបានឡើយ ព្រោះរាជរដ្ឋាភិបាលថ្មីបានកែទម្រង់យុត្តិធម៌ជាក់ជាមិនខាន ៕
ចែករំលែកព័តមាននេះ