រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ មីនា បានចាត់បញ្ជូនបុរសជនជាតិអាមេរិកចំណាស់ម្នាក់មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីទិញពេស្យាចារកុមារី និងស្ត្រីខ្មែរដោយខុសច្បាប់ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ មានឈ្មោះ POPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិអាមេរិកាំង កាន់លិខិតឆ្លងដែនលេខ 546245420 ។ បើតាមសមត្ថកិច្ចឱ្យដឹងទៀតថា ជនសង្ស័យបានរងនូវពាក្យបណ្តឹងពីសំណាក់អាណាព្យាបាលជនរងគ្រោះ កាលពីល្ងាចថ្ងៃទី០២ មីនា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាយីហោ «ស្រីនាង៨៧១» ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្រោយពីមានពាក្យបណ្តឹងនេះ សមត្ថកិច្ចបានបើកការសើុបអង្កេតស្រាវជ្រាវ និងបន្តឈានដល់កិច្ចប្រតិបត្តិការបង្ក្រាប លើបទល្មើសទិញពេស្យាចារកុមារខ្មែរ ដោយបានរំដោះជនរងគ្រោះ៥នាក់ ក្នុងនោះមាន កុមារី៣នាក់ជាអនីតិជន ។ បន្ទាប់មក ជនរងគ្រោះត្រូវបានបញ្ជូនទៅមជ្ឍមណ្ឌលអប់រំ បណ្តុះបណ្តាល នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនជាប់សង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ។
ចែករំលែកព័តមាននេះ