ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ចាប់​យក​ឱកាស​តាម​វិធី​ងាយ​ៗ​ទាំង​នេះ

5 ឆ្នាំ មុន

រឿង​មួយ​ដែល​មនុស្ស​យើង​ទិញ​មិន​បាន គឺ​ពេលវេលា បើ​ជីវិត​យើង​បែងចែក​បាន​ថា ទៅ​ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​គឺ​នឹង​ល្អ ព្រោះ​ពេល​ខ្លះ យើង​ខ្លួនឯង​ក៏​សោកស្តាយ​ដែរ ដែល​មិន​បាន​ធ្វើ​អ្វីមួយ ព្រោះ​ពេលវេលា​មិន​អំណោយផល ។ តើ​ឱកាសល្អ​ៗ​រកបាន​នៅ​ទីណា…

រឿង​មួយ​ដែល​មនុស្ស​យើង​ទិញ​មិន​បាន គឺ​ពេលវេលា បើ​ជីវិត​យើង​បែងចែក​បាន​ថា ទៅ​ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​គឺ​នឹង​ល្អ ព្រោះ​ពេល​ខ្លះ យើង​ខ្លួនឯង​ក៏​សោកស្តាយ​ដែរ ដែល​មិន​បាន​ធ្វើ​អ្វីមួយ ព្រោះ​ពេលវេលា​មិន​អំណោយផល ។

តើ​ឱកាសល្អ​ៗ​រកបាន​នៅ​ទីណា ? យើង​តែង​គិត​ថា បុគ្គល​ជោគជ័យ អ្នកមាន​ទ្រព្យសម្បត្តិ​តែង​មាន​ឱកាស​ល្អ​ៗ​ចូល​មក​ជា​និច្ច ប៉ុន្តែ​សម្រាប់​យើង​វិញ​មិន​ធ្លាប់​ឃើញ​ឱកាស​មក​សោះ​។ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​យើង​បាន​ជួប​ឱកាស​ដោយ​ងាយ​ៗ​បែប​នេះ ? ចូរ​សាកល្បង​រៀន​ចាប់​យក​ឱកាស​ពី​វិធី​ងាយ​ៗ​ទាំងនេះ ៖

១-​កុំ​រង់ចាំ​រហូត​មាន​អ្វី​ល្អ​ៗ ទើប​ចាប់ផ្ដើម​ ៖ តើ​ធ្លាប់​ទេ នៅ​ពេល​មាន​អ្វី​ថ្មី​ៗ​ចូល​មក យើង​តែង​និយាយ​ថា រង់ចាំ​ឲ្យ​មាន​អ្វី​ល្អ​ៗ​ជា​មុន​សិន​។ បុគ្គល​ជោគជ័យ​ភាគច្រើន ជា​រឿយ​ៗ​តែង​ទទួល​ជោគជ័យ ដោយសារ​ពួក​គេ​មិន​រង់ចាំ​ឲ្យ​អ្វី​ៗ​ល្អ​កើតឡើង​សិន​ទេ គឺ​បុគ្គល​បរាជ័យ​ទៅ​វិញ​ទេ​ដែល​រង់ចាំ​បែប​នេះនោះ ។

នេះ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​អ្នក​ដែល​ត្រូវការ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង កុំ​រង់ចាំ គឺ​អនុវត្ត​វា​តែ​ម្តង ទោះបីជា​វា​នឹង​ភ្លាត់​ក៏​ដោយ ។

២-​បើក​ចិត្ត​ឲ្យ​ទូលាយ ៖ មនុស្ស​គ្រប់​គ្នា​ចង់​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​តែង​បិទទ្វារ​ឱកាស​ដោយ​និយាយ​ថា មិន​ធ្លាប់​, មិន​ស្ទាត់ជំនាញ និង​គ្មាន​បទ​ពិសោធន៍​ពី​មុន​ជាដើម ។ នៅ​ពេល​យើង​គិត ឬ​មាន​អារម្មណ៍​បែប​នេះ ប្រព័ន្ធ​ប្រសាទ​របស់​យើង​នឹង​បិទ​ជិត ហើយ​ធ្វើ​ឲ្យ​យើង​មិន​អាច​មើលឃើញ ឬ​បានឮ​អ្វី​សោះ ប៉ុន្តែ​ឱកាស​កើតឡើង​ដោយ​ការ​បើក​ចិត្ត​ទទួលយក​វា ។

៣-​មិន​ខ្លាច​នឹង​ធ្វើ ៖ ជា​រឿង​ធម្មតា​ទេ​ដែល​យើង​មាន​អារម្មណ៍​ខ្លាច​លើ​អ្វីមួយ​ដែល​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក ប៉ុន្តែ​បើ​នៅ​តែ​ខ្លាច ការ​អនុវត្ត​ក៏​មិនកើត​ឡើង​ដែរ ហើយ​ចុង​ក្រោយ លទ្ធផល​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ ។ ចូរ​ក្លាហាន​ឡើង​ដើម្បី​រៀនសូត្រ ហើយ​ភាព​ខ្លាច​នឹង​បាត់​ទៅ ។

៤-​កុំ​បញ្ឈប់​ការ​គិត ៖ ការ​គិត គឺជា​ការ​ព្យាយាម​រក​អ្វីមួយ ដោយ​វិធី​គិត​នេះ​អាច​រកបាន​នូវ​ព័ត៌មាន​អ្វី​ដែល​យើង​មាន​ទំនាក់ទំនង​ផង​ដែរ ។ ការ​សម្លឹង​ឃើញ​, ការ​ទទួល​ក្លិន​, ការ​បានឮ និង​ការ​បាន​ចាប់​អ្វី​ផ្សេង​ៗ​នៅ​ក្បែរ​ខ្លួន ហើយ​យក​មក​ផ្សំ​ជាមួយ​ចំណេះដឹង និង​បទ​ពិសោធន៍​ដែល​យើង​មាន​ជាក់ច្បាស់ គឺជា​គំនិត​ឈ្លាសវៃ រហូត​ដល់​ក្លាយជា​ឱកាស និង​បង្កើត​គុណ​តម្លៃ​បាន​ច្រើន​។ ហេតុនេះ​ហើយ ហាម​ឈប់​គិត​ជា​ដាច់ខាត គឺ​ឱកាស​កើត​ពី​ការ​ដាក់ចិត្ត​ដោយ​ការយ​កមក​គិត​នេះឯង ។

៥-​គិត​ថា​វា​អាច​ទៅ​រួច ៖ បើ​យើង​និយាយ​ថា ធ្វើ​មិន​បាន​ទេ​, វា​មិន​អាច​ទៅ​រួច​, បែប​នេះ​ទ្រាំទ្រ​មិន​រួច​ទេ គឺ​ដូច​ជា​យើង​បញ្ជា​ពាក្យ​ទាំងនេះ​ទៅ​ជំរុញ​ដល់​ការ​ធ្វើការ​របស់​ខួរក្បាល ឬ​បង្ខំ​ខួរក្បាល ហើយ​ខួរក្បាល​នឹង​ប្រមូល​លទ្ធផល​ទាំងនេះ រួច​បញ្ជូន​សញ្ញា​ទៅ​អវៈយវៈ​ផ្សេង​ៗ​របស់​រាង​កាយ ។ បើ​បញ្ជា​ក្នុង​លក្ខណៈ​ណា ខួរក្បាល​នឹង​ចាត់ចែង​ទៅ​តាម​នោះ ។

៦-​កុំ​គិត​ថា គ្រប់យ៉ាង​ល្អ​ហើយ ៖ ព្រោះ​គ្មាន​អ្វី​ល្អ​បំផុត​ទេ គឺ​គ្រប់យ៉ាង​អាច​ល្អ​ឡើង​បាន​ទៀត ។ ការ​គិត​បែប​នេះ យើង​នឹង​ជួប​ច្រក​ទំនេរ​របស់​បច្ចុប្បន្ន​ជាមួយ​អនាគត ដែល​វា​នឹង​នាំ​មក​នូវ​គំនិត ឬ​ឱកាស​ថ្មី​ៗ ដោយ​គ្រាន់តែ​គិត​ចេញពី​រឿង​ដើម​ៗ ។

៧-​កុំ​យក​អ្វី​មក​អាង ៖ ចំណុច​ចុង​ក្រោយ​ដែល​សំខាន់​បំផុត គឺ​ដូច​ជា Switches នឹង​បិទ​គ្រប់យ៉ាង​ក្នុង​ជីវិត​យើង ដោយ​អះអាង​ថា នឿយហត់​ហើយ​, គ្មាន​ពេល​ទេ​, គ្មាន​ដើមទុន​, មិន​ធ្លាប់​មាន​អ្នក​បង្រៀន​, មិន​ចេះ​ធ្វើ ។​ល​។ និង​អ្វី​ច្រើន​ទៀត​ដែល​យើង​តែងតែ​បានឮ​គ្រប់ពេលវេលា​ពី​អ្នក​នៅ​ក្បែរ​ខ្លួន អ្នក​ជិតខាង ឬ​សូ​ម្បី​តែ​យើង​ខ្លួនឯង ។

បើ​លោក​អ្នក​យក​វិធី​ខាងលើ​នេះ​ទៅ​អនុវត្ត គឺ​នឹង​មាន​ប្រយោជន៍ ព្រោះ​វា​អាច​ជា​ផ្លូវ​មួយ​ឈាន​ដល់​ភាព​ជោគជ័យ ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន ។ សូម​ឲ្យ​លោក​អ្នក​ទទួល​បាន​ឱកាស និង​ជោគជ័យ​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ