ទីក្រុងប៉េកាំង៖ ប្រទេសចិនសម្ដែងការមិនពេញចិត្តនឹងពាក្យសម្ដីរបស់ប្រធានាធិបតីបារាំង លោកម៉ាក្រុង ថ្លែងនៅសិង្ហបុរីប្រៀបប្រដូចករណីអ៊ុយក្រែនទៅនឹងតៃវ៉ាន់។ លោកម៉ាក្រុងថាពិភពលោកត្រូវតែការពារតៃវ៉ាន់ក្រែងលោប្រទេសចិនវាយប្រហារនាពេលអនាគត។ នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃសុក្រ ម៉ាក្រុងចង់រំលេចឱ្យឃើញពីការប្រេះឆាគ្នារវាងមហាអំណាចអាមេរិក និងចិន។
លោកម៉ាក្រុងថ្លែងនៅឯវេទិកាអន្តរជាតិស្ដីពីវិស័យការពារជាតិ ឬវេទិកាសាំងគ្រីឡា (Shangri-La) ថាបើយើងបណ្ដោយឱ្យរុស្ស៊ីវាយយកទឹកដីអ៊ុយក្រែនមួយចំណែកណានោះដោយងាយស្រួលដោយគ្មានការរារាំងទេ ពេលនោះតៃវ៉ាន់ក៏អាចនឹងក្លាយជាអ៊ុយក្រែនទី២ផងដែរ។ ប្រតិកម្មចំពោះពាក្យសម្ដីរបស់លោកម៉ាក្រុងដូចខាងលើនេះ ស្ថានទូតចិនប្រចាំប្រទេសសិង្ហបុរីបានបង្ហោះសារនៅលើហ្វេសប៊ុកថាគេមិនគួរប្រៀបប្រដូចអ៊ុយក្រែន និងតៃវ៉ាន់ទេ។
ចិនយល់ថាករណីទាំង២នេះបើពិនិត្យឱ្យមែនទែនទៅមិនដូចគ្នាទេ ហើយក៏មិនគួរយកមកប្រៀបធៀបគ្នាដែរ។ ប្រទេសចិនយល់ថាសំណុំរឿងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ។ ចិនចាត់ទុកថាតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ វាខុសពីអ៊ុយក្រែនជាទំនាស់រវាងរដ្ឋ និងរដ្ឋ។ ចិនចង់បង្ហាញពីភាពសមហេតុផលថាបើទុកជាខ្លួនវាយយកតៃវ៉ាន់មកគ្រប់គ្រងក៏ឥតមានទាស់ខុសអ្វីដែរ។ ជាពិសេស បើសិនតៃវ៉ាន់ហ៊ានប្រកាសខ្លួនជារដ្ឋឯករាជ្យ ពេលនោះសង្គ្រាមអាចនឹងផ្ទុះឡើងហើយ។
ស្ថានទូតចិនសរសេររៀបរាប់បន្តទៀតថាបើគេរិះគន់ស្តង់ដារពីរដោយយកស្តង់ដារ២មកធ្វើជាឧទាហរណ៍ ពេលនោះលទ្ធផលនៅតែស្តង់២ដដែល។ នៅក្នុងសារបង្ហោះតាមហ្វេសប៊ុកនោះ ស្ថានទូតចិនមិនបានបញ្ចេញឈ្មោះលោកម៉ាក្រុងទេ។ ប៉ុន្តែសារនោះមានភ្ជាប់រូបថតលោកម៉ាក្រុងថ្លែងសុន្ទរកថានៅក្នុងវេទិកានោះ។
នៅក្នុងកិច្ចប្រជុំសាំងគ្រីឡាមុនៗ ប្រទេសចិនបានបញ្ជូនរដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់របស់ខ្លួនទៅចូលរួម។ ប៉ុន្តែឆ្នាំនេះ ខុសពីសព្វមួយដង។ ប្រទេសចិនបញ្ជូនត្រឹមមន្ត្រីថ្នាក់ទាបទៅចូលរួមតែប៉ុណ្ណោះ។ ពួកគេជាគណៈប្រតិភូមកពីបណ្ឌិត្យសភាយោធា។ ប្រទេសចិននៅតែបន្តធ្វើសមយុទ្ធយោធាជាហូរហែដើម្បីដាក់សម្ពាធតៃវ៉ាន់កុំសូវធ្វើខ្លាំងដាក់ចិនពេក។
ប៉ុន្តែរដ្ឋអំណាចតៃវ៉ាន់ប្រកាសច្រានចោលការអះអាងរបស់ចិនដែលថា «ខ្លួនគ្រាន់តែជាអាណាខេត្តរបស់ចិនតែប៉ុណ្ណោះ»។ តៃវ៉ាន់នៅតែនិយាយដដែលឡើងវិញថាអ្នកដែលសិទ្ធិសម្រេចលើជោគវាសនា-អនាគតរបស់តៃវ៉ាន់គឺប្រជាជនតៃវ៉ាន់ខ្លួនឯង។ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងនៅក្នុងកិច្ចប្រជុំសាំងគ្រីឡាថាបើសិនប្រទេសចិនវាយប្រហារតៃវ៉ាន់មែន តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិច និងពិភពលោកនឹងទទួលរងផលវិបាកដ៏មហន្តរាយ៕
ចែករំលែកព័តមាននេះ