រាជធានីភ្នំពេញ ៖ សេចក្តីរាយការបឋមបានឲ្យដឹងថា យុវជនយុវនារីប្រមាណជាង៣០០នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅមជ្ឍមណ្ឌលកម្សាន្ត ត្រូវបានដោះលែងវិញជិតអស់ហើយទាំងអ្នកពាក់ពន្ធ និងអ្នកមិនពាក់ព័ន្ធគ្រឿងញៀន ។
បើតាមមន្ត្រីជំនាញនគរបាលព្រហ្មបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ កុម្ភៈ លោកស្នងការ នគរបាលរាជធានីភ្នំពេញបានអនុញ្ញាតិឲ្យមនុស្សជាង២០០នាក់បានត្រឡប់ទៅផ្ទះវិញហើយ ការអនុញ្ញាតិឲ្យយុវជនជាង២០០នាក់ទៅផ្ទះវិញនោះដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសលាដំបូងរាជធានីភ្នំពេញផងដែរ ។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា មនុស្សជាង២០០នាក់នោះមាន២៣៧នាក់ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន (ដែលហៅថា ជាជនរងគ្រោះ) និង៧០នាក់ជាយុវជនស្អាតស្អំមិនជាប់ពាក់ពន្ធគ្រឿងញៀនទេ តែត្រូវឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការ ។
ដូច្នេះសរុបមកដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈនេះ នៅសល់តែ៥៤នាក់ទេ ប៉ុន្តែមនុស្ស៥៤នាក់នោះក៏កំពុងសម្រិតសម្រាំង(ចម្រាញ់)បន្ថែមទៀត ប្រហែលជាអាចនៅសល់ជាង១០ ប៉ុណ្ណោះទុកសម្រាប់បញ្ជូនទៅតុលាការឲ្យទទួលខុសត្រូវចំពោះគ្រឿងញៀនប្រមាណ៥០គីឡូក្រាមនោះ ។
ករណីបង្ក្រាបគ្រឿងញៀនដ៏ទ្រង់ទ្រាយធំនៅមជ្ឍមណ្ឌលកម្សាន្តរ៉ុកនេះ មន្ត្រីជំនាញបានបង្ហើបឲ្យដឹងថា ពាក់ព័ន្ធម្ចាស់ទីតាំងសមត្ថកិច្ចយើងមិនទាន់កំណត់បានមុខសញ្ញានៅឡើយទេ ព្រោះអត់មានចម្លើយណាឆ្លើយដាក់ ។ នៅព្រឹកថ្ងៃនេះដែរ សមត្ថកិច្ចក៏បានសម្រេចចិត្តឲ្យម្ចាស់ម៉ូតូទៅយកម៉ូតូវិញ ដែលបានឃាត់ទុកនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ប៉ុន្តែតម្រូវលក្ខខណ្ឌឲ្យមានកាតគ្រីសម្គាល់យានយន្ត និងអត្តសញ្ញាណប័ណ្ណត្រឹមត្រូវទើបប្រគល់ឲ្យវិញ ៕
ចែករំលែកព័តមាននេះ