ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សបានប្រទះឃើញសត្វដំរីព្រៃដ៏ធំមួយក្បាលដេកងាប់នៅជិតចំការស្វាយចន្ទី របស់អ្នកភូមិក្នុងដែនម្រកការពារសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍បន្តទៀតថា គេបានប្រទះឃើញខ្មោចដំរីនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បើតាមការសន្និដ្ឋាន គឺដំរីមួយក្បាលនេះបានស្លាប់អស់រយៈពេលជិត១០ថ្ងៃមកហើយ វាជាដំរីញី មានកម្ពស់២,៧០ម៉ែត្រ ប្រវែង៤,៥០ម៉ែត្រ និងទទឹង១,៥០ម៉ែត្រ។
តាមលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីប្រាប់ឲ្យដឹងថា ក្រុមការងារជំនាញ របស់ដែនជម្រកសត្វព្រៃកែវសីមា កំពុងដុតដៃដុតជើងស្រាវជ្រាវអំពីមូលហេតុសត្វដំរីញីមួយក្បាលដែលបានស្លាប់នេះ។ ដោយឡែកម្ចាស់ចំការស្វាយចន្ទីវិញអះអាងថា ចំការរបស់គាត់បានម៉ៅឲ្យទៅគេអស់ហើយ ក្នុងរដូវកាលប្រមូលផលស្វាយចន្ទី តែជាទូទៅសត្វដំរីព្រៃតែងតែចូលទៅចំការស្វាយចន្ទី ហើយស៊ីផ្លែនៅរដូវប្រមូលផលនេះ។

គេនៅចាំថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ មានសត្វដំរីព្រៃចំនួន ១១ក្បាលបានធ្លាក់ទៅក្នុងរណ្តៅស្រះមួយដែលបន្សល់ទុកពីសម័យសង្គ្រាមទម្លាក់គ្រាប់បែក ស្ថិតក្នុងព្រៃភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈសត្វដំរីទាំងនោះអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើកិច្ចអន្តរាគមន៍សង្គ្រោះមិនទាន់ពេលវេលា។

យោងតាមរបាយការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃទូទាំងខេត្តមានសត្វដំរីប្រមាណជាង២០០ក្បាល ដែលចំនួននេះមន្ត្រីជំនាញនៅបន្តតាមដាន ដើម្បីដឹងថា កើនឡើង ឬថយចុះពីវត្តមានរបស់ពួកវានៅក្នុងព្រៃ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ