ប្រទេសថៃ ៖ ក្រុមហ៊ុនធំៗបានប្រាប់ទៅភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃចន្ទ កន្លងមកថា ការរអាក់រអួលផ្នែកបច្ចេកវិទ្យាដែលបង្កឡើងដោយប្រព័ន្ធស្វ័យប្រវត្តិ និងបច្ចេកវិទ្យា Arificial Intelligence (AI) កំពុងតែដាក់សម្ពាធលើទីផ្សារការងាររបស់ប្រទេសថៃ ជាពិសេសក្នុងវិស័យផលិតកម្ម ។
លោក Thavorn Chalassathien ដែលជាប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សបាននិយាយថា កត្តាជាច្រើនផ្លាស់ប្តូរយ៉ាងលឿន ដូច្នេះក្រុមហ៊ុនគួរតែត្រៀមខ្លួនរួចជាស្រេច ។
លោកបានបន្តថា ទីផ្សារការងាររបស់ប្រទេសថៃក្នុងឆ្នាំ២០១៩ នឹងមើលឃើញមានអត្រាអ្នកគ្មានការងារធ្វើកាន់តែខ្ពស់ព្រោះក្រុមហ៊ុនជាច្រើនចាប់ផ្តើមប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម និង AI ដើម្បីជំនួសពលករ ។
លោកបានបន្ថែមថា កត្តាជាច្រើនដែលបង្កឲ្យមានការប្រើបច្ចេកវិទ្យាច្រើនជាងមុនដែលក្នុងនោះរួមមានកង្វះពលករ ពលករមិនមានជំនាញត្រូវតាមតម្រូវការ និងកំណើនប្រាក់បៀវត្សន៍ជាដើម ។
វិទ្យស្ថានខាងលើបានធ្វើការស្ទង់មតិ និងប្រទះឃើញថា ក្រុមហ៊ុនជាច្រើនចាប់ផ្តើមត្រូវការបុគ្គលិកមានជំនាញដូចជាអ្នកបច្ចេកទេស និងវិស្វករព្រោះពួកគេមានជំនាញស្របទៅនឹងវិស័យថ្មីៗដែលរដ្ឋាភិបាលកំពុងតែលើកស្ទួយ ។
លោក Thavorn បាននិយាយដែរថា «ប្រមាណ ៣០%នៃសិស្សវិជ្ជាជីវៈក្នុងស្ថាប័នអប់រំប្រទេសថៃអាចចូលក្នុងទីផ្សារការងារបាន ខណៈដែល៧០%ទៀតមានជំនាញខុសពីតម្រូវការទីផ្សារ»។
លោកបានបន្តថាក្រុមហ៊ុននីមួយៗគួរតែផ្តល់ជាកម្មវិធីហ្វឹកហាត់ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សដែលមានស្រាប់ខណៈដែលកំពុងមានកង្វះពលករក្នុងស្រុក ។
លោក Tanit Sorat ដែលជាអនុប្រធានក្រុមប្រឹក្សាផ្តល់ទីប្រឹក្សាផ្នែកអភិវឌ្ឍន៍ការងារជាតិបាននិយាយថា អត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសថៃនៅឆ្នាំ ២០១៩ នឹងកើនដល់ប្រមាណពី ១.២ ទៅ ១.៣% ឬប្រមាណពី ៤០០,០០០ ទៅ ៥០០,០០០នាក់ក្នុងចំណោមពលករទាំង ៣៨លាននាក់ក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ