រាជធានីភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស លើមុខជំនាញសំខាន់ៗចំនួន ៧ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នា ២០២៣។
វិទ្យាស្ថានបណ្តុះបណ្តាលជំនាញចំនួន ៧ មុខវិទ្យាដូចជា ការងារកំបោរ ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំនិងជួសជុលរថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មកុំព្យូទ័រ ការកែឆ្នៃបន្លែ និងផ្លែឈើ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ។
ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល ។
ការប្រកាសផ្តល់អាហាររូបករណ៍ពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតនាពេលនេះ គឺធ្វើឡើងក្រោយពេលដែលរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ