ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​ដក​EBA​ពី​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​សហភាព​អឺរ៉ុប​គ្រោង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ « អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ឬ​ហៅ​ថា​(EBA) ពី​កម្ពុជា កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ និង​ត្រូវ​បាន​មហាជន​ភាគច្រើន​យកចិត្តទុកដាក់​តាមដាន ពិសេស​អ្នក​នៅ​ក្នុង​វិស័យ​ធុរកិច្ច…

រាជធានី​ភ្នំពេញ ៖ បញ្ហា​សហភាព​អឺរ៉ុប​គ្រោង​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ « អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» ឬ​ហៅ​ថា​(EBA) ពី​កម្ពុជា កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ និង​ត្រូវ​បាន​មហាជន​ភាគច្រើន​យកចិត្តទុកដាក់​តាមដាន ពិសេស​អ្នក​នៅ​ក្នុង​វិស័យ​ធុរកិច្ច និង​បណ្ដា​វិនិយោគិន ជាដើម​។

យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​លើក​ឡើង​ពី​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល កម្ពុជា​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ប្រសិនបើ​EBA ត្រូវ​បាន​ព្យូ​រ​ជា​បណ្ដោះអាសន្ន​មែន​នោះ ក៏​មិន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ គ្រាន់តែ​បាត់បង់​ប្រយោជន៍ តែ​មិន​បាត់​ទីផ្សារ​នោះ​ទេ​។ ម្យ៉ាងទៀត វា​មិន​ទាន់​កើនឡើង​នៅ​ឡើយ ខណៈ​នីតិវិធី​នៅ​មាន​រយៈពេល​ប្រមាណ​១៨​ខែ​ទៀត ដែល​អាច​ឲ្យ​កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ស្វែងរក​ច្រក​ចេញពី​សម្ពាធ​មួយ​នេះ ឬ​ក៏​អ្វី​ៗ​នៅ​តែ​ធម្មតា ព្រោះថា​ការ​គំរាម​ជុំវិញ​បញ្ហា​EBA​នេះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ។

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ បាន​លើក​ឡើង​ថា វិស័យ​ទេសចរណ៍​កម្ពុជា នឹង​មិន​រង​ផល​ប៉ះពាល់​នោះ​ទេ ប្រសិនបើ​ការ​ដក​EBA​នោះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ ។
លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​មក​ថា ដរាបណា​បញ្ហា​EBA មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ទេ នោះ​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​នៅ​តែ​ដើរ​លេង​កម្សាន្ដ​ច្រើន ហើយ​និន្នាការ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មិន​មាន​ទាក់ទង​នឹង​ការ​ដក​EBA​ឬ​មិន​ដក​ពី​កម្ពុជា​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹមថា អឺរ៉ុប​នឹង​ពិចារណា​លើ​បញ្ហា​នេះ ។

លោក​បន្ត​ថា ៖« នៅ​ពេល​ជីវភាព​ប្រជាពលរដ្ឋ​ប្រសើរ​ឡើង ពួក​គេ​នឹង​នៅ​តែ​ដើរ​កម្សាន្ដ​ក្នុងស្រុក ព្រោះ​យើង​មិន​អាច​មើល​រំលង​ភ្ញៀវ​ក្នុងស្រុក​នោះ​ទេ ពួក​គេ​ជា​អ្នក​ដើរ​កម្សាន្ដ និង​ចំណាយ​ប្រាក់​ច្រើន »​។
លោក​បញ្ជាក់​ថា ៖« ទេសចរណ៍​នាំមុខ​វិស័យ​អ្វី​ៗ​ទាំងអស់ ពេល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា សកម្មភាព​អាជីវកម្ម និង​លំហូរ​សាច់ប្រាក់ នឹង​បាន​ទៅ​ដល់​តំបន់​នោះ »​។

ស្រ​ដៀង​គ្នា​នេះ​ដែរ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​មាន​ប្រសាសន៍​ថា ប្រសិនជា​មានការ​ដក​ប្រ​ព័​ន្ឋ​EBA នឹង​មិន​រង​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ប៉ុន្តែ​បើ​គិត​ពីរ​លក​វិញ​វា​អាច​ជះ​ឥទ្ធិពល​តិចតួច​ក្នុង​រយៈពេល​ខ្លី តែ​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នោះ​ឡើយ ។

យ៉ាងនេះ​ក្ដី លោក​ថា ៖« ទោះជា​យ៉ាងណា កេរ្តិ៍ឈ្មោះ​កម្ពុជា អាច​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ពី​កម្ពុជា​តាម​បណ្តាញ​ព័ត៌មាន​នានា​ដែល​មិនសូវ​បាន​ផ្សាយ​រឿង​វិជ្ជមាន​ច្រើន »​។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ប្រសិនជា​អឺរ៉ុប​ដក​ប្រ​ព័​ន្ឋ​EBA​ពី​កម្ពុជា សេដ្ឋកិច្ច​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​វា​ជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួនឯង ជា​ជាង​ការ​ពឹងផ្អែក​លើ​គេ​ខ្លាំង​ពេក ។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ៖« យើង​មិន​អាច​ពឹង​គេ​បាន​រហូត​នោះ​ទេ បើ​យើង​ពឹង​គេ​ថ្ងៃ​ណាមួយ​គេ​ឈប់​ជួយ​យើង យើង​នឹង​ស្លាប់​។ ហេតុនេះ​យើង​ត្រូវ​ខិតខំ​ពង្រឹង​ខ្លួនឯង ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​យើង ដើម្បី​យើង​អាច​មាន​មូលដ្ឋាន​រឹង​មាំ​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ខ្លួន » ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ កន្លង​មក ថា កម្ពុជា​នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដោយ​មិន​ធ្វើ​ឲ្យ​បញ្ហា​EBA​ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប​នោះ​ឡើយ ។

ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ទាំងអស់​ឲ្យ​បន្ត​រកស៊ី និង​ស្នាក់​នៅ​ដោយ​ក្តី​រីករាយ​ក្រោម​ម្លប់​សុខ​សន្តិភាព​របស់​កម្ពុជា និង​អំពាវនាវ​ដល់​អ្នក​វិនិយោគ និង​ធុរជន​ទាំងអស់ ឲ្យ​បន្ត​ជឿជាក់​ក្នុង​ការ​រកស៊ី​នៅ​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ធ្វើ​កំណែទម្រង់​លើ​សេវា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​សម្រួល​ដល់​ការ​រកស៊ី ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ការ​ជឿជាក់​ថា តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​នេះ បរិយា​កាស​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ ពីព្រោះ​តាម​រយៈ​ការ​វាយតម្លៃ​ជា​ថ្មី​រក​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​រហូត​ដល់​ទៅ​៧,៥​ភាគរយ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ទៅ​ដល់​កម្មករ កម្មការិនី កុំ​មានការ​ព្រួយបារម្ភ​បញ្ហា EBA ដរាបណា​ការងារ​នៅ​តែ​មាន​ធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ