ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរងស្រុកគីរីវង់និងបច្ចុប្បន្នជាអនុប្រធានគណបក្សប្រជាជនស្រុក ដែលបានសាងសង់សំណង់រឹងមួយកន្លែងរំលោភលើអូរប្រវត្តិសាស្ត្រដែលមានជាយូរយាណាស់មកហើយ សម្រាប់បង្ហូរទឹក និងបញ្ជៀសការលិចលង់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ទាំងមូលដែលជាមរតកដូនតាបន្សល់ទុកមកដល់បច្ចុប្បន្ននេះ នៅពេលមានភ្លៀងជនម្តងៗនោះ សុំឱ្យរុះរើចេញ។

តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ១១៧គ្រួសារដែលរស់នៅក្នុងភូមិកំពង់ លោក មិញ សុភាព នាយកសាលាបឋមសិក្សា សុខ អាន ទន្លាប់ បាននិយាយរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ចំពោះអូរប្រវត្តិសាស្ត្រនេះ ក្រុមប្រជាពលរដ្ឋធ្លាប់បានធ្វើការប្តឹងតវ៉ាជាច្រើនលើកច្រើនសារមកហើយ តែការប្តឹងផ្តល់នេះត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យប្រជាពលរដ្ឋជាអ្នកចាញ់ទៅវិញ។

ទើបមកដល់ពេលនេះ លោក ម៉េង សុខុម ដែលជាអនុស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកគីរីវង់ ចាប់ផ្តើមសាងសង់ និងបុកគ្រឹះចាក់ថ្មធ្វើជាសំណង់រឹងនៅចំណុចពីមុខលូស្ពានឆ្លងកាត់ផ្លូវជាតិលេខ២នេះតែម្តង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ាសារជាថ្មីម្តងទៀត ដោយសារតែពួកគាត់មានកង្វល់កើតទុកមិនសុខចិត្តលើការសាងសង់សំណង់រឹងបិទមាត់លូបង្ហូរទឹកនេះ។

លោក មិញ សុភាព បាននិយាយទៀតថា ការធ្វើសំណង់នេះពិតជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន ព្រោះកន្លងមក អូរបង្ហូរទឹកនេះជាផ្លូវទឹកមួយដ៏សំខាន់សម្រាប់បញ្ជៀសការជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ និងសាលារៀន។

គួរំលឹកផងផងដែរថា បងប្អូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារបានដាក់ពាក្យបណ្តឹងតវ៉ាទៅ លោក សុខ សូកាន អ្នកដំណាងរាស្ត្រមណ្ឌលតាកែវរួចហើយ ដើម្បីឲ្យលោកជួយអន្តរាគមន៍ និងដោះស្រាយជួយដល់ពួកគាត់ ប៉ុន្តែស្ងាត់ឈឹង ។

ជុំវិញការតវ៉ានេះដែរ លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទនៅថ្ងៃទី១៥ កុម្ភៈ ២០១៩ នេះថា រូបលោកទើបតែទទួលបានដំណឹងនេះ រួចក៏បិទទូរស័ព្ទទៅដោយមិនបានធ្វើការបកស្រាយលំអិតនោះទេ ខណៈដែលរឿងនេះមានការក្តីក្តាំគ្នាជាច្រើនលើកច្រើនសារមកហើយ។

ប្រជាពលរដ្ឋទាំងអស់បាននាំគ្នានិយាយរិះគន់ដល់លោកចៅហ្វាយស្រុក និងលោកអ៊ូច ភា អភិបាលខេត្តតាកែវថាបើទោះបីជាមានការតវ៉ាពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយហាក់បីដូចជាមិនបានអើពើជួយអន្តរាគមន៍ដល់ពួកគាត់ឡើយ ៕







ចែករំលែកព័តមាននេះ