រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ពេលនេះរាជរដ្ឋាភិបាលកំពុងជំរុញការសាងសង់រោងចក្រវារីអគ្គិសនីថ្មីមួយបន្ថែមទៀតនៅខេត្តពោធិ៍សាត់ដែលមានអានុភាព៨០មេហ្គាវ៉ាត់ ដែលអាចនឹងចាប់ផ្ដើមសាងសង់នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យវិស័យឧស្សាហកម្ម និងសិប្បកម្មនានា ព្រមទាំងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ ។

លោក វ៉ិចទ័រ ហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងកាលពីថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញថា រាជរដ្ឋាភិបាលកំពុងចរចាតម្លៃថ្លៃលក់អគ្គិសនីត្រឡប់មកវិញជាមួយក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន និងកូរ៉េក្នុងតម្លៃចន្លោះពី៧ទៅ៨សេន ក្នុង១គីឡូវ៉ាត់ម៉ោង។ លោកបន្តថា ប្រសិនបើភាគីទាំង២ចរចាត្រូវគ្នាហើយនោះ អាចឈានទៅអភិវឌ្ឍន៍បង្កើតរោងចក្រវារីអគ្គិសនីនាពេលឆាប់ៗនេះ ពោលគឺអាចនៅក្នុងឆ្នាំ២០១៩នេះ ហើយគ្រោងប្រើរយៈពេលសាងសង់ក្នុងចន្លោះ៣ទៅ៤ឆ្នាំ ។
លោកបានបញ្ជាក់ទៀតថា ការអភិវឌ្ឍវារីអគ្គីសនីស្ទឹងពោធិ៍សាត់បន្ថែមនេះមានសារសំខាន់ខ្លាំងណាស់ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋផង និងលើវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្ម ផ្សេងៗទៀត ព្រមទាំងធានាដល់សន្តិសុខថាមពលក្នុងស្រុកផង និងឈានទៅកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេសផងដែរ ។
អ្នកនាំពាក្យរូបនេះបានអះអាងថា ៖« តាមការសិក្សាគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់នេះ អាចចំណាយថវិការហូតដល់ជាង១៦០លានដុល្លាអាមេរិក ដោយមានអានុភាពរហូតដល់៨០មេហ្គាវ៉ាត់ ហើយផ្នែកផលប៉ះពាល់គឺតិចតួចបំផុត »។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលមានផែនការបន្ថែមប្រភពថាមពលអគ្គិសនីគ្រប់ប្រភេទ អភិវឌ្ឍន៍ខ្សែបណ្តាញជាតិឲ្យបានគ្រប់ខេត្តនិងរាជធានី និងធ្វើខ្សែចែកចាយឲ្យបានគ្រប់ភូមិទៅដល់ផ្ទះប្រជាពលរដ្ឋនៅឆ្នាំ២០២០ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
មកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយគឺ វារីអគ្គិសនីអាតៃ, ឫស្សីជ្រុំ, កំចាយ, គីរីរម្យ១, គីរីរម្យ៣, វារីអគ្គិសនីតាតៃ និងមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងដែលទើបប្រកាសដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះ ។ នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវការបញ្ចុះតម្លៃអគ្គិសនី,ការរៀបចំតំបន់ឧស្សាហកម្ម, ការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីប្រែក្លាយពីឧស្សាហកម្មដោយប្រើប្រាស់អតិពលកម្ម ទៅជាកម្លាំងពលកម្មជំនាញដែលអាចបង្កើត និងទាញយកតម្លៃបន្ថែមកាន់តែច្រើន ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងកន្លងមកថា តម្រូវការថាមពលអគ្គិសនីនៅកម្ពុជាពិតជាត្រូវការកាន់តែច្រើនទៅៗហើយ ដោយសារកម្ពុជាកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ព្រោះវិស័យអ្វីក៏ត្រូវការអគ្គិសនីដែរដើម្បីធ្វើឲ្យខ្សែសង្វាក់ផលិតកម្មបានរលូន ។
ទោះបីយ៉ាងណា លោកថ្លែងថា ៖« ថាមពលអគ្គិសនីនៅកម្ពុជានៅមានតម្លៃថ្លៃនៅឡើយ បើធៀបជាមួយប្រទេសជិតខាង ប៉ុន្តែនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលបានផ្តោតអាទិភាពលើការបញ្ចុះតម្លៃថាមពលអគ្គិសនីផងដែរ »។
គួរបញ្ជាក់ថា តម្លៃអគ្គិសនីក្នុងឆ្នាំ២០១៩នេះ សម្រាប់ការប្រើប្រាស់ចេញពីបណ្ដាញជាតិ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាថ្មី ក្នុងនោះ ការប្រើប្រាស់អស់ចាប់ពី ១គីឡូវ៉ាត់ម៉ោងដល់ ១០គីឡូវ៉ាត់ម៉ោង មានតម្លៃ៣៨០រៀល/kwh, ប្រើប្រាស់អស់ចាប់ពី១១ដល់៥០kwh មានតម្លៃ ៤៨០រៀល, ប្រើប្រាស់អស់ចាប់ពី៥១ដល់២០០kwh តម្លៃ៦១០រៀល និងប្រើប្រាស់លើសពី២០០kwh នឹងមានតម្លៃ ៧៤០រៀល/kwh ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ