រាជធានីភ្នំពេញ ៖ រថយន្តម៉ាកឡិចស៊ិស RX330 មួយគ្រឿងបើកបរក្នុងល្បឿនលឿន ស្រាប់តែ បែកកង់មុខខាងឆ្វេង បណ្តាលអោយរថយន្តរេចង្កូតជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងរងការខូចខាត ហើយក្បាលនាគពុះចែកទ្រូងផ្លូវខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងផ្សេងទៀត បណ្តាលឱ្យរងការខូចខាត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
រថយន្តបង្កម៉ាកឡិចស៊ិស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២V-៥៧៩៨ បើកបរដោយស្ត្រីចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែករថយន្តមួយគ្រឿងទៀតដែលរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើម៉ាកណាវ៉ារ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AK-៦៨១៩ ។
យោងតាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 330 បើកបរដោយស្ត្រីចំណាស់ម្នាក់វ័យជាង៥០ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែកង់រថយន្តមុខផ្នែកខាងឆ្វេងផ្ទុះបែក បណ្តាលអោយរថយន្តដែលកំពុងបើកបរក្នុងល្បឿនលឿនរេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូវផ្លូវពេញទំហឹងតែម្តង បណ្តាលអោយក្បាលនាគពុះចែកទ្រូងផ្លូវចំនួន២កង់រងការខូចខាត ក្នុងនោះ១កង់ត្រូវដួលខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាកណាវ៉ារ៉ា ដែលកំពុងបើកបរធ្វើដំណើរនៅចំណែកផ្លូវម្ខាងទៀត បណ្តាលអោយកូតមួយចំហៀងរថយន្តរងការខូចខាតផងដែរ ។
ចំណែករថយន្តម៉ាកឡិចស៊ីស RX330 បានដាច់ក្រឡេកង់ខាងមុខផ្នែកខាងឆ្វេង មិនអាចបន្តដំណើរទៅមុខទៀតបាន ។
ក្រោយកើតហេតុ គេសង្គេតឃើញមានកម្លាំងនគរបាលមូលដ្ឋានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែងអូសយករថយន្តម៉ាកឡិចស៊ីស RX330ខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែករថយន្តរងគ្រោះខាងលើ ត្រូវបានភាគីខាងរថយន្តបង្កសងថ្លៃខូចខាតដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ចែករំលែកព័តមាននេះ