ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់់កាបូបជនបរទេស​​កំពុង​ជិះ​កង់​កណ្ដាល​ក្រុងបាត់ដំបង​​ទាំង​​ថ្ងៃ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សកម្មភាព​ក្រុម​ចោរ​«​ឆក់​»ហាក់​កំពុង​គំរាមកំហែង​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​ខ្លាំង និង​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​តំបន់​ទេសចរណ៍​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តបាត់ដំបង ខណៈ​សមត្ថកិច្ច​ហាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ។…

ខេត្តបាត់ដំបង ៖ សកម្មភាព​ក្រុម​ចោរ​«​ឆក់​»ហាក់​កំពុង​គំរាមកំហែង​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាង​ខ្លាំង និង​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ នៅ​ក្នុង​ក្រុង​បាត់ដំបង និង​នៅ​តាម​បណ្ដា​តំបន់​ទេសចរណ៍​មួយ​ចំនួន​ទៀត​ក្នុង​ខេត្តបាត់ដំបង ខណៈ​សមត្ថកិច្ច​ហាក់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ។ ជា​ពិសេស​ កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​តែ​ម្ដង ដែល​ស្ទើរតែ​គ្មាន​កម្លាំង​ចុះ​ប្រតិបត្តិការ​បំពេញការងារ​តាម​គោលដៅ​។

ជាក់ស្ដែង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៧​កុម្ភៈ ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពី​ជនបរទេស​ម្នាក់ ​ដែល​ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង ពេល​កំពុង​ជិះ​កង់​នៅ​ចំណុច​ច្រកចូល​វត្ត​ពោធិ​វាល ស្ថិត​ក្នុងភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា គេ​មិន​បានស្គាល់​មុខ​សញ្ញា​នៃ​ក្រុម​ចោរ​ដៃ​ស្អិត​នោះ​ទេ ហើយ​ក៏​មិន​បាន​ចំណាំ​ម៉ាក​ម៉ូតូ​ដែល​ជន​ដៃដល់​ជិះ​ដែរ តែ​ជន​ដៃដល់​មាន​ពាក់មួក​សុវត្ថិភាព ។ ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​ភ្ញៀវ​ទេសចរ​ម្នាក់​ក្នុង​ចំណោម​ពី​៣​ទៅ​៤​នាក់​ដែល​កំពុង​ជិះ​កង់ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​កាបូប​រង​គ្រោះ​ឈ្មោះ ទេព​ទី​ត ហ្វី​រ៉ា​ក្លី​អូ ភេទ​ស្រី អាយុ​៧១​ឆ្នាំ ជា​ភ្ញៀវ​ទេសចរ​ជនជាតិ​បារាំង ។

បើ​តាម​ជនបរទេស​រូប​នេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ការ​បាត់បង់​នោះ​មាន​កាបូប​១ ហើយ​នៅ​ក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​៥០០​ដុល្លារ​លិខិតឆ្លងដែន​១​ច្បាប់ លេខ​13CY89769 និង​ប័ណ្ណ​ធនាគារ​ចំនួន​២​សន្លឹក ។ ស្ត្រី​បរទេស​រូប​នេះ​បាន​បញ្ជាក់​ថា គាត់​បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ម្នាក់​មួយ​ជាមួយនឹង​ក្រុម​គាត់​ប៉ុន្មាន​នាក់​ទៀត ដើម្បី​ដើរ​ទស្សនា​កន្លែង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ហើយ​កាបូប​ដែល​ត្រូវ​ពួក​ចោរឆក់​យក​ទៅ​នោះ គឺ​គាត់​បាន​ទុក​នៅ​ក្នុង​កន្ត្រក​កង់​ខាង​មុខ លុះ​ពួក​គាត់​ជិះ​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​ជន​ដៃដល់​ជិះ​មក​ឆក់​យក​ទៅ​បាត់​តែ​ម្ដង ។

មានការ​កត់សម្គាល់​ដែរ​ថា កាលពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​២០១៨ កន្លង​ទៅ សកម្មភាព​ចោរឆក់​នេះ​បាន​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ទៅ​លើ​ភ្ញៀវទេសចរ​បរទេស​ដែល​កំពុង​ដើរ​កម្សាន្ត​តាម​រមណី​យ​ដ្ឋា​ន​នានា ដូច​ជា​នៅ​ស្រុក​បាណ​ន់ ស្រុក​ឯក​ភ្នំ និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ជាដើម ។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត ក្រុម​ចោរ​ដៃ​ស្អិត​មួយ​ចំនួន​ត្រូវ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​ខេត្ត​បង្ក្រាប​បាន រីឯ​មួយ​ចំនួន​ទៀត​មានសំណាង​គេច​ផុត​រហូត​មក​ដល់​ពេល​នេះ ហើយ​ពួក​គេ​នៅ​តែ​បន្តសកម្មភាព​ទុច្ចរិត​នេះ​ដដែល​ៗ​ទៀត ដោយ​មិន​ខ្លាចរអា​នឹង​កម្លាំង​សមត្ថកិច្ច​ឡើយ ។

ជុំវិញ​សកម្មភាព​ចោរឆក់ ចោរលួច​នេះ មហាជន​បាន​ធ្វើការ​រិះគន់​ដោយ​ចង្អុលមុខ​ចំ​ៗ​ទៅ​លើ​កម្លាំង​អធិ​ការដ្ឋាន​ក្រុង​បាត់ដំបង​ថា ហាក់​គ្មាន​ឆន្ទៈ​ពិតប្រាកដ ឬ​គ្មាន​វិធានការ​ច្បាស់លាស់ ក្នុង​កិច្ច​ប្រតិបត្តិការ​ទប់​ស្កាត់​ឬ​ធ្វើការ​ស៊ើបអង្កេត​លើ​មុខសញ្ញា​ក្រុម​ជន​ដៃដល់ ទើប​អំពើ​ចោរកម្ម​បាន​កើតឡើង​ដដែល​ៗ គ្មាន​ថមថយ​សោះ ។

ស្របគ្នា​នឹង​ការ​លើក​ឡើង​របស់​មហាជន​នេះ សមត្ថកិច្ច​មួយ​ចំនួន​ដែល​ដឹង​អំពី​ស្ថានភាព​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​នា​បច្ចុប្បន្ន​នេះ ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ ។ មន្ត្រី​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា សព្វថ្ងៃ​កម្លាំង​អធិការដ្ឋាន​ក្រុង​បាត់ដំបង​មានមុខ​ច្រើន​គ្រាន់បើ​តែ​នៅ​ថ្ងៃ​គោរព​ទង់ជាតិ​ប៉ុណ្ណោះ ។

លុះ​គោរព​ទង់ជាតិ​ចប់​ក៏​ចាប់ផ្ដើម​បាត់​មុខ​អស់ពី​ក្នុង​អធិការដ្ឋាន​ភ្លាម​ៗ​ដែរ ។ អំពើ​ចោរកម្ម​ដែល​កំពុង​កើត​មាន​សព្វ​ថ្ងៃនេះ មាន​ដូច​ជា ចោរលួច ចោរឆក់ ចោរ​កាច់​សោ​លួច​ម៉ូតូ ជា​ពិសេស​ចោរ​គាស់​ផ្ទះ​កើត​មាន​ស្ទើរ​ទាំងយប់​ទាំង​ថ្ងៃ បើ​ទោះជា​ករណី​ខ្លះ​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្ដី ក៏​បទល្មើស​នេះ​ហាក់​គ្មាន​ការ​ថមថយ​ដែរ ដែល​ធ្វើ​ឲ្យ​ប្រជា
ពលរដ្ឋ​ព្រួយបារម្ភ​ខ្លាំង​បំផុត ។

ទោះបី​យ៉ាងណាជុំវិញ​ករណី​ជន​មិន​ស្គាល់​សាវតារ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​ជនបរទេស​ខាងលើ​នេះ បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​យើង​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​ជនសង្ស័យ​នៅឡើយ​ទេ តែ​កម្លាំង​ជំនាញ​បាន​និង​កំពុង​ដុតដៃដុតជើង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ហើយ ៕

អត្ថបទសរសេរ ដោយ