ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​គ្រោង​បើក​ច្រក​ទ្វារ​អន្តរជាតិ​បន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ បើក​ច្រក​ទ្វារ​អន្ដរជាតិ​ថ្មី​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ និង​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ។ អភិបាលរង​ខេត្តឧត្តរមានជ័យ លោក…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ បើក​ច្រក​ទ្វារ​អន្ដរជាតិ​ថ្មី​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ និង​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ។

អភិបាលរង​ខេត្តឧត្តរមានជ័យ លោក ឃិ​ន ញ៉ា​ន បាន​ឲ្យ​ដឹង​នា​ពេល​ថ្មី​ៗ​នេះ​ថា ច្រក​ទ្វារ​អន្ដរជាតិ​ដែល​នឹង​បើក​ឲ្យ​ដំណើរការ​នៅ​ពេល​ខាង​មុខ​នេះ មាន​ច្រក​អន្លង់​វែង និង​ច្រក​ជប់​គគីរ ខណៈ​បច្ចុប្បន្ន​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​មួយ​នេះ មាន​ច្រក​ទ្វារ​អន្ដរជាតិ​អូ​ស្មាច់ និង​ច្រក​ជាំ​ស្រ​ង៉ាំ​រួច​ទៅ​ហើយ ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ថៃ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា ។
លោក​បន្ត​ថា ៖« ការ​បើក​ច្រក​អន្ដរជាតិ​ទាំងនេះ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ឲ្យ​មក​ទស្សនា នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​នានា នៅ​ក្នុង​ខេត្ត​ឧត្ត​មាន​ជ័យ និង​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ប្រទេស​ជិតខាង »​។

លោក ឃិ​ន ញ៉ា​ន បាន​បន្ត​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ មាន​កំណើន​កើនឡើង ។ សម្រាប់​ខេត្តឧត្តរមានជ័យ ដែល​មាន​ច្រក​ទ្វារ​ព្រំដែន​ចំនួន​៣ និង​ច្រក​អន្ដរជាតិ​មួយ​ដែរ ប៉ុន្ដែ​នៅ​តំបន់​ទ្វេភាគី ដែល​មាន​ច្រក​អូ​ស្មាច់ ច្រក​អន្លង់​វែង និង​ច្រក​ជប់​គគីរ តែ​យើង​នឹង​បើក​ជា​ច្រក​អន្ដរជាតិ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ ។ លោក​បញ្ជាក់​ថា ៖« ការ​បើក​ច្រក​នេះ​គឺ​យើង​រំពឹង​ថា នឹង​មានការ​ដោះ​ដូរ​ទំនិញ​ទៅ​វិញ​ទៅ​មករ​វាង​កម្ពុជា​-​ថៃ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ជីវភាព​ប្រសើរ​ជាង​មុន​ច្រើន​។ ចំណែក​វិស័យ​ទេសចរណ៍​គឺ​អាច​ចូល​លេង​តំបន់​យើង ហើយ​ភ្ញៀវ​អាច​ឆ្លងកាត់ ទោះ​មិន​បាន​ស្នាក់​នៅ​ឧត្តរមានជ័យ ប៉ុន្ដែ​ភ្ញៀវ​ទេសចរ​ក៏​បាន​ចត​នៅ​ឧត្តរមានជ័យ​ដែរ »​។ បន្ថែម​លើ​នេះ លោក​ថា ៖« ភ្ញៀវ​ទេសចរ​ក៏​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប តាម​ច្រក​យើង​ពីរ​នេះ នៅ​ច្រក​អូ​ស្មាច់ និង​ច្រក​ជាំ​ស្រ​ង៉ាំ ។ ហេតុនេះ​ភ្ញៀវ​ទេសចរ​នៅ​ពេល​ទៅ​ដល់​គោលដៅ ពួក​គាត់​អាច​ស្នាក់​នៅ​នៅ​ខេត្តសៀមរាប ហើយ​កាលណា​ភ្ញៀវ​មក​លេង​បាន​ច្រើន អីចឹង​យើង​នឹង​ទទួល​បាន​ចំណូល​ពី​វិស័យ​នេះ​ច្រើន​តាម​រយៈ​ការ​ផ្ដល់​សេវា​ផ្សេង​ៗ »​។

លោក​បន្ថែម​ថា នៅ​តាម​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​នានា ក៏​ដូច​ជា​តាម​ភោជនីយដ្ឋាន និង​សណ្ឋាគារ អាជ្ញាធរ​ខេត្ត​បាន​ណែនាំ​ដល់​គ្រប់​អាជីវក​ទាំងអស់​ឲ្យ​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ស្រប​តាម​ពាក្យស្លោក ដែល​បាន​លើក​ឡើង​ថា រម​ដ្ឋា​ន​ស្អាត សេវាកម្ម​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ។

នៅ​ក្នុង​ខេត្តឧត្តរមានជ័យ មាន​រមណីយដ្ឋាន​ប្រជាវ​ត្តិ​សាស្ដ្រ​ជា​ច្រើន ដូច​ជា រមណីយដ្ឋាន​អន្លង់​វែង សារមន្ទីរ​ផ្ទះ​តា​ម៉ុ​ក ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី និង​រមណីយដ្ឋាន​ផ្សេង​ៗ​ទៀត ។ ការ​បើក​ច្រកព្រំដែន​បន្ថែម​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់​គោលដៅ​តាម​ការ​ប្ដេជ្ញា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដែល​បាន​សន្យា​កន្លង​មក​ផង​ដែរ ។ យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រួម​រវាង​កម្ពុជា​-​ថៃ មាន​ចំនួន​ជាង​៨​ពាន់​លាន​ដុល្លារ​កើនឡើង​៣៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុង​នោះ​ការ​នាំ​ចូល​ពី​ប្រទេស​ថៃ​មាន​ទំហំ​ជាង​៧​ពាន់​លាន​ដុល្លារ និង​ការ​នាំ​ចេញពី​កម្ពុជា​ទៅ​ថៃ មាន​ទំហំ​ប្រមាណ​៧៦៨​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថ្មី​ៗ​នេះ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​រួម​រវាង​កម្ពុជា​-​ថៃ នឹង​មាន​ទំហំ​កើនឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០ តាម​ការ​រំពឹង​ទុក ខណៈ​ទំ​ទាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស​ការ​ចរន្ត​ផ្នែក​ពាណិជ្ជកម្ម​។ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ឈួ​ន ដា​រ៉ា បាន​មាន​ប្រសាសន៍​ថា ៖« ប្រទេស​ទាំង​ពីរ បាន​ដាក់​គោលដៅ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​កើនឡើង​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។ ដោយ​ឈរ​លើ​គោលការណ៍​កាន់តែ​រឹង​មាំ ទាំង​ផ្នែក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដូច្នេះ​សន្ទុះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នឹង​អាច​កើនឡើង​ដល់​ការ​កំណត់​ទៅ​តាម​ការ​រំពឹង​ទុកជា​មិន​ខាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ