ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ថ្ងៃអាទិត្យ​នេះ កីឡាករ​ណា​ដណ្តើម​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ពានរង្វាន់​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ ISI PALM ទម្ងន់​៦០​គីឡូក្រាម រដូវ​កាល​ទី​៤ វគ្គ​សន្សំ​ពិន្ទុ​នៅ​លើ​សង្វៀន​ស៊ី​អិុ​ន​ស៊ី ថ្ងៃអាទិត្យ ទី​១០…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​ដណ្ដើម​ពានរង្វាន់​អន្តរជាតិ ISI PALM ទម្ងន់​៦០​គីឡូក្រាម រដូវ​កាល​ទី​៤ វគ្គ​សន្សំ​ពិន្ទុ​នៅ​លើ​សង្វៀន​ស៊ី​អិុ​ន​ស៊ី ថ្ងៃអាទិត្យ ទី​១០ ខែកុម្ភៈ បាន​ឈាន​ចូល​មក​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ​។

គេ​នៅ​ចាំ​បាន​ថា សម្រាប់​ការ​ប្រកួត​កាល​ជុំ​ទី​១ ថ្ងៃ​បើក​ឆាក កីឡាករ​កម្ពុជា​ចំនួន​២​រូប គឺ សុខ សា​វិ​ន មក​ពី​ក្លិប​ឆ្មាស​សែន​សុខ​គុន​ខ្មែរ និង​កីឡាករ លី ភា មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង បាន​ធ្វើ​ឱ្យ​របូត​បាត់​អស់​៣​ពិន្ទុ​ម្នាក់​ជា​លើក​ដំបូង​។

ដោយឡែក​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ដែល​មាន​បេក្ខភាព​កីឡាករ ឃឹម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ និង​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក គេ​សង្ឃឹមថា នឹង​មិន​ដើរ​ជាន់​ដាន​ចាស់​មិត្ត​រួម​អាជីព​២​នាក់​ខាងលើ​នោះ​ឡើយ​។ តែ​ទោះជា​យ៉ាងណា ចំពោះ​ការ​ចាញ់​របស់​កីឡាករ សុខ សា​វិ​ន​និង លី ភា កាលពី​ស​ប្ដា​ហ៍​មុន​គឺ​បាន​ចាញ់​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ​។

ចំណែក​នៅ​ក្នុ​ស​ប្ដា​ហ៍​នេះ ឃឹម បូ​រ៉ា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Prab Sor Thebpithak ខណៈ សួន ចាន់​នី ជួប​ប្រកួត​ជាមួយ Phit Nginthong​។ រីឯ​កីឡាករ​ថៃ​ដែល​ត្រូវ​ប៉ះ​ជាមួយ ឃឹម បូ​រ៉ា លើក​នេះ បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ពិតជា​មិន​អន់​នោះ​ទេ​។

កីឡាករ​ថៃ​Thebpithak ធ្លាប់​ប្រកួត​បាន​៦៧​ដង ឈ្នះ​៤៥​ដង ស្មើ​២​ដង ចាញ់​២០​ដង និង​ផ្ដួល​គូប្​រកួត​ឱ្យ​សន្លប់​៥​ដង​។ ចំណែក ឃឹម បូ​រ៉ា​វិញ ធ្លាប់​ប្រកួត​បាន​៨៩​ដង ឈ្នះ​៦២​ដង ស្មើ​១ ចាញ់​២៦​ដង​និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២៦​ដង ប៉ុន្តែ​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត ឃឹម បូ​រ៉ា​នៅ​មាន​សង្ឃឹម​ច្រើន ក្នុង​ការ​យកឈ្នះ​ដើម្បី​ដណ្ដើម​យក​៣​ពិន្ទុ​ជា​លើក​ដំបូង​មក​ទុក​នៅ​ក្នុង​ដៃ​។

សម្រាប់​ការ​ជួប​គ្នា​ជា​លើក​ទី​១ រវាង​កីឡាករ សួន ចាន់​នី និង​កីឡាករ​ថៃ Phit Nginthong វិញ​នោះ គូ​នេះ​មាន​ប្រវត្តិ​ប្រកួត​ខុស​គ្នា​ដាច់​ស្រឡះ គឺ សួន ចាន់​នី មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង ដែល​មាន​រហូត​ដល់​ទៅ​១២៣​ដង​ឯណោះ ឈ្នះ​៩៧​ដង ស្មើ​តែ​៤​ដង ចាញ់​៣២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​រហូត​ដល់​ទៅ​៥៤​ដង​។

កីឡាករ​ថៃ​វិញ​ប្រវត្តិ​ប្រកួត​របស់​គេ​មាន​ត្រឹមតែ​៧៧​ដង ឈ្នះ​៦០​ដង ស្មើ​៥​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង​។​ដូច្នេះ​សម្រាប់​ការ​ប្រ​កួ​លើក​នេះ សួន ចាន់​នី គេ​មាន​ជំនឿ​ចិត្ត​យ៉ាងច្រើន​ក្នុង​ការ​ដណ្ដើម​យក​៣​ពិន្ទុ​ពី​កីឡាករ​ថៃ​។

គូប្រកួត​មិត្តភាព​វិញ​នោះ សេក គឹ​ម​សាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phayak Khamrun ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ យិ​ប ឌុ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មានជ័យ​ប្រកួត​ជាមួយ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ខណៈ សែត ពិសិដ្ឋ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ សេក គឹ​ម​ហុង មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ