ឱជីវិត​​​អើយជីវិត​​…​លំបាកទៅៗ​​​​ក៏​​​ងើប​​​លែង​​​​​​​រួច​​


ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​កំពុង​រស់នៅ​យ៉ាង​សែន​លំបាក​ក្នុង​ខ្ទម​កម្សត់​តូច​មួយ ​ដោយ​យក​ភួយ​ធ្វើ​ជា​កន្ទេល ឯ​កន្ទេល​ធ្វើ​ជាដំបូល​លើ​ដី​ចំណី​ផ្លូវ និង​រស់នៅ​អាស្រ័យ​អ្នកស្រុក​ ក៏​ដូច​ជា​អាជ្ញាធរ​ផ្តល់​ឱ្យ​ តើ​មូល​ហេតុ​អ្វី​បានជា​បុរស​រូប​នេះ​រស់​ក្នុង​ស្ថានភាព​វេទនា​តោកយ៉ាក​បែប​នេះ ?

បុរស​ខាងលើ​ឈ្មោះ ស៊ា​ង នឿ​ន អាយុ​៣៩​ឆ្នាំ ជា​ជន​ពិការ​ជើង​ស្តាំ​ ដោយសារ​គ្រោះថ្នាក់​ដួល​លើ​ទូក​នេ​សាទ​​ថៃ ក្នុង​ខេត្ត​រ៉ា​ក់​យ៉ង កាលពី​ជាង​៥​ឆ្នាំ​មុន និង​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។ បុរស​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់​ត្រូវ​គេ​បាញ់​ស្លាប់​តាំងពី​សម័យ​សង្គ្រាម ខណៈ​ម្តាយ​មាន​ប្តី​ក្រោយ​រស់នៅ​ឯ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

បុរស​ដដែល​បន្ត​ថា ខ្លួន​ជា​កូនទោលពុំ​មាន​បងប្អូន​ទៀត​ឡើយ ។ ដោយសារ​ខឹង​ម្តាយ​មាន​ប្តី​ក្រោយ​ពិបាក​រស់នៅ​ជាមួយ ខ្លួន​ក៏​ទៅ​ធ្វើ​ជា​ពលករ​លើ​ទឹកដី​ថៃ​នៅ​ខេត្ត​រ៉ា​ក់​យ៉ង ជា​កម្មករ​លើ​ទូក​នេសាទ ។ លុះ​មាន​គ្រោះថ្នាក់​របួសធ្ងន់​ដោយសារ​ជាន់​ផ្កាថ្ម​ដួល លើ​ទូក​នេសាទ​ថៃ​ ខ្លួន​ក៏​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ ។ បុរស​ដដែល​បន្ត​ថា ពី​មុន​រស់នៅ​ជាមួយ​គ្រួសារ​មួយ​ក្នុង​ភូមិ​ដែរ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​គ្រួសារ​ដែល​ខ្លួន​ធ្លាប់​សុំ​រស់នៅ​ជាមួយ​គេ​លក់​ដី គាត់​ក៏​ទៅ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ជាទី​តាំង​បច្ចុប្បន្ន​តែ​ម្តង ។

បុរស​កម្សត់​និយាយ​ថា កន្លង​មក ​ពេល​ជំងឺ​រើ​ម្តង​ៗ​គាត់​មានការ​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត​ ហើយ​បាន​ទៅ​មន្ទីរពេទ្យ​រដ្ឋក្នុងស្រុក​ថ្មពួក ដើម្បី​សម្រាក​ព្យាបាល​ដែរ ។ បុរស​រូប​នេះ​បន្ត​ថា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គេ​មិន​យក​ប្រាក់​ទេ ប៉ុន្តែ​សំខាន់​គាត់​គ្មាន​ប្រាក់​ធ្វើ​សោហ៊ុយ​ចុះឡើង និង​សម្រាប់​ចាយវាយ​នៅ​ក្នុង​មន្ទីរពេទ្យ ។

គ្រួសារ​មួយ​ជា​អាជីវករ​លក់​គ្រឿងទេស​នៅ​ជាប់​ផ្លូវ​ចូល​ទៅ​ច្រករបៀង​ប្រាសាទ​ត្បែង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា បុរស​ខាងលើ​ជា​មនុស្ស​ត្រឹមត្រូវ មិនមែន​ជា​មនុស្ស​វិកលចរិត​ ឬ​មនុស្ស​ឆ្កួត​ទេ ។
គ្រួសារ​ខាងលើ​បន្ត​ថា ដោយសារ​ការ​អាណិតអាសូរ​គ្រួសារ​គាត់​ក៏​ដូច​ជា​អ្នកស្រុក ថែម​ទាំង​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ភូមិ​តែងតែ​ផ្តល់​បាយ​ទឹក ជូន​សម្លៀក​បំពាក់ ជូន​ជា​អង្ករ និង​ពេល​ខ្លះ​ជា​ប្រាក់​ដើម្បី​ទិញ​នំចំណី​ហូប​ទៀត​ផង ។

បុរស​កម្សត់​ខាងលើ​និយាយ​ថា ខ្លួន​ចង់ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ ប៉ុន្តែ​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​សោ​ហ៊ុយ​ និង​សម្រាប់​ចាយវាយ​ពេលដេក​ព្យាបាល ព្រោះ​ខ្លួន​គ្មាន​សាច់ញាតិ​ គឺជា​ជីវិត​ឯកោ ។ គាត់​ក៏​មិន​ភ្លេច​អំពាវនាវ​សុំ​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស មេត្តា​ជួយ​ដល់​រូប​គាត់​យក​តែ​បុណ្យ​ផង ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ