ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឯកជន​បោះទុន​វិនិយោគ​កាន់តែ​ធំ​នៅ​ក្នុង​វិស័យ​អប់រំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ទៅ​លើ​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ពីក្រោម​ថ្នាក់​ម​ត្ដេ​យ្យរ​ហូត​ដល់​ថ្នាក់ឧត្តម​សិក្សា មានការ​បោះទុន​វិនិយោគ​កាន់តែ​ធំ​ឡើង​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ស្តង់ដា​អប់រំ និង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ភាសា​អេ អាយ…

រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​វិនិយោគ​របស់​វិស័យ​ឯកជន​ទៅ​លើ​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ពីក្រោម​ថ្នាក់​ម​ត្ដេ​យ្យរ​ហូត​ដល់​ថ្នាក់ឧត្តម​សិក្សា មានការ​បោះទុន​វិនិយោគ​កាន់តែ​ធំ​ឡើង​ៗ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​ស្តង់ដា​អប់រំ និង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន ។ នេះ​បើ​តាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ភាសា​អេ អាយ អាយ បាន​លើក​ឡើង ។

លោក​ឧកញ៉ា គួ​ច ម៉េ​ង​លី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៣០ ខែមករា កន្លង​មក​ថា នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មកនេះ ការ​ចូលរួម​ពី​វិស័យ​ឯកជន​ក្នុង​វិស័យ​អប់រំ ពិសេស​ចំណេះដឹង​ទូទៅ​ក្រោម​ថ្នាក់​ម​តេ្ត​យ្យ​ទៅ​ដល់ ថ្នាក់​វិទ្យាល័យ គឺ​មាន​កំណើន​ខ្ពស់ ដោយសារ​ទទួល​បាន​គាំទ្រ​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ និង​មានការ​រុញច្រាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ដូច្នេះ ជា​ហេតុ​ធ្វើ​ឱ្យ​វិស័យ​ឯកជន​មានការ​ចូលរួម​បោះទុន​វិនិយោគ​ច្រើន​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

លោក​ឧកញ៉ា លើក​ឡើង​ថា ៖« ១០​ឆ្នាំ​មុន​ការ​អប់រំ​មិន​ថា​វិស័យ​ឯកជន​ឬ​រដ្ឋ​នោះ​ទេ គឺ​យើង​នៅ​មានការ​ខ្វះខាត​និង​ត្រូវការ​ប​ង្រឹ​ង​ថែម​ទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង ប៉ុន្តែ​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ មិន​ថា​រដ្ឋ​ឬ​ឯកជន​ទេ គុណភាព​អប់រំ​វា​មិនសូវ​ខុស​គ្នា​ប៉ុន្មាន​ទេ អាស្រ័យ​លើ​ការ​និយម​របស់​អាណាព្យាបាល គាត់​ចង់ឱ្យ​កូន​រៀន​នៅ​រដ្ឋ​ឬ​ឯកជន »​។

លោក ឌី ខាំ​បូ​លី មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា​មាន​ប្រសាសន៍​ថា ការ​ចូលរួម​វិនិយោគ​លើ​វិស័យ​អប់រំ តាម​រយៈ​វិស័យ​ឯកជន មានការ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ ហើយ​កន្លង​មក​យើង​ឃើញ​ថា​មានការ​កើនឡើង​នៅ​គ្រប់​កម្រិតសិក្សា​ទាំងអស់​រាប់​ពី​ថ្នាក់​ម​តេ​យ្យ​ដល់​ឧត្តម​សិក្សា ។ លោក​បញ្ជាក់​ថា ៖« មក​ដល់​ឆ្នាំ​២០១៨ គ្រឹះស្ថាន​អប់រំ​នៅ​ទូ​ទាំង​ប្រទេស​មាន​ប្រមាណ​ជាង​១,៣​ម៉ឺន​សាលា ក្នុង​នោះ​សាលា​បឋម​សិក្សា​មាន​ប្រមាណ​៨​ពាន់​សាលា​, អនុ​វិទ្យាល័យ​១,៣​ពាន់ និង​វិទ្យាល័យ​មាន​ជាង​៥០០ ។ ចំណែក​គ្រឹះស្ថាន​អប់រំ​វិស័យ​ឯកជន​មាន​ប្រមាណ​១.២២០​សាលា​នៅ​គ្រប់​កម្រិតសិក្សា »​។

លោក​លើក​ឡើង​ថា ៖« កន្លង​មក​ក៏​ដូច​បច្ចុប្បន្ន​នេះ ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាល​ឯកជន​ច្រើន​ឬ​រដ្ឋ​ច្រើន វា​មិនមែន​ជា​បញ្ហា​នោះ​ទេ ព្រោះ​ប្រទេស​យើង​គោរព​តាម​ទីផ្សារសេរី​។ អ្នក​ណា​ធ្វើ​បាន​ល្អ អ្នក​នោះ​ទទួល​បាន​ផល តែ​បច្ចុប្បន្ន​សាលា​រដ្ឋ​យើង​ក៏​មានការ​រីក​ចម្រើន​មិន​អន់​ជាង​សាលា​ឯកជន​ប៉ុន្មាន​ដែរ ហើយ​នៅ​ថ្ងៃ​អនាគត ក្រសួង​បង្កើន​គុណភាព ប្រសិទ្ធភាព និង​ការ​គ្រប់គ្រង​ក៏​ដូច​ការ​បង្រៀន និង​ការ​រៀន​។ ជាក់​ស្តែ​នៅ​សាលា​ជំនាន់​ថ្មី​ដែល​បាន​បង្កើត​ឡើង​ចំនួន​១១​សាលា​នៅ​ទូ​ទាំង​ប្រទេស គឺ​មាន​មាតាបិតា​យក​កូន​មក​ចុះ​ឈ្មោះ​ចូល​រៀន​ច្រើន សឹងតែ​រក​មិន​បន្ទប់​ឱ្យ​រៀន​គ្មាន »​។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ ក្រសួង​មាន​យុទ្ធសាស្ត្រ​អប់រំ ក្នុង​ការ​ពង្រីក​វិសាលភាព គុណភាព​អប់រំ​នេះ មាន​គ្រប់​កម្រិត និង​គ្រប់​ផ្នែក​ទាំងអស់​នៃ​អនុ​វិស័យ​អប់រំ​នេះ​។ ក្រសួង​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៣ ដើម្បី​ធានា​ឱ្យ​មាន​កំណើន​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​, អត្រា​បញ្ចប់​ការ​សិក្សា​កើនឡើង ក៏​ដូច​កាត់​បន្ថយ​អត្រា​បោះបង់​ការ​សិក្សា​របស់​សិស្ស​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ