រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់និងស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ប្រមាណ១០ប៊ីលានដុល្លារ កើនឡើងប្រមាណ២៤,៧% បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា ។
របាយការណ៍ដដែលបញ្ជាក់ថា ៖«ការនាំចេញផលិតផលកាត់ដេរនិងស្បែកជើងក្នុងឆ្នាំ២០១៨មានប្រមាណជាង៧៣,៧% នៃការនាំចេញសរុប ក្នុងនោះសម្រាប់ផលិតផលសម្លៀកបំពាក់មាន៦៦% និងស្បែកជីងមាន៨% »។
របាយការណ៍លើកឡើងថា ការនាំចេញសម្លៀកបំពាក់និងស្បែកជើងបានកើនឡើង២៤,៧% ស្របពេលការនាំចេញផលិតផលចម្បងៗផ្សេងទៀតដូចជា ទោចក្រយាន បរិក្ខារអគ្គិសនី និងគ្រឿងបន្លាស់យានយន្ត បានរួមចំណែកដល់កំណើននាំចេញសរុប ។ ការធ្វើពិពិធកម្មលើមុខទំនិញនាំចេញបាននិងកំពុងកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលិតផលសម្លៀកបំពាក់និងស្បែងជើងជាលំដាប់ បើទោះបីជាការនាំចេញទាំងនេះបន្តមានសមាមាត្រធំនៅក្នុងការនាំចេញសរុបក៏ដោយ ។
របាយការណ៍បញ្ជាក់ថា ៖« សមាមាត្រនៃការនាំចេញផលិតផលកាត់ដេរបានថយចុះពី៦៩% មក៧៦% ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នពលកម្មក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមានចំនួនប្រមាណ៨០ម៉ឺននាក់។ ចំនួនរោងចក្រសរុបមានប្រមាណ១.៥៨៥រោងចក្រកើនឡើង៤,១% បើធៀបនឹងឆ្នាំ២០១៧ ក្នុងនោះរោងចក្ររោងចក្រដែលបើកថ្មីមាន១៤៦រោងចក្រ។ ទន្ទឹមនឹងនេះរោងចក្រផលិតទំនិញសម្រាប់នាំចេញបានកើនឡើងគួរឱ្យកត់សម្គាល់ដែលបង្ហាញពីឥទ្ធិពលវិជ្ជមានពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មកលើវិស័យនេះ » ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានមានប្រសាសន៍កន្លងមកថា ៖« មកដល់បច្ចុប្បន្នសមាគមមានរោងចក្រជាសមាជិកប្រហែល៦០០រោងចក្រ ដែលផ្តល់ការងារទៅដល់ពលរដ្ឋខ្មែរ ប្រមាណ៧៨ម៉ឺននាក់ ហើយផលិតផលក្នុងវិស័យកាត់របស់កម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបមានរហូតជាង៤០% បន្ទាប់មកមាន អាមេរិក,កាណាដា និងជប៉ុន តែទន្ទឹមនឹងនេះយើងកំពុងព្យាយាមរកទីផ្សារនៅប្រទេសផ្សេងៗ ដូចប្រទេសរុស្ស៊ី និងចិនជាដើម »។
លោក ង៉ែត ជូ អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចនិងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consultingបានលើកឡើងក្នុងបណ្ដាញហ្វេសប៊ុកផ្លូវការរបស់លោកថា ៖« ចង់ឃើញកម្ពុជាមានស្វ័យភាពផ្នែកសេដ្ឋកិច្ចដោយឈប់ពឹងផ្អែកលើប្រពន្ធ័អនុគ្រោះពន្ធ និងជំនួយនានាពីបរទេស ប៉ុន្តែការដកEBA នៅពេលនេះលឿនពេក កម្ពុជាមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់នោះទេ »។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាអះអាងថា ៖« ការដកEBAពីកម្ពុជា វានឹងនាំឱ្យភាពរីកចំរើនរបស់វិស័យកាត់ដេរជាង២ទសវត្សរ៍ត្រូវបំផ្លាញ និងកម្មករ ព្រមក្រុមគ្រួសាររបស់កម្មករដែលអាស្រ័យផលក្នុងវិស័យនេះប្រមាណ២លាននាក់ជួបនឹងបញ្ហាជីវភាពរស់នៅ »៕
ចែករំលែកព័តមាននេះ