ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ​អេ​ឡិច​ត្រូ​លី​ត្រ

5 ឆ្នាំ មុន

អេ​ឡិច​ត្រូ​លី​ត្រ គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់ ហើយ​ចាំបាច់​ណាស់​ក្នុង​ការ​រក្សា​បាន​នូវ​តុល្យភាព pH និង​ជាតិ​ទឹក​ត្រឹមត្រូវ​ក្នុង​រាង​កាយ ។ អ​តុល្យភាព ឬ​កង្វះ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​បង្ក​បញ្ហា​ចំពោះ​សាច់ដុំ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន រួម​ទាំង​អាការ​អស់កម្លាំង​, រមួល​សាច់ដុំ…

អេ​ឡិច​ត្រូ​លី​ត្រ គឺជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់ ហើយ​ចាំបាច់​ណាស់​ក្នុង​ការ​រក្សា​បាន​នូវ​តុល្យភាព pH និង​ជាតិ​ទឹក​ត្រឹមត្រូវ​ក្នុង​រាង​កាយ ។ អ​តុល្យភាព ឬ​កង្វះ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​បង្ក​បញ្ហា​ចំពោះ​សាច់ដុំ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន រួម​ទាំង​អាការ​អស់កម្លាំង​, រមួល​សាច់ដុំ ឬ​រមួលក្រពើ​, ស្ពឹក និង​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី ។

អេ​ឡិច​ត្រូ​លី​ត្រ​ដែល សំខាន់​ៗ​សម្រាប់​រាង​កាយ រួម​បញ្ចូល​ទាំង​ជាតិ​ប៉ូ​តា​ស្យូ​ម​, សូ​ដ្យូ​ម​, ម៉ា​ញ៉េ​ស្យូ​ម​, កាល់ស្យូម​, ក្លរ និង​ផូស្វ័រ ។ អ្នក​កំពុង​ខ្វល់ចិត្ត​មិនដឹង​ថា​តើ​អាហារ​ណាខ្លះ​ជា​ប្រភព​ធម្មជាតិ​នៃ​អេ​ឡិច​ត្រូ​លី​ត្រ​មែន​ទេ ? ប្រភព​ធម្មជាតិ​ដ៏​ប្រសើរ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ ៖

១. ផ្លែ​ចេក ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​, សារធាតុចិញ្ចឹម រួម​ទាំង​អេ​ឡិច​ត្រី​លី​ត្រ​។ ចេក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប៉ូ​តា​ស្យូ​ម​, ម៉ា​ញ៉េ​ស្យូ​ម​, ម៉​ង់​កា​ណែ​ស​, វីតាមីន B6, ជាតិ​ស​សៃ​, វីតាមីន C, វីតាមីន A, ប្រូតេអ៊ីន​, ជាតិ​ដែក ដែល​សុទ្ធសឹងតែ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ទ្រទ្រង់​រក្សាសុខ​ភាព​រាង​កាយ ។

២. អង្ករសម្រូប ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម និង​អេ​ឡិច​ត្រូ​លី​ត្រ​ធម្មជាតិ ។ អង្ករសម្រូប​មាន​ផ្ទុក​ជាតិ​កាឡូរី​ទាប ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​, ផូ​ស្វ៊័​រ​, ម៉​ង់​កា​ណែ​ស​, ទង់ដែង​, សេ​លេ​ញ៉ូ​ម និង​វីតាមីន B3 ។ វា​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់​ផង​ដែរ ហើយ​ជាតិ​ខ្លាញ់ ឬ​ប្រេង​ក្នុង​អង្ករសម្រូប​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ ។

៣. ទឹកដូង ៖ ទឹកដូង គឺ​ប្រសើរ​ណាស់​សម្រាប់​សុខភាព ហើយ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ ។ វា​ដើរតួ​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បែប​ធម្មជាតិ​ជួយ​បន្ថែម​ថាមពល និង​បំពេញ​ជាតិ​រ៉ែ ក៏​ដូច​ជា​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​បាត់បង់​នៅ​ពេល​អ្នក​បែកញើស​ច្រើន ឬ​មាន​ជំងឺ​គ្រុនក្ដៅ​។ ទឹកដូង​ក៏​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​វីតាមីន B និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ធ្វើ​ឱ្យ​វា​មាន​លក្ខណសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ ។

៤. បន្លែ​បៃតង ៖ បន្លែ​បៃតង​អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ សំខាន់​ៗ ។ ដូច្នេះ​បន្ថែមបន្លែ​បៃតង​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​ជាតិ​អេ​ឡិច​ត្រ​លី​ត្រ​គ្រប់គ្រាន់ ។

៥. ស៊ុត ៖ ស៊ុត​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​អត្ថប្រយោជន៍​សុខភាព​ជា​ច្រើន ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ riboflavin, ផូស្វ័រ​, វីតាមីន B12, choline និង​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ចាំបាច់​ដូច​ជា អ៊ី​យ៉ូ​ដ និង​សេ​ឡេ​ញ៉ូ​ម ។ ហើយ​ស៊ុត​ក៏​ជា​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​អេ​ឡិច​ផង​ដែរ ។

៦. ទឹកក្រូច​ឆ្មារ ៖ ជា​ប្រភព​ដ៏​ល្អ​នៃ​អេ​ឡិច​ត្រូ​លី​ត្រ ។ ទឹកក្រូច​ឆ្មារ​ជា​ជម្រើស​នៃ​ភេសជ្ជៈ​ប្រសើរ​បំផុត​មួយ ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ម៉ា​ញ៉េ​ស្យូ​ម ហើយ​ជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​រាង​កាយ​បាន​យ៉ាង​ប្រសើរ ។ វា​ក៏​មាន​ផ្ទុក​ជាតិ​កាល់ស្យូម និង​សូ​ដ្យូ​ម​ខ្លះ​ផង​ដែរ ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ទ្វេ​ដង​ចូរ​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹកឃ្មុំ​, ទឹក និង​អំបិល​បន្តិច ។ អ្នក​អាច​បន្ថែម​ទឹកដូង​ជំនួស​ទឹក​ធម្មតា​ក៏​បាន​ដើម្បី​បង្កើន​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​ឆាប់រហ័ស ។

៧. ត្រី​សាល​ម៉ុ​ន ៖ មិន​ត្រឹមតែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ត្រី​សាល​ម៉ុ​ន មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ និង​សារធាតុចិញ្ចឹម រួម​បញ្ចូល​ទាំង ម៉ា​ញ៉េ​ស្យូ​ម​, ផូស័្វ៊រ និង​កាល់ស្យូម ។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​អាស៊ីត​អា​មី​ណូ​ចាំបាច់​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣, ស័ង្កសី​, ជាតិ​ដែក​, វីតាមីន A, B6, D និង E​។

អ្នកជំនាញ​ជា​ច្រើន​ណែនាំ​ឱ្យ​ទទួលទាន​ត្រី​សាល​ម៉ុ​ន និង​ត្រី​ផ្សេង​ទៀត​យ៉ាង​ហោច​ណាស់ ២ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។

៨. គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ ៖ គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​សឹងតែ​គ្រប់​ប្រភេទ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ ប៉ុន្តែ​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ដែល​មាន​លក្ខណៈ​សរីរាង្គ​គ្មាន​ការ​កែ​ច្នៃ ។ ជម្រើស​ដ៏​ល្អ​បំផុត គឺ​គ្រាប់​អាល់​ម៉ុ​ន​, គ្រាប់ស្វាយចន្ទី​, គ្រាប់​វ៉ាល់​ណឺ​ត​, គ្រាប់ល្ង​, គ្រាប់​ផ្កា​រីករាយ​, គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់​សណ្ដែកដី (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ