រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) បានចំនួន៨.៧៩១,៤០ប៊ីលានរៀល ឬប្រមាណ២.១៩៧,៨៥លានដុល្លារ ស្មើនឹង១១៤,២៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ កើន១៣,៣៧% ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ ប្រចាំឆ្នាំ២០១៨ និងសមិទ្ធផល៥ឆ្នាំ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ កន្លងមក ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានបង្ហាញថា ក្នុងខែធ្នូ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានប្រមាណជា១៤២,៥២លានដុល្លារស្មើនឹង៧,៤១%នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែធ្នូ ឆ្នាំ២០១៧ ឃើញថា កើនឡើងប្រមាណ៣១,៤៤លានដុល្លារ ស្មើនឹង២៨,៣១%។
លោកបញ្ជាក់ថា សរុបរយៈពេល១២ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន៨,៧៩១.៤០ប៊ីលានរៀល ស្មើប្រមាណ២.១៩៧,៨៥លានដុល្លារ ស្មើនឹង១១៤,២៧% នៃផែនការប្រចាំឆ្នាំ ដែលក្នុងនោះ ទំហំចំណូលលើសផែនការ ស្មើនឹងប្រមាណ២៧៤,៤៧លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៧ ឃើញថា ចំណូលពន្ធ-អាករ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៨ កើនឡើងប្រមាណជា២៥៩,១៥លានដុល្លារ ស្មើនឹង១៣,៣៧% ។ លោកបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារសម្រេចបាននូវកំណើនចំណូលពន្ធ ក្នុងរង្វង់ប្រមាណ ២០%ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៤ បានប្រមាណ១.០៦៧លានដុល្លារ, ឆ្នាំ២០១៥ បានប្រមាណ១.៣០២លានដុល្លារ, ឆ្នាំ២០១៦ បានប្រមាណ១.៥០២.៦២លានដុល្លារ, ឆ្នាំ២០១៧ បានប្រមាណ១.៩៧៦.៦៤លានដុល្លារ និងឆ្នាំ២០១៨ បានប្រមាណ២.១៩៧.៨៥លានដុល្លារ ។
នៅក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការសំខាន់ៗដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធដារធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការឱ្យបានជាអតិបរមា និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ត្រូវប្រកាន់ខ្ជាប់នូវបាវចនា-គោលការណ៍រួម៤ចំណុចសំខាន់ៗ ក្នុងការបំពេញការងាររួមមាន ៖ កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ, ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ, រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និងធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម ៕
ចែករំលែកព័តមាននេះ