រាជធានីភ្នំពេញ ៖ មិនត្រូវបោះបង់នគរបាល អសកម្មនោះទេ គឺអប់រំនគរបាលអសកម្មឲ្យក្លាយជានគរបាលបម្រើពលរដ្ឋ ។ នេះបើតាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
សម្តេចក្រឡាហោម ស ខេង បានប្រកាសថា មន្ដ្រីនគរបាលដែលមិនគោរពវិន័យ និងអសកម្ម មិនត្រូវបោះបង់ពួកគាត់ឡើយ គឺត្រូវអប់រំដុសខាត់ ដើម្បីឲ្យគេក្លាយជាមន្ដ្រីនគរបាលដែលសកម្ម និងគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចាត់បញ្ជូនឲ្យទៅសិក្សា ។ ការប្រកាសនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់នៅកម្ពស់៥ជាន់ និងសមិទ្ធផលនានារបស់បណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ។
សម្តេចឧបកនាយករដ្ឋមន្ដ្រីមហាផ្ទៃបានថ្លែងថា ត្រូវធ្វើការអប់រំមន្ដ្រីនគរបាលអសកម្មឲ្យក្លាយទៅជាមន្ដ្រីនគរបាលល្អ ដើម្បីបំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើយ៉ាងឲ្យមានការគាំទ្រពីពលរដ្ឋ ។ សម្ដេច ស ខេង បានគូសបញ្ជាក់យ៉ាងដូច្នេះ« ចំពោះមន្ដ្រីដែលមិនគោរពវិន័យអសកម្មយើងក៏មិនបោះបង់ពួកគេចោលដែរ ។ យើងខិតខំអប់រំដុសខាត់ ដើម្បីឲ្យគេក្លាយជាមន្ដ្រីដែលសកម្មមន្ដ្រីដែលមានគុណសម្បត្តិគ្រប់គ្រាន់ ហើយនឹងមានឱកាស ដើម្បីនឹងចាត់បញ្ជូនឲ្យមកសិក្សារៀនសូត្រ ដូចមន្ដ្រីដទៃទៀត» ។
ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា កន្លងមករាជរដ្ឋាភិបាលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីទ្រទ្រង់មន្ដ្រីនគរបាលបានសិក្សារៀនសូត្រគ្រប់ៗគ្នា ។ សម្ដេចបន្ថែមថា ផ្ទុយទៅវិញធនធានមនុស្សដែលបានបណ្ដោះបណ្ដាលរួចបែបនេះមានកន្លែងខ្លះមិនឲ្យតម្លៃ និងមិនប្រើពួកគាត់ធ្វើការងារទៅវិញ ដូច្នេះបញ្ហានេះធ្វើឲ្យរាជរដ្ឋាបាលចំណាយថវិកា និងពេលវេលាឥតប្រយោជន៍ ។ នៅចំពោះមុខនគរបាលជាច្រើននាក់សម្តេចក្រឡាហោម ស ខេង បានអំពាវនាវទៅដល់មេអង្គភាពនគរបាលទាំងអស់ត្រូវបញ្ចូនកូនចៅរបស់ខ្លួនឲ្យមកទទួលវគ្គបណ្តុះបណ្តាល និងសិក្សាជំនាញបន្ថែមទៀត ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវបញ្ជូនឈ្មោះអ្នកដដែល ជាពិសេសអ្នកដែលខ្ជិល និងមិនសកម្មការងារក៏មិនត្រូវបណ្តោយឲ្យពួកគេធ្វើតទៅទៀតផងដែរ ។
សម្ដេចបន្ថែមថា រហូតមកដល់ពេលនេះបើធ្វើការប្រៀបធៀបពេលមុនមន្ដ្រីនគរបាលកម្ពុជាមានការវិវត្តន៍រីកចម្រើន និងការយល់ដឹងច្រើនចំពោះបញ្ហាបញ្ជូនមន្ដ្រីមកសិក្សា ។ ក្នុងឱកាសនោះដែរសម្តេចនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានកោតសសើរមន្ដ្រីនគរបាលដែលបានធ្វើការពលីកម្ម ដើម្បីបម្រើពលរដ្ឋទាំងយប់ទាំងថ្ងៃ ដូចជាមន្ត្រីនគរបាលចរាចរណ៍ ធ្វើការទាំងភ្លៀង ទាំងពេលថ្ងៃ៕
ចែករំលែកព័តមាននេះ